មានចំនុចវិជ្ជមានខ្លះហើយ!! អភិបាល​ខេត្តកំពតបាន​អះអាងថានឹង​ប្រារព្ធ​ធ្វើ​ពិធី​កំពត​សង្ក្រាន្ត​ឲ្យ​កាន់តែ​ធំ ​និង អធិកអធម​ជាង​មុន​ ពិសេស…

កំពត ៖ ​ឯកឧត្តម ​ជាវ តា​យ​ អភិបាល​ខេត្តកំពត បាន​អះអាងថា​ នឹង​ប្រារព្ធ​ធ្វើ​ពិធី​កំពត​សង្ក្រាន្ត​ឲ្យ​កាន់តែ​ធំ ​និង អធិកអធម​ជាង​មុន​ ពិសេស​ភ្ញៀវទេសចរ ​នឹង​បាន​មុជទឹក​កម្សាន្ត ​នៅ​ឆ្នេរ​កម្សាន្ត​របស់​ខេត្តកំពត ​ដែល​នឹង ​ត្រូវដាក់​សម្ពោធ​មុន​ពេល​ចូលឆ្នាំ​។

ក្រោយពេល​បាន​បញ្ចប់​ពិធីបុណ្យ​សមុទ្រ​ដោយ​ជោគជ័យ រដ្ឋបាល​ខេត្តកំពត ​បានគ្រោង​នឹង​រៀបចំ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ ដែល​នឹង​ខិតចូល​មកដល់​ប៉ុន្មាន​ខែ​ខាងមុខនេះ​ ឲ្យ​កាន់តែ​ធំ ដើម្បី​ទាក់ ទាញ​ទេសចរ ​ឲ្យ​បាន​កាន់តែ​ច្រើនជាង​មុន ក្នុងនោះ​រដ្ឋបាលខេត្ត ​នឹង​ខិតខំ​ធ្វើយ៉ាងណា​ ត្រូវ​បើក​សម្ពោធ ឆ្នេរ​កម្សាន្ត​ខេត្តកំពត ​ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​បឹង​ទូក ​ស្រុក​ទឹកឈូ​។ ​នេះ​បើតាម​ការអះអាង​របស់​អភិ បាល​ខេត្តកំពត ឯកឧត្តម ជាវ តា​យ​។

ឯកឧត្តម ជាវ តា​យ បាន​លើកឡើងថា ជា​ជោគជ័យ​មួយ​យ៉ាង​ធំធេង​ ដែល​ខេត្តកំពត ​បាន​ធ្វើជា ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ ​លើក​ទី​៨ ជុំ​ទី​២ ឲ្យ​ប្រព្រឹត្តិ​ទៅដោយ​រលូន​ និង​សប្បាយរីករាយ ព្រមទាំង​ទាក់ ​ទាញ​អ្នក​ចូលរួមបាន​ច្រើន ជិត​៩០​ម៉ឺន​នាក់​។ ​ប៉ុន្តែ​រដ្ឋបាល​ខេត្តកំពត​ នៅមាន​កម្មវិធី​កម្សាន្ត​សប្បាយ​ច្រើន ​ជា​បន្តបន្ទាប់​ទៀត សម្រាប់​ទេសចរ ​និង​ប្រជាពលរដ្ឋ ពិសេស​នៅក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ ឆ្នាំ​២០២០​ ដែល​នឹង​ខិតចូល​មកដល់​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ​។​

​ខេត្តកំពត សម្រាប់​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ​រយៈពេល​បី​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​១៤​ដល់ ​១៦ ខែមេសា ​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ ​ចូលរួម​ទស្សនា​កម្សាន្ត ប្រមាណ​១៤​ម៉ឺន​នាក់​ ក្នុងនោះ​ ទេសចរ​ក្នុងស្រុក ជាង​១៣​ម៉ឺន​នាក់ ​និង​ទេសចរ​អន្តរជាតិ ចំនួន​ជាង​៣​ពាន់​នាក់​៕





ប្រភព៖ bayontv

Leave a Reply

Your email address will not be published. Required fields are marked *