ចុះកម្ពុជាវិញមានអត់!! ក្រសួងថាមពលប្រទេសថៃនឹងបញ្ចុះតម្លៃប្រេងសាំង «១បាតក្នុង១លីត្រ» ជាកាដូជូនប្រជាជននាឱកាសឆ្លងឆ្នាំសកល2020នេះ…

(បាងកក)៖ ក្រសួងថាមពលថៃនាថ្ងៃពុធនេះ បានប្រកាសពីការទម្លាក់តម្លៃប្រេងសាំងនៅក្នុងប្រទេស ដែលនឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះទៅរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដើម្បីជាអំណោយក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនទូទាំងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅល្ងាចថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋមន្រ្តីថាមពលថៃលោក សុនធីរ៉ាត់ សុនធិជីរ៉ាវង្ស (Sontirat Sontijirawong) បានឲ្យដឹងយ៉ាងដូច្នេះថា «តម្លៃប្រេងសាំងនឹងត្រូវបញ្ចុះមួយបាតក្នុងមួយលីត្រ»។ បើមើលមួយភ្លែតទៅវាដូចជាតិចតួចមែន ប៉ុន្តែបើតាមលោក Sontirat ចំណាត់ការនេះនឹងត្រូវធ្វើឲ្យមូលនិធិប្រេងនៃប្រទេសថៃ ខាតបង់ប្រមាណជា ៨៧លានបាត (២.៨៨លានដុល្លារ) ក្នុងមួយថ្ងៃ ហើយបើរាប់ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ការចំណាយនឹងកើនដល់ ១.៣ពាន់លានបាត (៤៣.១លានដុល្លារ) ឯណោះ។

យ៉ាងណាមិញ លោករដ្ឋមន្រ្តីថាមពលថៃបានគូសបញ្ជាក់ថា ទំហំនៃការខាតបង់ពីចំណាត់ការបញ្ចុះថ្លៃប្រេងនេះ នឹងមិនមែនជាបញ្ហាអ្វីឡើយ ព្រោះវាជាកាដូដែលនឹងជួយសម្រួល ដល់ការចំណាយរបស់ប្រជាជនថៃ ដែលត្រូវធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះ។

គួរជម្រាបថា បន្ទាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វាស្រេចទៅលើក្រុមហ៊ុនជួញដូរប្រេងទាំងឡាយប៉ុណ្ណោះថា តើគួរដំឡើងថ្លៃប្រេងវិញដែរ ឬយ៉ាងណា ដោយអាស្រ័យទៅលើតម្លៃប្រេងពិភពលោក។ នេះបើតាមការបញ្ជាក់ចុងក្រោយពីលោក Sontirat៕

ប្រភព៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *