មិនចាញ់ស្រុកគេប៉ុន្មានទេ!! គម្រោង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ចុងឆ្នាំ​ ២០២០…

ភ្នំពេញ​៖ ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ដែល​សាងសង់​ លើ​ផ្ទៃដី​ទំហំ​ជាង​ ៨៥​ហិ​កតា​ ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ គ្រោង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​ ២០២០​ ខាងមុខនេះ​ ខណៈ​បច្ចុប្បន្ន​បាន​បញ្ចប់​បង្គុំ​សំណង់​ ១០០​ % ហើយ​កំពុង​ តម្លើង​តំបូល​បន្ត​ទៀត​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ហ្វេ​សបុ​កផ្លូវការ​ Morodok​ Techo​ National​ Stadium​ ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​បាន​នៅ​ថ្ងៃទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​។

សំណង់​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ត្រូវ​បាន​សាងសង់​ជា៣​ ដំណាក់កាល​ ​ដោយមាន​រចនាសម្ព័ន្ធ​កីឡា​សំ​ខាន់​ៗដូចជា​ មណ្ឌលកីឡា​ក្នុង​សាល​ មណ្ឌលកីឡា​ហែលទឹក​ សាល​ហាត់​កីឡា​ប្រយុទ្ធ​ អគារ​ស្នាក់នៅ​ អាហារដ្ឋាន​ ទីលាន​ហ្វឹកហាត់​ក្រៅ​អាគារ​ សាល​វេជ្ជសាស្ត្រ​វិទ្យាសាស្ត្រ​កីឡា​ សាល​ហាត់​សាច់ដុំ​ សាល​កាយសម្ព័ន្ធ​ សាល​កីឡា​បាញ់កាំភ្លើង​ មជ្ឈមណ្ឌល​កីឡា​ហុក​គី​ និង​សាល​កីឡា​ប្រពៃណី​ផង​ដែរ​។

ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ បាន​ស្ថាបនា​ឡើង​ក្រោម​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ចំនួន​ជិត​១៦០លាន​ដុល្លារ​អាម៉េរិក​ ដែល​មកដល់ពេលនេះ​សម្រេច​ បាន ៦០ភាគរយ​ហើយ​ ​ដោយ​ចាប់ផ្តើម​ការដ្ឋាន​សាងសង់​តាំងពី​ឆ្នាំ២០១៣​ និង​បែងចែក​ជា​ ៣ដំណាក់កាល​ ដោយ​គ្រោង​នឹង​ចំណាយពេល​ប្រមាណ៧ឆ្នាំ​ ដើម្បី​បញ្ចប់​ការសាងសង់​រហូតដល់​ឆ្នាំ២០២០ ជា​បញ្ចប់​ជាស្ថាពរ​។

នៅក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​នេះ​ មាន​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​ ទីលាន​បាល់ទាត់​ ទីលាន​អត្តពលកម្ម​ សាល​បាល់បោះ​ សាល​បាល់ទះ​ សាល​ហាត់​សាច់ដុំ​ មណ្ឌលកីឡា​ហែលទឹក​ កន្លែង​បាញ់កាំភ្លើង​ និង​បាញ់​ធ្នូ​ជាដើម​។

លើស​ពីនេះ​ទៅទៀត​ ពហុកីឡាដ្ឋាន​មរតក​តេជោ​ ក៏​មាន​ទីធ្លា​សម្រាប់​កម្មវិធី​ជាតិ​ដូចជា​ ការ​តាំង​ពិ​ព័រ​ណ៍​ផ្សេង​ៗ ការ​ប្រគុំ​តន្រ្តី​ ការិយាល័យ​ ហើយ​ហ៊ុ​ព័ទ្ធ​ដោយ​អគារ​ស្នាក់នៅ​ អាហារដ្ឋាន​ សណ្ឋាគារ​ខ្នាត​យក្ស​ សួន​ទឹក​កម្សាន្ត​។

គម្រោង​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ ស្ថិតនៅ​សង្កាត់​ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ ដែល​កំពុង​សាងសង់​នៅ​លើ​ផ្ទៃដី​ជាង ៨៥ហិ​កតា​នេះ​ គឺ​ដើម្បី​ត្រៀម​សម្រាប់​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ (SEA​ Games​) លើក​ទី៣២​ នៅ​ឆ្នាំ​ ២០២៣ខាងមុខនេះ​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ហើយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​នេះ​ ក៏អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូតដល់​ប្រមាណ​ជា ៧ម៉ឺន​នាក់​៕

ប្រភព៖ propertyarea

Leave a Reply

Your email address will not be published. Required fields are marked *