Jack Ma ប្រាប់ឱ្យប្រឹងរៀនជំនាញមួយនេះ បើមិនចង់ឱ្យរ៉ូបូតមកដណ្ដើមការងារធ្វើអស់!

Jack Ma ទើបតែចូលនិវត្តន៍ជាផ្លូវការដោយចាកចេញពីដំណែង​ជា CEO របស់ក្រុមហ៊ុនលក់ទំនិញធំបង្អស់មួយរបស់ចិន Alibaba កាលពីខែមុននេះទេ។មុននឹងចូលនិវត្តន៍ សហគ្រិនដែលមានបទពិសោធន៍រកស៊ីមិនក្រោម២០ឆ្នាំរូបនេះ បានបន្សល់ទុកនូវ​ដំបូន្មាន ក៏ដូចជាគំនិត​ល្អៗជាច្រើន។ជាមួយគ្នានោះដែរ Jack Ma ក៏បាន​ធ្វើការ​ក្រើនរំឮកទៅដល់យុវជន​ និង​ក្មេងៗជំនាន់ក្រោយឱ្យដើរ​ឱ្យទាន់នូវ​របទសេដ្ឋកិច្ចឌីជីថលថ្មី ដែលបច្ចេកវិទ្យា​កំពុង​តែគម្រាម​កំហែង​ឱកាសការងារ​រាប់លានកន្លែង​នោះ។

កាលពីឆ្នាំទៅមិញ លោក Ma ធ្លាប់​លើកឡើង​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​មួយរបស់ សន្នីសិទ​សេដ្ឋកិច្ចពិភពលោក World Economic Forum ថា “​ប្រសិន​បើ​មិនផ្លាស់ប្ដូរ​របៀបបង្រៀន​ទេ ៣០ឆ្នាំក្រោយ​ យើង​ទាំង​អស់គ្នា​នឹង​មានបញ្ហា​ធំ”។លោកបាន​ធ្វើការ​បន្ទោស​ប្រព័ន្ធ​អប់រំបច្ចុប្បន្ន​ថា​ កំពុង​ធ្វើឱ្យ​ក្មេងៗពិបាកនឹង​ទៅប្រកួត​ជាមួយនឹង​ម៉ាស៊ីន ឬក៏បច្ចេកវិទ្យា​ណាស់។

បន្ថែមពីលើនោះផងដែរ Jack Ma គាត់បាននិយាយថា ក្មេង​ៗត្រូវ​ស្រវ៉េស្រវ៉ា​រៀនជំនាញទន់ ឬ Soft Skills ដូចជា ការគិត​បែបច្នៃប្រឌិត ការ​គិត​បែប​ឯករាជ្យ ជំនាញគ្រប់គ្រងមនុស្ស ឬជំនាញធ្វើការងារ​ជាក្រុមជាដើម ដើម្បី​ឱ្យខ្លួនមានលទ្ធភាពឈានទៅប្រកួត​ប្រជែង​ក្នុង​បរិបទសេដ្ឋកិច្ច​ឌីជីថលថ្មីនេះ។នេះមិនមែនជារឿង​ថ្មីនោះទេ ដោយកន្លង​មកមហាសេដ្ឋីផ្សេងៗទៀត ក៏បានលើកឡើង​ស្រដៀង​គ្នានេះដែរ ដោយ​សារតែជំនាញទន់​នេះ​ កុំព្យូទ័រ ឬ​បច្ចេកវិទ្យាពិបាកនឹង​មកជំនួសបានណាស់។

គូសបញ្ជាក់ផងដែរថា ខាង​ក្រុមហ៊ុន​ស្រាវជ្រាវ​វិភាគទិន្នន័យ​ Oxford Economics បាន​ព្យាករណ៍ថាការ​ងាររោងចក្រ​ប្រមាណជា ២០លានកន្លែងនឹង​ត្រូវ​បាត់បង់​ដោយសារ​តែ​​បច្ចេកវិទ្យា​។ប៉ុន្តែសម្រាប់អ្នកវិភាគខាង​ផ្នែកបច្ចេកវិទ្យា​មួយចំនួន​លើកឡើង​ថា ថ្វីត្បិត​ថាការងារ​រាប់លានត្រូវ​បាត់បង់ក៏ពិត​មែនការងារ​នឹង​ថ្មីនឹង​កើតឡើង ហើយមនុស្ស​ត្រូវ​ព្យាយាមរៀនបន្ថែមដើម្បី​សម្របខ្លួនទៅនឹង​ការងារថ្មីនោះ៕business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *