ព្រះនាងឥន្ទ្រទេវី ជាកំពូលស្រ្តីខ្មែរនៅក្នុងប្រវត្តិសាស្រ្តខ្មែរ នាសម័យអង្គរ!

ស្ត្រីខ្មែរមួយរូបដែលមានមោទនៈចំពោះភាពរុងរឿងនៃប្រទេសកម្ពុជាសម័យអង្គរហើយសរសើរប្រទេសកម្ពុជាថា(ស្មើមេឃ)។ស្ត្រីខ្មែររូបនោះគឺ ព្រះនាងឥន្ទ្រទេវី.ព្រះរាជអគ្គមហេសីព្រះបាទជ័យវរ្ម័នទី៧។សិលាចារឹកប្រាសាទព្រះខាន់K.908ចារឹកឆ្នាំ១១៩១ បញ្ជាកអំ់ពីពិធីស្រង់ព្រះពុទ្ធរូបដែលទឹកសម្រាប់ស្រង់ត្រូវបាននាំយកពីប្រទេសជ្វា.ប្រទេសដាយវៀតនិងប្រទេសចាម្ប៉ា។ តាមThe.Indianized.States.of.Southeast.Asia.1969លោក ហ្ស៊ក សឺដែសបានបញ្ជាក់ថាព្រះរាជាយួននៅសម័យនោះគឺព្រះបាទលី កាវ-តុង(Ly.Cao-tong),ព្រះរាជាជ្វាគឺព្រះបាទ កាមេស្វរៈ។

ចំណែកប្រទេសចាម្ប៉ាចែកជាពីរគឺរាជធានីវិជ័យ(ខេត្តបិញដិញ ប្រទេសវៀតណាមសព្វថ្ងៃ)សោយរាជ្យដោយព្រះបាទសូរ្យជយវម៌ទេវៈ និងរាជធានីបាណ្ឌុរង្គ(ខេត្តផានរ៉ាង ប្រទេសវៀតណាមសព្វថ្ងៃ)សោយរាជ្យដោយព្រះបាទវិទ្យានន្ទ។ព្រះបាទសូរ្យជយវម៌ទេវៈជាអនុជថ្លៃនៃព្រះបាទជ័យវរ្ម័នទី៧ដែលយាងពីរាជធានីអង្គរទៅ ហើយ ព្រះបាទ វិទ្យានន្ទក្នុងគ.ស.១១៨២កាលនៅជាយុវរាជបានយាងមកជ្រកកោននិងរៀនសូត្រនៅប្រទេសកម្ពុជា។

តាមរយៈសិលាចារឹកភិមានអាកាសK.485ចារនៅសតវត្សរ៍ទី១២គេដឹងថាគឺព្រះនាង ឥន្ទ្រទេវីនេះហើយដែលបានផ្តល់ពត៌មានសំខាន់មួយចំនួនទាក់ទងនឹងព្រះបាទ ជ័យវរ្ម័នទី៧និងមហេសីទាំងទ្វេរបស់ទ្រង់។ព្រះនាង ឥន្ទ្រទេវីជាអគ្គមហេសីរបស់ព្រះបាទ ជ័យវរ្ម័នទី៧ក្រោយពីព្រះនាងជ័យរាជទេវីដែលជាព្រះអនុជរបស់ព្រះនាង ឥន្ទ្រទេវីសោយទិវង្គតទៅ។ ព្រះនាងបានរៀបរាប់ពីរយៈពេលដែលព្រះបាទជ័យវរ្ម័នទី៧បានដឹកនាំទ័ពធ្វើចម្បាំងនៅរាជធានីវិជ័យនៃប្រទេសចាម្ប៉ា។ នៅឯប្រទេសកម្ពុជាវិញត្រូវបានមន្ទ្រីនាម​ត្រីភូវនាទិត្យបះបោរដណ្តើមរាជពីព្រះបាទ យសោវរ្ម័នទី២។ពេលទទួលដំណឹងនេះព្រះបាទជ័យវរ្ម័នទី៧យាងត្រឡប់មកវិញដើម្បីជួយតែព្រះបាទយសោវរ្ម័នទី២ត្រូវគេធ្វើគុតបាត់ទៅហើយ។

ដូច្នេះទ្រង់គង់នៅប្រទេសកម្ពុជាដើម្បីបង្ក្រាបបទឧក្រិដ្ឋនានាដែលកើតពាសពេញប្រទេសវិញ។ យោងតាមខ្លឹមសារសិលាចារឹកភិមានអាកាសដែលចារដោយព្រះនាងឥន្ទ្រទេវីនិយាយថាព្រះនាង ជ័យរាជទេវីរូបឆោមស្រស់សោភាមានស្វាមីភ័ក្តិនិងកិរិយាមារយាទដ៏ខ្ពង់ខ្ពស់។ ពេលដែលព្រះបាទជ័យវរ្ម័នទី៧យាងទៅប្រទេសចម្ប៉ានោះព្រះនាង ជ័យរាជទេវីបានរំសាយព្រះកេសាដែលមានស្នៀតព្រះព្រះកេសចេញដើម្បីធ្វើតបៈដ៏តឹងរឹង។ ព្រះកាយព្រះនាងប្រែជាស្គមស្គាំងតែព្រះនាងមិនរាថយដោយព្រះនាងប្រាថ្នាសូមឲ្យជួបព្រះស្វាមីវិញបីដូចព្រះនាងឧម្មា និត្យនៅនឹងព្រះស្វាមីរបស់ទ្រង់គឺព្រះសិវៈដូច្នោះដែរ។ព្រះនាងជ័យរាជទេវី មានព្រះរាជបុត្រាមួយព្រះអង្គដែលគ្រប់គ្រងក្រុងលវោ(ខេត្តលពបុរីប្រទេសថៃបច្ចុប្បន្ន)។

ព្រះរាជបុត្រានេះក៏មានបំណងធ្វើតបធម៌ដែរ ដែលព្រះនាងទូន្មានឲ្យធ្វើឲ្យត្រូវតាមផ្លូវធម៌រហូតដល់បានសម្រេចបំណង។ ព្រះនាងជ័យរាជទេវីបានណែនាំព្រះនាង ឥន្ទ្រទេវីទទួលយកមាគ៌ាព្រះធម៌នៃព្រះសម្មាសម្ពុទ្ធដែលជាផ្លូវស្ងប់ចប់ផុតទុក្ខ។ ព្រះនាងឥន្ទ្រទេវីក៏បានរំសាយព្រះកេសាដែលមានស្នៀតព្រះកេសដើម្បីធ្វើតបធម៌តាមដែរ។ សិលាចារឹកក៏បានបញ្ជាក់ពីព្រះបាទស្រីជ័យ ឥន្ទ្រវរ្ម័ននៃប្រទេសចម្ប៉ាដែលមានចរិតឥតកោតក្រែងប្រៀបបីនឹងក្រុងរាពណ៍មកច្បាំងប្រទេសកម្ពុជាស្មើមេឃ(ទ្យោសមកម្វុជទេសៈ)។

ព្រះបាទជ័យវរ្ម័នទីបានវាយបកវិញនិងរហូតកាន់កាប់បានរាជធានីវិជ័យនិងនគរដទៃទៀត ដែលទ្រង់អាចចាត់ទុកថាជាផ្ទះរបស់ទ្រង់។ក្រោយពេលដែលបានជួបព្រះរាជស្វាមីវិញព្រះនាងឥន្ទ្រទេវីបានយាងធ្វើបុណ្យគ្រប់ទិសទី។ ព្រះនាងមានព្រះរាជបញ្ជាឲ្យលេងរបាំនិងសម្តែងរឿងដែលស្រង់ចេញពីទសជាតក។ ព្រះនាងដាក់ទ្រព្យសម្បត្តិរបស់ព្រះនាងឲ្យជាប្រយោជន៍ដល់សាសនានិងមនុស្សក្រីក្រ។

ព្រះនាងបានប្រមូលក្មេងស្រីដែលម្តាយបោះបង់និងបង្កើតជាភូមិឲ្យរស់នៅជាភូមិមានសេចក្តីសុខចម្រើន។ព្រះនាងទ្រង់ឲ្យក្មេងស្រីទាំងនោះបួសនិងប្រតិបត្តិធម៌ខ្ជាប់ខ្ជួន។ព្រះនាងឥន្ទ្រទេវីបានថ្វាយសម្ភារជាច្រើនដល់ប្រាសាទនានា ដូចជាប្រាសាទស្រី រាជចូឌាមណី(ប្រាសាទព្រះខាន់)ស្រីជ័យស្រី(ប្រាសាទតាព្រហ្ម) ប្រាសាទមធ្យាទ្រិ(ប្រាសាទភ្នំបាខែង)ស្រីជយក្សេត្រសិវៈ(ប្រាសាទបាសែត/បាណន់ខេត្តបាត់ដំបង)សិវបុរៈ(តាមលោកសឺដែសប្រាសាទនេះអាចជាប្រាសាទ ភ្នំសន្ទុកឬភ្នំបាយ៉ង់)ប្រាសាទវិមាយ(ភិមាយបច្ចុប្បន្ននៅប្រទេសថៃ)ប្រាសាទប្រឹវទ្រី(ភ្នំរុងបច្ចុប្បន្ននៅប្រទេសថៃ)។

ក្រៅពីការធ្វើកុសលកម្មនានាចំពោះសាសនា ព្រះអគ្គមហេសីអង្គនេះបានឲ្យគេស្ថាបនាបដិមាជារូបតំណាងព្រះមាតាព្រះបិតាព្រះអនុជមិត្តភក្តិសាច់សាលោហិតដែលព្រះនាងស្គាល់ ឬអ្នកដែលធ្លាប់បាននិយាយប្រាស្រ័យទាក់ទងនឹងព្រះនាង ជាពិសេសព្រះនាងបានឲ្យគេសាងបដិមាព្រះនាងជ័យរាជទេវីព្រះបាទជ័យវរ្ម័នទី៧ និងបដិមាតំណាងរូបព្រះនាងតម្កល់នៅគ្រប់ភូមិ។ ព្រះនាងឥន្ទ្រទេវីមានសម្រស់បីដូចទេពធីតាដែលបញ្ចេញរស្មី។

ក្នុងផ្នែកចំណេះដឹងព្រះនាងមានចំណេះខ្ពង់ខ្ពស់លើសទស្សនវិទូនានា។ព្រះនាងមានប្រាជ្ញាឈ្លាសវៃពីធម្មជាតិ។នៅអាស្រមព្រះពុទ្ធសាសនា ព្រះនាងជាប្រធាននៃសាស្ត្រាចារ្យទាំងឡាយដោយព្រះនាងបង្រៀនជារៀងរាល់ថ្ងៃដល់ស្ត្រីនានានៅក្នុងអាស្រម។ ជាស្ត្រីខ្មែរមួយរូបមានមោទនៈចំពោះភាពរុងរឿងនៃប្រទេសកម្ពុជាសម័យអង្គរហើយសរសើរប្រទេសកម្ពុជាថា(ស្មើមេឃ)ជាស្ត្រីខ្មែរមួយរូបដែលបានតែងកំណាព្យសរសើរជាភាសាសំស្ក្រឹតដ៏ល្អឥតខ្ចោះព្រះនាងឥន្ទ្រទេវីបញ្ជាក់ថា ព្រះនាងមានស្វាមីភ័ក្តិចំពោះព្រះបាទជ័យវរ្ម័នទី៧រៀងរហូតដល់ព្រះនិព្វាន៕

Leave a Reply

Your email address will not be published. Required fields are marked *