នៅប៉ុន្មានម៉ោងទៀត! លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីទី៣ ក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវគេដំណើការ នីតិវិធីដកតំណែង?

(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នឹងធ្វើការបោះឆ្នោតលើមាត្រា ចំនួនពីរ ដែលព្រាងឡើងដោយគណៈកម្មាធិការយុត្តិធម៌ ស្ដីពីនីតិវិធីចោទប្រកាន់ជាផ្លូវការ ឬដំណើរការនីតិវិធីដកតំណែង លោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការរំលោភអំណាច និងបង្កឧបសគ្គដល់ការស៊ើបអង្កេតរបស់សភា ហើយការបោះឆ្នោតនេះទៀតសោត នឹងក្លាយជាលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

* តើការបោះឆ្នោតនឹងធ្វើឡើងនៅម៉ោងប៉ុន្មាន?សមាជិកតំណាងរាស្ត្រសភាអាមេរិក នឹងត្រូវចាប់ផ្ដើមជួបជុំគ្នាដើម្បីជជែកដេញដោលពីមាត្រានៃនីតិវិធីដកតំណែងប្រធានាធិបតី នៅម៉ោង៩ព្រឹក។ ប៉ុន្តែការជជែកដេញដោលនេះ មិនត្រូវបានគេរំពឹងថានឹងមានលទ្ធផលភ្លាមៗនោះទេ។ សមាជិកសភាទាំងអស់នឹងមានរយៈពេល៦ម៉ោង ក្នុងការជជែកដេញដោល ហើយការបោះឆ្នោតសម្រេចចិត្ត ចុងក្រោយនឹងត្រូវធ្វើឡើងនៅចន្លោះពីម៉ោង ៦៖៣០នាទី ដល់ម៉ោង៧៖៣០នាទីយប់ (ម៉ោងនៅវ៉ាស៊ីនតោន)។

* លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិកទី៣ ដែលត្រូវគេចោទប្រកាន់ជាផ្លូវការ?ដោយសារតែសភាតំណាងរាស្ត្រអាមេរិក បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យជាមួយ សំឡេងភាគច្រើន គេរំពឹងថាមាត្រាទាំង២នៃនីតិវិធីចោទប្រកាន់ជាផ្លូវការ ឬនីតិវិធីដកតំណែងប្រធានាធិបតី នឹងត្រូវបាន អនុម័តនៅថ្ងៃពុធសប្ដាហ៍នេះ ហើយលោក ដូណាល់ ត្រាំ អាចនឹងក្លាយជាប្រធានាធិបតីទី៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានគេដំណើការនីតិវិធីដកតំណែង។ តែទោះបីជាមាត្រាទាំង២ ត្រូវបានអនុម័តក៏ដោយ វានៅត្រូវបញ្ជូនទៅកាន់ ព្រឹទ្ធសភា ដើម្បីបោះឆ្នោតសម្រេចជាបន្តទៀត។

នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក Andrew Johnson និង លោក Bill Clinton គឺជាប្រធានាធិបតីអាមេរិកតែពីរនាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទការប្រកាន់ ឬទម្លាក់ចេញពីតំណែង (មិនទាន់បានទម្លាក់ទេ) ខណៈលោក Richard Nixon បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីនេះ។ មកទល់នឹងពេលនេះ មិនទាន់មានប្រធានាធិបតីអាមេរិកណាម្នាក់ ត្រូវបានគេដកហូត ឬបណ្ដេញចេញពីតំណែងឡើយ។

* តើការបោះឆ្នោតនៅក្នុងព្រឹទ្ធសភានឹងធ្វើឡើងនៅពេលណា?ក្នុងករណីដែលនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ចេញពីសេតវិមាន ត្រូវបានអនុម័តពិតមែននោះវានឹងត្រូវបញ្ជូនឱ្យព្រឹទ្ធសភាបោះឆ្នោតសម្រេចចិត្តជាបន្ត។មេដឹកនាំព្រឹទ្ធសភា បានបញ្ជាក់ថា ពួកគេត្រូវរង់ចាំរហូតដល់ក្រោយចូលឆ្នាំសកល ទើបបើកសវនការលើនីតិវិធីនេះ បើសិនវាត្រូវបានសភាតំណាងរាស្ត្របោះឆ្នោតអនុម័ត នៅថ្ងៃពុធសប្ដាហ៍ នេះប្រាកដមែន។ លើសពីនេះទៀតបើសិនជាព្រឹទ្ធសភាអនុម័តជាចុងក្រោយ ក្នុងសំឡេងពីរភាគបីលើនីតិវិធីដកតំណែងប្រធានាធិបតីនោះលោក ដូណាល់ ត្រាំ នឹងអស់តំណែងដោយស្វ័យប្រវត្តិ ហើយលោក Mike Pence ដែលជាអនុប្រធានាធិបតី នឹងឡើងមកអង្គុយកៅអីជាប្រធានាធិបតី រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ប៉ុន្តែរឿងបែបនេះពិបាកនឹងកើតឡើងណាស់ ពីព្រោះព្រឹទ្ធសភាអាមេរិកសព្វថ្ងៃ គឺស្ថិតនៅក្រោមការគ្រប់គ្រងនៃគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ។ មួយវិញទៀត ជាធម្មតា គណបក្សមួយនេះមិនដែលបោះឆ្នោត ប្រឆាំងគ្នាឯងឡើយ ដ្បិតខ្លាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់បក្សទាំងមូល ជាពិសេសគឺអ្នកគាំទ្រតែម្ដង។

គួរបញ្ជាក់ថា បើតាមមាត្រា២ នៃកថាខណ្ឌទី៤ នៃរដ្ឋធម្មនុញ្ញអាមេរិក មន្ត្រីសហព័ន្ធក្នុងនោះរួមមាន ប្រធានាធិបតី អនុប្រធានាធិបតី និងចៅក្រមសហព័ន្ធ នឹងត្រូវបានដកចេញពីតំណែងតាមរយៈនីតិវិធីដកតំណែង ក្នុងករណីដែលត្រូវបានគេចោទប្រកាន់ជាផ្លូវការពីបទប្រព្រឹត្តបទឧក្រិដ្ឋដូចជា ក្បត់ជាតិ ពុករលួយ និងបទឧក្រិដ្ឋដ៏ទៃទៀតដែលមាន លក្ខណៈធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនយល់ថា បើសិនជា លោក ដូណាល់ ត្រាំ គ្រាន់តែត្រូវគេបានដំណើរការនីតិវិធីដកតំណែង ឬចោទប្រកាន់នៅត្រឹមសភាតំណាងរាស្ត្រ លោកនៅតែអាចចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ដដែល ហើយបើបរាជ័យបែបនេះកើតឡើងលើបក្សប្រជាធិបតេយ្យមែន វាមានន័យស្មើនឹង «លែងខ្លាឱ្យចូលព្រៃវិញ»។ ពោលគឺមានន័យថា បើលោក ត្រាំ អាចចូលរួមក្នុងការបោះឆ្នោត នោះលោកអាចនឹងជាប់ឆ្នោតជាប្រធានាធិបតីមួយអណត្តិទៀត បើទោះជាអាចបាត់បង់សំឡេងប្រតិភូមួយចំនួនក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *