ជឿទេ!! ទម្រង់ភ្នែកអាចសម្គាល់ពីអត្តចរិករបស់មនុស្ស…

ភ្នែក​ប្រៀប​បាន​ដូច​ជា​កញ្ចក់​មើល​ធ្លុះ​ទៅ​ដល់​បេះដូង និង​អាច​បង្ហាញ​ពី​អារម្មណ៍​និង​គំនិត​របស់​មនុស្ស​ម្នាក់​ៗ។ អ្នក​អាច​លាក់​បាំង​រឿង​រ៉ាវ​ដោយ​ការ​និយាយ​កុហក ប៉ុន្តែ​អ្នក​មិន​អាច​លាក់​បាំង​ តាម​រយៈ​ក្រសែ​ភ្នែក​បាន​ឡើយ។ នៅ​ក្នុង​សរីរវិទ្យា​ ភ្នែក​តំណាង​ឲ្យ​ប្រាជ្ញា​ ភាព​ជា​អ្នក​ដឹក​នាំ និង​កម្លាំង​ថាមពល។ ទំហំ​រួម​ទាំង​ទម្រង់​នៃ​ភ្នែក ក៏​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ពី​អត្តចរិត​ និង​វាសនា​ខុស​គ្នា របស់​មនុស្ស​យើង​បាន​ដែរ។
​១. ភ្នែក​ធំ​ក្រឡង់

ជា​មនុស្ស​ដែល​តែង​តែ​សប្បាយ​រីករាយ គួរ​ឲ្យ​ស្រលាញ់​ ​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ប៉ុន្តែ​​មិន​​ងាយ​កើត​ទុក្ខ​ស្មុគ​ស្មាញ​ ជាមួយ​បញ្ហា​តូច​តាច។ រី​ឯ​ចំណុច​ខ្សោយ​​​វិញ​គឺ​ឆាប់​ជឿ​ទុក​ចិត្ត​គេ​លឿន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​ធ្លាក់​ក្នុង​ឧបាយកល​បោក​បញ្ឆោត​របស់​ជន​អគតិ​មួយ​ចំនួន​។ មនុស្ស​ស្រី​ដែល​មាន​ភ្នែក​ធំ​ក្រឡង់​ តែង​តែ​មាន​មន្ត​ស្នេហ៍ មាន​ដុង​ផ្នែក​សិល្បៈ មាន​សំឡេង​ពីរោះ​ និង​ចូល​ចិត្ត​បណ្តែត​អារម្មណ៍​ជាមួយ​ចង្វាក់​ភ្លេង។
​​​​​២. ភ្នែក​តូច

ជា​មនុស្ស​ដែល​មាន​ចិត្ត​ត្រជាក់​ ចេះ​ប្រុង​ប្រយ័ត្ន និង​អាច​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ។ មុន​ពេល​ធ្វើ​អ្វី​មួយ អ្នក​តែង​រៀប​ចំ​ចាត់​ចែង​យ៉ាង​ម៉ត់​ចត់ និង​ចាប់​ផ្តើម​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​។ អ្នក​ក៏​ជា​ប្រភេទ​មនុស្ស ដែល​មាន​គំនិត​បែប​បុរាណ ប៉ុន្តែ​ស័ក្តិ​សម​ខ្លាំង​ជាមួយ​មុខ​ជំនាញ​មេកានិច វិភាគ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ។ អ្នក​ចូល​ចិត្ត​ភាព​ស្ងៀមស្ងាត់ មិន​សូវ​ចេះ​មាត់​ក​ ​មិន​​ត្រេក​ត្រអាល​នៅ​កន្លែង​មាន​មនុស្ស​អ៊ូអរ​​ច្រើន និង​​អៀន​ប្រៀន​ពេល​សន្ទនា​ជាមួយ​ភេទ​ផ្ទុយ​គ្នា។
៣. ទម្រង់​ភ្នែក​វែង

​អ្នក​ជា​មនុស្ស​គិត​គូរ​​ម៉ត់​ចត់ វៃ​ឆ្លាត​ និង​ស្ទាត់​ជំនាញ​លើ​គ្រោងការណ៍​ផ្សេងៗ។ ជាមួយ​នឹង​អត្តចរិត​​មិន​ឆេវឆាវ​ និង​មិន​​ពុតត្បុត ជា​ហេតុ​នាំ​ឲ្យ​អ្នក​អាច​ទទួល​បាន​ជោគជ័យ​លើ​កិច្ច​ការ​ផ្សេងៗ​។ អ្នក​ជ្រើស​រើស​ផ្លូវ​ជីវិត​ ដែល​មាន​​ក្តី​សុខ​ គ្មាន​ទុក្ខ​ជំពាក់ជំពិន​ច្រើន​។
៤. ភ្នែក​មូល

ទម្រង់​ភ្នែក​បែប​នេះ​ បញ្ជាក់​ថា​ជា​មនុស្ស​ ដែល​ឆ្លាត​វៃ សប្បាយ​ស្រស់​ស្រាយ និង​មាន​មនោសញ្ចេតនា​ខ្ពស់​ ព្រម​ទាំង​មាន​គេ​ឯង​ចាប់​អារម្មណ៍​ច្រើន​ ប៉ុន្តែ​​អាច​ជួប​បរាជ័យ ដោយ​សារ​ខ្វះ​ការ​ត្រិះរិះ​ពិចារណា​ល្អិតល្អន់។ អ្នក​​ឆាប់​បញ្ចេញ​ប្រតិកម្ម ចេះ​​សម្រប​ខ្លួន មាន​គំនិត​វិជ្ជមាន មិន​ចេះ​លាក់​អារម្មណ៍ និង​ប៉ិន​ប្រសប់​​ក្នុង​ការ​ទំនាក់​ទំនង​ក្នុង​សង្គម។ អ្នក​ចូល​ចិត្ត​ភាព​រ៉ូមែនទិក ប៉ុន្តែ​ពិបាក​ទប់​អារម្មណ៍ ពេល​មាន​ឥទ្ធិពល​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។
៥. ភ្នែក​ធ្លាក់​នៅ​ផ្នែក​កន្ទុយ

អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ពូកែ​ខាង​សង្កេត​តាម​ដាន មាន​ការ​ត្រិះរិះ​ពិចារណា​ខ្ពស់ ចេះ​ប្រុង​ប្រយ័ត្ន​រាល់ពេល​​ធ្វើ​អ្វី​មួយ និង​អាច​ជា​ជំនួយ​ការ​ដ៏​ឆ្នើម​មួយ​រូប។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​កន្ទុយ​ភ្នែក​ ធ្លាក់​ខ្លាំង​ពេក ក៏​អាច​បញ្ជាក់​ពី​ចំណុច​​ខ្វះ​ខាត ស្ទាក់ស្ទើរ ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​បញ្ហា​នានា។
៦. ភ្នែក​មាន​កន្ទុយ​បាញ់​ឡើង​លើ

អ្នក​ជា​មនុស្ស​សកម្ម រហ័ស​រហួន ចូល​ចិត្ត​និយាយ​ត្រង់ៗ ចេះ​បម្លែង​បរិយាកាស​ឲ្យ​ល្អ​ប្រសើរ និង​ប្រើ​ប្រាស់​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍។ អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ប្រកាន់​គំនិត​សុទិដ្ឋិនិយម គ្រាន់​តែ​ពេល​ខ្លះ ខ្វះ​ការ​ពិចារណា​វែង​ឆ្ងាយ មាត់​ឆៅ​​បន្តិច​ ជា​ហេតុ​​បណ្តាល​ឲ្យ​ពេល​ខ្លះ មាន​មនុស្ស​មិន​ចូល​ចិត្ត​ឬ​បង្ក​ជា​ការឈ្លោះប្រកែកគ្នា​ជា​ដើម។
៧. ភ្នែក​វែង​ហើយ​បាញ់​ឡើង​លើ

​​វា​ជា​ទម្រង់​ភ្នែក​ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា (phoenix eye) ដែល​អាច​បង្ហាញ​ពី​​​បុគ្គលិកលក្ខណៈ​​​ស្រទន់​មាន​​មន្ត​ស្នេហ៍ មាន​​មនោសញ្ចេតនា ថែម​ទាំង​មាន​ប្រជាប្រិយភាព​ ទាក់​ចិត្ត​ពី​មនុស្ស​ភេទ​ផ្ទុយ​គ្នា។ អ្នក​ជា​មនុស្ស​ដែល​បង្កប់​ដោយ​អាថ៌កំបាំង មាន​ទេពកោសល្យ​​​ទាំង​ផ្នែក​សម្រស់​និង​ការ​សិក្សា​រៀន​សូត្រ៕ប្រភបពី កញ្ញា

Leave a Reply

Your email address will not be published. Required fields are marked *