សូមជួយគាំទ្រផង បងប្អូន!!! ត្រសក់គ្មានគីមីរបស់អ្នកស្រុកពញាក្រែក

បញ្ហាគីមីលើចំណីអាហារ បន្លែ ផ្លែឈើ ត្រី សាច់ បានធ្វើឱ្យមានក្តីកង្វល់មួយសម្រាប់សង្គមខ្មែរយើងនាពេលបច្ចុប្បន្ននេះ ព្រោះថា បន្លែ ផ្លែឈើ ចំណីអាហារ ដែលដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ភាគច្រើនបាននាំចូលមកពីប្រទេសជិតខាង ហើយមានផ្ទុកសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ។

ពេលនេះ ប្រជាពរដ្ឋ នៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាច្រើនគ្រួសារ បាននាំគ្នាដាំបន្លែសុវត្ថិភាព ដែលជាផលិតកម្មដំណាំបន្លែធន់នឹងការបម្រែបម្រួលអាកាសធាតុ ដែលគាំទ្រដោយគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍ខ្នាតតូច នៅតំបន់ជុំវិញបឹងទន្លេសាបជំហ៊ានទី២ ដើម្បីលើកស្ទួយជីវភាពពួកគាត់ឱ្យកាន់តែធូរធាជាងមុន ។

លោកស្រី សោម សុផា ជាកសិករម្នាក់នៅ ភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានសំដែងនូវភាពសប្បាយរីករាយ នៅពេល ដែលពួកគាត់ ទទួលបានផលិតកម្មដំណាំបន្លែធន់នឹងការបម្រែបម្រួលអាកាសធាតុនេះ ដោយគាត់ដាំត្រសក់ លើផ្ទៃដីទំហំ ១២ ម៉ែត្រ គុណ ៥០ ម៉ែត្រ កំពុងទទួលបានជោគជ័យ ហើយបានប្រមូលផលជាបណ្តើរៗហើយ ។

កញ្ញា ទន់ ចន្ទូ មន្ត្រីគាំទ្រ គម្រោង កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍ខ្នាតតូច នៅតំបន់ជុំវិញ បឹងទន្លេសាបជំហ៊ានទី២ បានឱ្យដឹងថា គម្រោងនេះ បានចាប់ផ្តើមជិត ១០ ឆ្នាំមកហើយ ដែលមានកសិករ រាប់រយគ្រួសារ ចូលរួមដាំបន្លែ ជាមួយគម្រោងនេះ ដោយមិនប្រើថ្នាំ និង ជីគិមីឡើយ ។ ជាក់ស្តែង កសិករ សោម សុផា ដែលទើបចាប់ផ្តើម គម្រោងនេះ ជាលើកដំបូង គាត់មានភាពរីករាយណាស់ ដោយដំណាំត្រសក់របស់គាត់បានផលល្អ ។

ការដាំត្រសក់ រយៈពេល ៣០ ថ្ងៃ ទើបទទួលបានផល ហើយគាត់អាចប្រមូលផលត្រសក់នេះ រយៈពេល ៣០ ថ្ងៃ ឯណោះ ។ បើគាត់ថែទាំបានល្អ គាត់លក់ក្នុងតម្លៃពី ១ ០០០ ទៅ ១៥០០ រៀលក្នុង ១ គីឡូក្រាម ហើយក្នុងការប្រមូលផលត្រសក់ម្តងៗគាត់អាចរកចំណូលបានចាប់ពី ២ ០០០ ០០០ រៀលឡើង ។

កញ្ញា ទន់ ចន្ទូ បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅក្នុង រាជធានីភ្នំពេញ ជួយគាំទ្រ ត្រសក់ និង បន្លែគ្មានសារធាតុគីមី របស់កសិករ ឃុំក្រែក ស្រុកពញាក្រែកផង៕

Leave a Reply

Your email address will not be published. Required fields are marked *