ចូលរួមអភិរក្សសត្វកម្រ!! ថ្មីៗនេះកូនផ្សោតមួយក្បាលទៀតហើយដែលបានកើតក្នុងខេត្តក្រចេះហើយបច្ចុប្បន្ននេះផ្សោតនៅទន្លេមេគង្គរបស់កម្ពុជាមានជាង …

(ភ្នំពេញ)៖ ក្រុមស្រាវជ្រាវនៃអង្គការ WWF-កម្ពុជា រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលនៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលក្រុមការងារកំពុងចុះបំពេញការងារត្រួតពិនិត្យសកម្មភាពនេសាទខុសច្បាប់ក្នុងតំបន់ការពារសត្វផ្សោត។ នេះបើយោងតាមការផ្សព្វផ្សាយរបស់អង្គការសម្រាប់អភិរក្សធនធានធម្មជាតិកម្ពុជា (WWF-Cambodia)។

បន្ទាប់ពីបានប្រទះឃើញវត្តមានកូនផ្សោតទើបកើតថ្មីនោះ ក្រុមការងារបានធ្វើការអង្កេតពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំ ដែលមានកូនតូចនៅជាមួយ និងថតរូបកូនផ្សោតថ្មីនោះ និងមេរបស់វា។ កូនផ្សោតទើបកើតថ្មីនោះ មានអាយុប្រហែលជាមួយថ្ងៃហើយ នៅក្នុងក្រុមហ្វូងផ្សោតធំ ដែលមានចំនួនប្រមាណជាប្រាំពីរក្បាល។

អង្គការ WWF-កម្ពុជា បានបញ្ជាក់ទៀតថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី១៣ ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែធ្នូនេះ ដោយក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាល ត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំពីរក្បាល ត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ។
កូនផ្សោតកើតថ្មី និងកំណើនចំនួនសត្វផ្សោតជាលទ្ធផល ដែលឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង អង្គការ WWF-កម្ពុជា សហគមន៍ និងដៃគូពាក់ព័ន្ធនានា។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ធ្លាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា សត្វផ្សោតនៅទន្លេមេគង្គបានកើតជារៀងរាល់ឆ្នាំ។ ក្នុងនោះឆ្នាំ២០១៥ កើតបាន ១២ក្បាល, ឆ្នាំ២០១៦ កើតចំនួន ១១ក្បាល, ឆ្នាំ២០១៧ កើតចំនួន ៩ក្បាល និងឆ្នាំ២០១៨ កើតចំនួន ៩ក្បាល។
ប្រធានរដ្ឋបាលជលផល បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះផ្សោតនៅទន្លេមេគង្គរបស់កម្ពុជាមានចំនួនសរុបជាង ១០០ក្បាល។ លោកបានសម្តែងការអបអរសាទរ ចំពោះវត្តមានកូនផ្សោតថ្មី ដែលជាប្រភេទសត្វកម្រមួយនៅកម្ពុជា។ សត្វផ្សោតនៅទន្លេមេគង្គនៅអន្លង់ផ្សោតកាំពី ក្នុងខេត្តក្រចេះ និងអន្លង់ផ្សោតនៅខេត្តស្ទឹងត្រែង កំពុងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិដ៏ទាក់ទាញមួយនាពេលបច្ចុប្បន្ន។
បើតាមលោកប្រធានរដ្ឋបាលជលផល បានចាត់ទុកវត្តមានសត្វផ្សោតថ្មីនេះ នឹងក្លាយជាការរួមចំណែកសំខាន់មួយទៀត ក្នុងវិស័យទេសចរណ៍នៅតាមដងទន្លេមេគង្គ។ លោក អេង ជាសាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍នេសាទចូលរួមការពារសត្វផ្សោតទាំងអស់គ្នា ដើម្បីបង្កើនចំនួនសត្វផ្សោតឲ្យបានកាន់តែច្រើនក្នុងទន្លេមេគង្គរបស់កម្ពុជា៕

ប្រភព៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *