ល្អប្រសើរណាស់!! ប្រទេសជប៉ុនបានបោះទុន ៥២១លានដុល្លារដើម្បីអភិវឌ្ឍន៍តំបន់ឧទ្យានជាតិគិរីរម្យ ឱ្យក្លាយជាទីក្រុងធម្មជាតិ…

ភ្នំពេញ៖ ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd របស់ប្រទេសជប៉ុន បោះទុនវិនិយោគ អភិវឌ្ឍន៍តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ​ (គិរីរម្យ) ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ក្នុងទឹកប្រាក់ ៥២១លានដុល្លាររអាមេរិក ជាមួយដៃគូរវិនិយោគនៅកម្ពុជា។ នេះដោយយោងតាមជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយកក្រុមហ៊ុន A2A Town (Cambodia) Co., Ltd នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៩។

ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានជំរុញវិនិយោគិនជប៉ុន ឱ្យធ្វើការសហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជ​កម្ម ដើម្បីផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ ដែលហ៊ុំព័ទ្ធដោយតំបន់អេកូទេសចរណ៍បៃតង បច្ចេក​​វិទ្យាព័ត៌មានវិទ្យា និងបុរីលំហែសម្រាប់និវត្តន៍ជន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងប្រែក្លាយគម្រោងមួយនេះឱ្យទៅជាគំរូនៃការអភិវឌ្ឍទីក្រុងធម្មជាតិ នៅតាមប្រទេសក្នុងតំបន់។

ជាមួយគ្នានេះដែរ លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា ក៏បានបង្ហាញការគាំទ្រចំពោះគម្រោងនេះ និងបានលើកទឹកចិត្តក្រុមហ៊ុនសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីបង្កើតព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗសំដៅទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ឱ្យចូលមកទស្សនា និងស្វែងយល់អំពីសក្តានុពលនៃទីក្រុងប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ។

ទាក់ទងនឹងគម្រោងនេះ លោក ប៉ាន សូរស័ក្តិ បានកោតសរសើរគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុនជប៉ុន ដែលមានគំនិតវិនិយោគប្រែក្លាយតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ក្លាយទៅជាទីក្រុងអេកូទេសចរណ៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (K.I.T)។ គម្រោងនេះនឹងអាចផ្តល់ឱ្យកូនខ្មែរនូវចំណេះដឹង និងជំនាញពិតប្រាកដពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់នេះប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយការអភិវឌ្ឍបរិស្ថានបៃតង និងឧស្សាហកម្មគ្មានផ្សែង (ទេសចរណ៍) នៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្រាប់ លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា ក៏បានសន្យាថា ក្រុមហ៊ុន A2ATown (Cambodia) Co., Ltd នឹងប្រែក្លាយទីក្រុងនេះឱ្យកាន់តែមានលក្ខណៈទំនើបប្រកបដោយនិរន្តភាព តាមរយៈការនាំមកនូវរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតសម្រាប់និស្សិតខ្មែរ និងជប៉ុន ដែលកំពុងសិក្សានៅ K.I.T ដើម្បីចូលរួមអភិវឌ្ឍន៍ឧស្សាហកម្ម៤.០ ដែលនឹងឆ្លើយតបតម្រូវការទីផ្សារផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន។

សូមជម្រាបថា តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ (គិរីរម្យ) ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ទីនោះ ជាកន្លែងទេសចរប្រវត្តិសាស្រ្តមួយដ៏គួរឱ្យទាក់ទាញ ដែលសម្បូរទៅដោយដើមស្រល់ ជ្រោះជ្រលងដងអូរ ហូរធ្លាក់បង្កើតបានជាតន្ត្រីធម្មជាតិ បំពេអារម្មណ៍ភ្ញៀវដែលមកកម្សាន្តបានល្ហែល្ហើយស្បើយអស់ពីទុក្ខា។ បច្ចុប្បន្ន ក្រុមហ៊ុន A2ATown (Cambodia) Co., Ltd បានផ្តល់អាហារូបករណ៍ពេញថ្លៃសិក្សា ដល់និស្សិតខ្មែរជាង ២០០នាក់ និងបង្កើតការងារជូនប្រជាជននៅមូលដ្ឋាន ប្រមាណជាង ៤៥០នាក់ផងដែរ៕

ប្រភព៖khbmedia

Leave a Reply

Your email address will not be published. Required fields are marked *