ប្រព័ន្ធ REXនឺងជាស្អី? គ្រប់ក្រុមហ៊ុនទាំង​អស់​នៅក្នុងប្រទេស​កម្ពុជា​ត្រូវ​អនុវត្ត​ប្រព័ន្ធ​មួយ​នេះ​ដើម្បី​នាំ​ទំនិញ​ទៅអឺរ៉ុប…

ការនាំទំនិញចេញទៅទីផ្សារអឺរ៉ុប នឹងតម្រូវឲ្យក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវ​អនុវត្ត​នូវ​ប្រព័ន្ធ​ចុះ​បញ្ជីនាំចេញ REX ចាប់ពីឆ្នាំ២០២០ ទៅ។ ប្រព័ន្ធ REX មានន័យថា Registered Exporter- REX System ដែល​ជាការចុះបញ្ជីនាំទំនិញចេញ និងជួយកាត់បន្ថយពេលវេលា, ការចំណេញថវិកា និង​នាំចេញដោយពុំចាំបាច់ស្នើ សុំវិញ្ញា បនបត្របញ្ជាក់ប្រភពដើមទំនិញCO នោះឡើយ។

សិក្ខាសាលា​ស្តីពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប បាន​ធ្វើ​កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០១៩ រៀប​ចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ដោយ​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា សមាគម​រោង​ចក្រ​កាត់ដេរនៅកម្ពុជា សម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា តំណាងរោងចក្រ និង​ក្រុមហ៊ុននាំចេញទំនិញចូលទៅទីផ្សារអឺរ៉ុប។

អនុ​រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកពេជ ឫទ្ធី បានថ្លែងថា សហភាព​អឺរ៉ុប​បាន​តម្រូវ​ឱ្យ​បណ្ដា​អ្នក​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅទីផ្សារអឺរ៉ុប ចាប់ផ្តើមអនុវត្តប្រព័ន្ធនោះចាប់ពីដើមឆ្នាំ២០២០ តទៅ។

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់អំពីអត្ថប្រយោជន៍ចំពោះក្រុមហ៊ុន និង​អ្នក​នាំ​ចេញ​ដែល​បាន​ចុះ​បញ្ជីតាមប្រព័ន្ធ REX ដែល​នឹង​ទទួល​បាន​ការ​លើក​លែង​ពន្ធ​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​សហភាពអឺរ៉ុប និងបញ្ជាក់បន្ថែមថា ចំពោះរោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញណា ដែល​ពុំទាន់បានចុះបញ្ជីក្នុងប្រព័ន្ធ REX នោះនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធ គឺពន្ធនាំចូល ទៅ​ក្នុង​ទីផ្សារ​សហភាពអឺរ៉ុប៕

អត្ថបទ៖ កុសល

ប្រភព: kleykley

Leave a Reply

Your email address will not be published. Required fields are marked *