យុវជនបើមិនចង់ក្រ មិនគួរខ្ជះខ្ជាយលុយផឹកស៊ីទេ!!!

យុវជនខ្មែរយើងសព្វថ្ងៃមានឱកាសលូតលាស់ និងជោគជ័យច្រើនមិនថាការសិក្សា ការងារ និងអាជីវកម្មឱ្យតែយុវជនខ្លួនឯងមានការខិតខំប្រឹងប្រែង។ ទោះបីជាយ៉ាងណាក្តី គេសង្កេតឃើញយុវជនមួយចំនួន បាន​ចាយពេល និងលុយកាក់ខ្ជះខ្ជាយច្រើន លើការផឹកស៊ី ដែលមិនបានទាញប្រយោជន៍​អ្វីសោះ។ ខណៈដែល​ឱកាសល្អៗកំពុងរង់ចាំពួកគេ ដូចជាការរៀនវិនិយោគអចលនទ្រព្យដែលអាចនាំឱ្យគេ​ចាក់ចេញពីភាពក្រីក្រជាដើម។

បើនិយាយអំពីសក្តានុពលរបស់យុវជនវិញមានច្រើនណាស់ ហើយជាវ័យមួយដែលត្រូវខិតខំរៀនសូត្រ ខំរកលុយ ខំសន្សំ និងខំវិនិយោគ ទើបធ្វើឱ្យជីវិតល្អប្រសើរ។ បើរវល់តែយកពេលអភិវឌ្ឍន៍ទៅចាយលើការផឹកស៊ីវិញ អនាគត​របស់យុវជននឹងមានបញ្ហាហិរញ្ញវត្ថុមិនខាន នៅពេលពួកគេ​មានបន្ទុក​គ្រួសារ មានកូន ឬមានបញ្ហាអ្វីមួយកើតឡើង ដែលត្រូវការលុយ ហើយគេគ្មានលុយគ្រប់គ្រាន់ក្នុងការចំណាយ។

ជាក់ស្តែងណាស់ នៅសង្គមខ្មែរយើងមិនថា យុវជន ឬចាស់ៗនោះទេ ឱ្យតែមានពេលជួបជុំតែងបង្កើតកម្មវិធីស៊ីផឹក ដែលនាំឱ្យ​ខាតលុយ ខាតពេល និងមានបញ្ហាសុខភាព និងសុវត្ថិភាពទៀតផង។ ហើយ​វាបានបង្កើតទៅជាទម្លាប់ទៅហើយ ទោះបីជា​មនុស្សជាច្រើនយល់ថា វាមិនល្អក្តី។ ការស៊ីផឹកជួបជុំ មិនមែនសុទ្ធតែអាក្រក់ទេ តែត្រូវ​កំណត់ឱ្យបានច្បាស់លាស់ ព្រោះពេលខ្លះ​ធ្វើឡើងញឹកញ៉ាប់ពេក។

ផ្ទុយមកវិញ បើយុវជនខ្លួនឯង ឈប់ចាយលុយខ្ជះខ្ជាយលើរឿងផឹកស៊ី ហើយផ្តោតសំខាន់លើការងារ និងការវិនិយោគលើអចលនទ្រព្យ នោះពួកគេនឹងមានអនាគតផ្នែកហិរញ្ញវត្ថុល្អប្រសើរមិនខានឡើយ។ មានឱកាសច្រើន ដើម្បីឱ្យយុវជនកសាងភាពមានបាន និងឈានដល់សេរីភាពផ្នែកហិរញ្ញវត្ថុ។ តែឱកាសវិនិយោគអចលនទ្រព្យជាផ្នែកមួយ ខណៈដែលវិស័យនេះកំពុងមានសក្តានុពលខ្លាំង អាចឱ្យយុវជនមានឱកាសច្រើនក្នុងការឈានជើងក្លាយជាអ្នកវិនិយោគ។

ដើម្បីឱ្យយុវជនក្លាយជាអ្នកវិនិយោគអចលនទ្រព្យដ៏វៃឆ្លាតបាន បើមិនទាន់មានបទពិសោធន៍ទេ ត្រូវតែវិនិយោគលើចំណេះជាមុនសិន និងខិតខំប្រឹងប្រែង​ស្រាវជ្រាវលើវិស័យអចលនទ្រព្យឱ្យបានច្រើន។ ហើយត្រូវចេះសិក្សា​ប្រព័ន្ធហិរញ្ញវត្ថុឱ្យល្អ ជាពិសេស​ការចាត់ចែងលុយកាក់ និងរៀន​វិនិយោគពីតូចៗទៅ ចាំមានពិសោធន៍ច្រើន ចាំពង្រីកការវិនិយោគកាន់តែធំ។Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *