ពាក្យចាស់ៗពោលមិនខុសទេ!!! សំណាបយោងដី បុរសអាចជោគជ័យ អាស្រ័យលើនារីដែលគាត់រៀបការជាមួយ

ការ​រៀប​ការ​​គ្មាន​នរណា​ម្នាក់​​អាច​ទាយ​ដឹង​ថា​ នា​ពេល​អនាគត វា​នឹង​ក្លាយ​ជា​ល្អ​ប្រសើរ​ឬ​​កាន់​តែ​ល្អក់​កករ​ជាង​មុន​នោះ​ទេ។ អ្វី​ដែល​គ្រប់​គ្នា​ដឹង​ច្បាស់​បំផុត​គឺ នៅ​ពេល​បុរស​​បាន​ជ្រើស​រើស​ដៃ​គូ​ជីវិត​ត្រឹម​ត្រូវ​ម្នាក់ ប្រៀប​បាន​ដូច​ជា​ស្ពាន​ឆ្លង នាំ​​ទៅ​រក​ភាព​ជោគ​ជ័យ​​​ជាក់​ជា​មិន​ខាន។ ជា​ឧទាហរណ៍​ជាក់​ស្តែង ដូច​ជា​លោក Barack Obama ក៏​ធ្លាប់​ទទួល​​បាន​ជោគជ័យ​ផ្នែក​នយោបាយ ដោយ​មាន​ការ​រួម​ចំណែក​ពី​ភរិយា​ដែរ។ពាក្យ​​​មួយ​ឃ្លា​ថា “​បុរស​ជោគជ័យ​អាស្រ័យ​លើ​ប្រពន្ធ​ទុក​ដាក់​” មិន​មែន​ចេះ​និយាយ​តៗ​គ្នា​ សូម្បី​តែ​អ្នក​វិទ្យាសាស្រ្ត ក៏​​បាន​គាំ​ទ្រ​នូវ​គំនិត​នេះ ​ដោយ​មាន​ភ្ជាប់​​ជាមួយ​នឹង​​អំណះអំណាង​ផង​ដែរ។

​នាង​ចេះ​ពី​វិធី​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ស្វាមី៖តាម​ការ​សិក្សា នៅ​សាកលវិទ្យាល័យ​ Carnegie Mellon​ បាន​បញ្ជាក់​ថា ប្តី​ប្រពន្ធ​ ដែល​មាន​សមត្ថភាព ចេះ​គាំ​ទ្រ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក តែង​តែ​មាន​ឱកាស​នឹង​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​នៅ​ក្នុង​ជីវិត។ តាម​ការ​ធ្វើ​ពិសោធន៍​ទៅ​លើ​គូ​ស្នេហ៍ ១៦៣គូ ដែល​គេ​តម្រូវ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​​យក​តែ​មួយ​គត់​ ក្នុង​ចំណោម​ជម្រើស​២​ផ្សេង​គ្នា​។ ជម្រើស​ទី​១ ត្រូវ​តម្រៀប​រូប​ផ្គុំ​ងាយ​ៗ​​ ហើយ​ជម្រើស​ទី២ ត្រូវ​​​ហ៊ាន​ប្រឈម​និង​មាន​ដំណោះ​ស្រាយ​ដើម្បី​ឈ្នះ​រង្វាន់​។

អស់​រយៈ​ពេល ៦ ខែ​ក្រោយ​មក ការ​សិក្សា​​តាម​ដាន​​លើ​​គូ​ស្នេហ៍​​ដដែល​នោះ សង្កេត​ឃើញ​ថា គូ​ស្នេហ៍​​ណា​ ដែល​បាន​ចូល​រួម​លើក​ទឹក​ចិត្ត​ឲ្យ​ដៃ​គូ​របស់​ខ្លួន ​ជ្រើស​យក​ជម្រើស​ទី២ ទោះ​បី​ជា​ដៃ​គូ​មិន​ចង់​ក៏​ដោយ ពួក​គេ​មាន​ការ​រីកចម្រើន​លូត​លាស់ និង​មាន​សុភមង្គល ជា​ង​​​គូ​ស្នេហ៍​​ដែល​ចូលចិត្ត​ធ្វើ​តែ​រឿង​ងាយ​ស្រួល ប៉ុន្តែ​ខ្វះ​កម្លាំង​ចិត្ត​គ្រប់​គ្រាន់ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​​​ ពេល​​ដៃ​គូ​ត្រូវ​ជួប​ឧបសគ្គ​។

​​នាង​​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​រិះ​រក​ដំណោះ​ស្រាយ៖​​យោង​តាម​ការ​សិក្សា​នៅ​​សាកលវិទ្យាល័យ វ៉ាស៊ីនតោន ក្នុង St. Louis បាន​អះអាង​ថា បុគ្គល​ដែល​ជោគជ័យ មិន​មែន​ពឹង​តែ​​​លើ​ខ្លួន​ឯង​មួយ​មុខ​បាន​ទេ សូម្បីតែ​ដៃ​គូ​ក៏​​​មាន​តួនាទី​សំខាន់​​​មិន​អាច​ខ្វះ​បាន។ នារី​ល្អ​ម្នាក់​ មិន​មែន​ត្រឹម​តែ​ធ្វើ​ជា​ប្រពន្ធ​ ប៉ុន្តែ​នាង​អាច​​ជា​ដៃ​គូ​សហការ​ប្រកប​​ដោយ​​មនសិការ មាន​ប្រាជ្ញា​វៃ​ឆ្លាត ក្នុង​ការ​ជួយ​រក​ដំណោះ​ស្រាយ​នានា។

អាច​លើក​ជា​ឧទាហរណ៍ ពី​​​តារា​​និង​អ្នក​ដឹក​នាំ​​​​ល្បីៗ ដែល​តែង​​តែ​និយាយ​សរសើរ​ពី​ដៃ​គូ​របស់​ខ្លួន​ ឲ្យ​សាធារណជន​បាន​ដឹង​ថា ភាព​ជោគ​ជ័យ​របស់​ពួក​គេ បាន​មក​ពី​ការ​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ពី​ភរិយា។ ក្នុង​នោះ​រួម​មាន មហាសេដ្ឋី Mark Zuckerberg បាន​​លើក​​សរសើរ​ពី​ភរិយា​របស់​លោក គឺ​​អ្នក​ស្រី Priscilla ជា​នារី​ម្នាក់​ដែល​​បាន​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ខ្លាំង​ ឲ្យ​​ចូលរួម​ក្នុង​ការងារ​សង្គម ហើយ​ក៏​ជា​មនុស្ស​ម្នាក់​សំខាន់​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​គាត់​។ចំណែក​​ឯ តារា​ស្រី​ដ៏​មាន​ប្រជាប្រិយភាព Beyoncé ក៏​បាន​និយាយ​សរសើរ​ពី​ទឹក​ចិត្ត​ស្វាមី ដែល​តែង​តែ​ជួយ​គាំ​ទ្រ​ និង​ធ្វើ​ឲ្យ​នាង​ក្លាយ​​មនុស្ស​ស្រី​រឹង​មាំ​ម្នាក់​រហូត​មក​ទល់​​សព្វ​ថ្ងៃ​។

សូម្បី​អតីត​ប្រធានាធិបតី​អាមេរិក​ក៏​​មាន​គំនិត​បែប​នេះ​ដែរ៖Barack Obama បាន​និយាយ​នៅ​ក្នុង​កម្មវិធី​របស់​អ្នក​ស្រី Oprah Winfrey ថា “អ្វី​ដែល​នាំ​​ឲ្យ​ខ្ញុំ​ចេះ​សម្រេច​ត្រឹម​ត្រូវ មាន​តុល្យភាព មិន​ទទួល​រង​នូវ​សម្ពាធ​ គឺ​ដោយ​សារ​តែ​​ភរិយា​​របស់​ខ្ញុំ​នេះ​ឯង”។ លោក​បន្ត​ទៀត​ថា “នាង​មិន​ត្រឹម​តែ​ជា​ស្ត្រី​ទី​១ ប៉ុណ្ណោះ​ទេ​​ ថែម​ទាំង​ជា​ជញ្ជាំង​ដ៏​រឹង​មាំ​ សម្រាប់​ឲ្យ​ខ្ញុំ​ផ្អែក​និង​ពឹង​ពាក់​ជា​រៀង​រាល់ថ្ងៃ។

ប្រភពពី សប្បាយ

Leave a Reply

Your email address will not be published. Required fields are marked *