មានសង្ឃឹមហើយ!! ក្រុមហ៊ុនធំៗបានកំពុងសម្លឹងរកផ្ទៃដីទំហំ ៣ម៉ឺន ហិកតា វិនិយោគលើដំណាំកប្បាស…
កំពង់ស្ពឺ ៖ ក្រុមហ៊ុនជំនាញរបស់ចិនដ៏ធំមួយបានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការចូលមកបណ្តាក់ទុនវិនិយោគជាច្រើនលានដុល្លារទៅលើការបង្កើតតំបន់ដាំដំណាំកប្បាសនៅលើផ្ទៃដីជាង ៣ម៉ឺនហិកតា ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ខណៈដែលគម្រោងមួយនេះត្រូវបានពិភាក្សាជាជំហានដំបូងជាមួយរដ្ឋបាលខេត្តរួចរាល់។
បន្ទាប់ពីបានធ្វើការសិក្សាពីភាពល្អប្រសើរនៃកត្តាភូមិសាស្ត្រ និងភាពអំណោយផលនៃអាកាសធាតុ ក្រុមហ៊ុនជំនាញវិនិយោគដាំដំណាំកប្បាសដ៏ធំរបស់ប្រទេសចិនបានបង្ហាញពីគោលបំណងនៃការបណ្តាក់ទុនវិនិយោគជាមួយនឹងទំហំទឹកប្រាប់រាប់សិបលានដុល្លារ នៅលើផ្ទៃដីជាង៣ម៉ឺនហិកតា ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នេះថា ក្រុមចិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគលើការដាំដំណាំកប្បាសមួយនេះ គេបានស្វែងយល់ពីភាពល្អប្រសើរដែលទទួលបានពីការវិនិយោគនៅកម្ពុជារួចជាស្រេច។ លោកបានបន្តថា “នៅក្នុងគម្រោងនៃការវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះ អាចមានក្រុមហ៊ុនតូចៗជាច្រើនទៀតដែលស្ថិតនៅប្រទេសចិនចូលរួមសហវិនិយោគ”។
លោកបានមានប្រសាសន៍បន្តទៀតថា “ក្រុមហ៊ុនខាងលើនេះពិតជាមានបំណងមកបណ្តាក់ទុនវិនិយោគ ដោយត្រូវការផ្ទៃដីរហូតដល់ជាង៣ម៉ឺនហិកតា ដែលវា ជាគម្រោងវិនិយោគផ្នែកកសិឧស្សាហកម្មដ៏ធំមួយ។ បច្ចុប្បន្ននេះ យើងមិនមានផ្ទៃដីទំនេរច្រើននោះទេ ក្រៅតែពីដីបង្កបង្កើនផលស្រូវទំហំប្រមាណ១១ម៉ឺនហិកតា ដែលភាគច្រើនជាកម្មសិទ្ធិរបស់វិស័យឯកជន និងប្រជាពលរដ្ឋ ដូច្នេះ សម្រាប់គម្រោងវិនិយោគដាំកប្បាសរបស់ក្រុមហ៊ុនចិនមួយនេះ អាចធ្វើការសម្របសម្រួល ឬទិញដោយផ្ទាល់រវាងក្រុមហ៊ុនវិនិយោគ និងម្ចាស់ដីកម្មសិទ្ធិ ហើយរដ្ឋបាលខេត្តនឹងព្យាយាមជួយសម្របសម្រួលលើការរៀបចំឯកសារ ផ្លូវច្បាប់ជូន”។
បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ស្ពឺ សម្រាប់ផ្ទៃដីវិនិយោគលើផ្នែកកសិឧស្សាហកម្ម រួមមានដីសម្រាប់ដំណាំអំពៅមានទំហំ ៤,៥ម៉ឺនហិកតា និងផ្ទៃដីសម្រាប់ដំណាំស្វាយមានទំហំ ៤,៥ ម៉ឺនហិកតាដូចគ្នា ដែលដំណាំទាំង២ប្រភេទនេះ ត្រូវបានកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅស្រុក ៕
ប្រភព៖ propertyarea