កុំរើអី!!! រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជំទាស់បំណងរដ្ឋបាលខេត្តបាត់ដំបង ដែលចង់រុះរើស្ពានថ្មសល់ពីសម័យបារាំង

(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឯកភាពឡើយចំពោះបំណងរបស់រដ្ឋបាលសាលាខេត្តបាត់ដំបង ដែលចង់រុះរើស្ពានថ្មនៅមុខសាលាខេត្តបាត់ដំបង បន្សល់ទុកតាំងពីសម័យអណានិគមបារាំងមកនោះ។

ជាមួយនឹងការមិនឯកភាពចំពោះបំណងរបស់រដ្ឋបាលសាលាខេត្តបាត់ដំបងនេះ លោកស្រី ភឿង សកុណា បានធ្វើលិខិតមួយច្បាប់ដាក់ទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំកិច្ចអន្តរាគមន៍ចុះពិនិត្យរកដំណោះស្រាយមួយក្នុងការរក្សាទុកស្ពានថ្មមួយនេះ។

ក្នុងលិខិតផ្ញើទៅកាន់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី ភឿង សកុណា លើកឡើងថា ស្ពានថ្មចាស់បន្សល់ពីអណានិគមបារាំង ស្ថិតនៅមុខសាលាខេត្តបាត់ដំបង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបងនេះ ពុំគួររុះរើនោះឡើយ ដោយសារស្ពាននេះមានអយុកាលដ៏ចំណាស់ជាង ១០០ឆ្នាំមកហើយ។ មួយវិញទៀតស្ពាននេះ ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។

លោកស្រីរដ្ឋមន្ត្រី បានលើកឡើងទៀតថា ស្ពាននេះចាត់ទុកជាសមរតកដ៏កម្រមួយនេះ គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើរជើង។

សំណើសុំរក្សាទុកស្ពានថ្មមួយនេះនាំឱ្យមានការគាំទ្រជាច្រើនពីប្រជាពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងខេត្តបាត់ដំបង ក៏ដូចជានៅបណ្តាខេត្តដទៃ។ ពួកគេចង់ឱ្យមានការរក្សាទុកនូវសំណង់ប្រវត្តិសាស្ត្រមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *