តោះមកដឹងការស្លាប់របស់បុគ្គលល្បីៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំង ១០រូបជុំវិញពិភពលោក ដែលត្រូវបានគេធ្វើឃាត…

ថ្មីៗនេះការធ្វើឃាតលោក គីម ជុងណាំ បងប្រុសលោក គីម ជុងអ៊ុន មេដឹកនាំផ្តាច់ការរបស់ប្រទេសកូរ៉េខាងជើង បានក្លាយជារឿងដ៏ក្តៅមួយសម្រាប់មនុស្សទូទាំងពិភពលោក ខណៈដែលការធ្វើឃាតនេះ នៅមិនទាន់រកឃើញចម្លើយនៅឡើយ។ យ៉ាងនេះក្តី មនុស្សបានដាក់ការសង្ស័យទៅលើប្អូនប្រុសរបស់លោកផ្ទាល់ថា អាចជាអ្នកនៅពីក្រោយការធ្វើឃាតនេះ។កន្លងមកក៏មានបុគ្គលសំខាន់ៗជាច្រើនរូប ដែលត្រូវបានគេធ្វើឃាតដោយសារហេតុផលផ្សេងៗ។

ឆ្លៀតឱកាសនេះសូមបង្ហាញពីបុគ្គលសំខាន់ៗ ១០រូប ដែលបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្បីល្បាញ បន្ទាប់ពីរងការធ្វើឃាត៖១៖ លោកស្រី Benazir Bhutto (ជនជាតិប៉ាគីស្ថាន)៖ ជាសហប្រធាននៃបក្សប្រជាជនប៉ាគីស្ថាន លោកស្រី ជាស្ត្រីនយោបាយសង្គមនិយមបែបប្រជាធិបតេយ្យ ដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសប៉ាគីស្ថាន និងជាប្រធានាធិបតីទី១១ របស់ប្រទេសអាស៊ីខាងត្បូងនេះផងដែរ។ ក្នុងពេលកាន់ដំណែងជានាយករដ្ឋមន្ត្រី លោកស្រី Benazir Bhutto ជាបុគ្គលសំខាន់ដែលធ្វើការដើម្បីទាមទារប្រជាធិបតេយ្យ។

លោកស្រីត្រូវបានគេធ្វើឃាត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧ ខណៈស្ត្រីជាមេដឹកនាំរូបនេះ ចូលទៅក្នុងរថយន្ត Land Cruiser ពណ៌ស ដែលមានភាពទំនើប និងអាចការពារពីគ្រាប់កាំភ្លើងបាន។ តែជាអុសល ពេលនោះលោកស្រី បានឈរតាមចន្លោះប្រផោងនៃដំបូលរថយន្ត ដើម្បីលើកដៃស្វាគមន៍ទៅកាន់ហ្វូងមនុស្ស ក៏រងការបាញ់ប្រហារពីខ្មាន់កាំភ្លើងទៅលើលោកស្រីតែម្តង លើសពីនេះទៅទៀត ថែមទាំងមានការបំផ្ទុះគ្រាប់បែកក្បែររថយន្តរបស់លោកស្រីផងដែរ ដែលបណ្តាលឱ្យមនុស្សប្រមាណ ២០នាក់ត្រូវស្លាប់។

២.លោក John F.Kenneday (ជនជាតិអាមេរិក)៖ ជាប្រធានាធិបតីទី៣៨ របស់សហរដ្ឋអាមេរិក ដែលកាន់អំណាចពីឆ្នាំ១៩៦១ រហូតដល់ដង្ហើមចុងក្រោយ គឺឆ្នាំ១៩៦៣។ លោកត្រូវបានគេធ្វើឃាតដោយការបាញ់ប្រហារ ខណៈលោកធ្វើដំណើរតាមក្បួនរថយន្ត តាមបណ្តោយផ្លូវទៅកាន់រដ្ឋតិចសាស់។ លោកជាប្រធានាធិបតីដែលជាប់ឆ្នោតក្មេងជាងគេម្នាក់ ហើយក៏ជាប្រធានាធិបតីដែលត្រូវគេធ្វើឃាតក្មេងជាងគេផងដែរ។

៣.លោកស្រី Gandhi (ឥណ្ឌា)៖ លោកស្រី Indira Priyadarshini Gandhi ជាអ្នកនយោបាយ និងជានាយករដ្ឋមន្ត្រីទី៣ របស់ប្រទេសឥណ្ឌា ដោយកាន់អំណាចរហូតដល់ ៤អាណត្តិ។ មេដឹកនាំស្ត្រីទីមួយរូបនេះ បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយសហភាពសូវៀត ដើម្បីពឹងផ្អែកប្រទេសនេះក្នុងគោលដៅទប់ទល់នឹងប្រទេសប៉ាគីស្ថាន។

លោកស្រីត្រូវបានធ្វើឃាតនៅវេលាម៉ោង ៩៖២០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៨៤ នៅវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងញ៉ូវដេលី។ លោកស្រីត្រូវបានសម្លាប់ដោយអង្គរក្សផ្ទាល់របស់លោកស្រី ២រូប គឺលោក Satwant Singh និងលោក Beant Sigh។៤៖ លោក Martin Luther King (ជនជាតិអាមេរិក)៖ លោកជាអ្នកបួសជនជាតិអាមេរិកាំង ជាសកម្មជន និងជាមេដឹកនាំដ៏លេចធ្លោម្នាក់ក្នុងចលនាទាមទារសិទ្ធិសម្រាប់ជនស៊ីវិលអាមេរិកអាហ្វ្រិក។

លោកទទួលបានភាពល្បីល្បាញដោយសារតួនាទីរបស់លោក ក្នុងចលនាទាមទារសិទ្ធិមនុស្សដោយអហិង្សា។មិនតែប៉ុណ្ណោះក្នុងអំឡុងឆ្នាំ១៩៦៨ លោកបានផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ភាពក្រីក្រ និងបញ្ឈប់សង្គ្រាមវៀតណាម។ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៦៨ ស្នូរកាំភ្លើងបានផ្ទុះឡើង ខណៈដែលលោក King ឈរនៅសណ្ឋាគារជាន់ទីពីរ ដោយគ្រាប់កាំភ្លើងបានទម្លុះថ្ពាល់ខាងស្តាំ បែកចង្កា ធ្លាយដល់ស្មារបស់លោក។ ការធ្វើឃាតលោក ជម្រុញឲ្យមានចលនាបះបោរនៅតាមបណ្តាទីក្រុងជាង ១០០ទូទាំងប្រទេស។

៥៖ លោក Abraham Lincoln (សហរដ្ឋអាមេរិក)៖ ជាប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិក លោកបានដឹកនាំប្រទេសឆ្លងកាត់សម័យសង្គ្រាមស៊ីវិល បញ្ចប់របបទាសភាពជាដើម។ លោកទទួលបានភាពល្បីល្បាញជាខ្លាំង និងការគោរព។ ការធ្វើឃាតលោកបានកើតឡើងចំថ្ងៃទី១៤ ខែមេសា ឆ្នាំ១៨៦៥ ខណៈដែលសង្គ្រាមស៊ីវិលអាមេរិក ស្ទើរឈានដល់ទីបញ្ចប់។ លោកត្រូវបានគេចាត់ទុកជាប្រធានាធិបតីអាមេរិកទីមួយ ដែលត្រូវបានធ្វើឃាត។ យ៉ាងនេះក្តី លោក Andrew Jackson ត្រូវបានគេគ្រោងធ្វើឃាតផងដែរ ក្នុងឆ្នាំ១៨៣៥ តែត្រូវបរាជ័យ។

៦៖ លោក Liaquat Ali Khan (ជនជាតិប៉ាគីស្ថាន)៖ ជាបិតាស្ថាបនិករបស់ប្រទេសប៉ាគីស្ថាន ជារដ្ឋបុរស ជាសមាជិកសភា ជាអ្នកនយោបាយដែលបានក្លាយជាប្រធានាធិបតីទី១ របស់ប្រទេសប៉ាគីស្ថាន រួមជាមួយនឹងដំណែងសំខាន់ៗផ្សេងៗទៀត។ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៥១ លោកត្រូវបានឃាតករពីរនាក់បាញ់សម្លាប់ ក្នុងពេលលោកធ្វើកិច្ចជំនួបជាមួយសាធារណជនក្នុងទីក្រុង League ដែលជាទីក្រុងរបស់ពួកម៉ូស្លីម។ ភ្លាមៗនោះប៉ូលីសបានបាញ់សម្លាប់ ឃាតករ ដែលត្រូវបានគេស្គាល់ឈ្មោះថា Saad Akbar Babrak។

៧៖ ព្រះរាជា Faisal (ជនជាតិអារ៉ាប៊ីសាអូឌីត)៖ ជាព្រះរាជារបស់ប្រទេសអារ៉ាប៊ីសាអូឌីត ពីឆ្នាំ១៩៦៤-១៩៧៥។ ក្នុងនាមជាព្រះរាជាម្នាក់ ទ្រង់ទទួលបានកេរ្តិ៍ឈ្មោះដោយសារការសង្គ្រោះប្រទេសពីវិបត្តិសង្គ្រាម និងបង្កើតនយោបាយបែបទំនើប និងធ្វើកំណែទម្រង់ទៅលើបញ្ហាជាច្រើន។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៧៥ ទ្រង់ត្រូវបានក្មួយរបស់ទ្រង់បាញ់សម្លាប់ ដែលមានឈ្មោះថា Faisal Bin Musaid ទើបត្រឡប់ពីសហរដ្ឋអាមេរិក។

៨៖ លោក Thomas D’Arcy McGee (ប្រទេសកាណាដា)៖ លោកជាជនជាតិអៀឡង់ ជាអ្នកសារព័ត៌មាន។ លោកបានតស៊ូអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍ជនជាតិអៀឡង់ និងកាណាដា។ លោកជាមនុស្សដែលមានគំនិតអភិវឌ្ឍន៍ថ្មីជានិច្ច និងជាអ្នកនយោបាយកាណាដាដែលរងគ្រោះដោយការធ្វើឃាត។នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ១៨៦៨ លោក McGee បានចូលរួមក្នុងកិច្ចពិភាក្សាក្នុងសភាដែលរៀបចំឡើងរហូតដល់រំលងអាធ្រាត។

នៅពេលត្រឡប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង ២រំលងអាធ្រាត្រ ខណៈរង់ចាំគេបើកទ្វាររបង លោកត្រូវបានធ្វើឃាតតែម្តង ដោយឃាតករមានឈ្មោះថា Patrick J.Whelan។៩៖ លោក Rafic Hariri (ជនជាតិលីបង់)៖ លោកជាពាណិជ្ជករមហាសេដ្ឋីម្នាក់ និងជានាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ និងកាន់អំណាចជាថ្មីពីឆ្នាំ២០០០ រហូតដល់ពេលលោកលាលែងពីដំណែងក្នុងឆ្នាំ២០០៤។ លោកត្រូវបានគេធ្វើឃាតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៥ នៅពេលមានការបំផ្ទុះគ្រាប់បែកដែលមានថាមពលរហូតដល ១,០០០គីឡូក្រាម TNT លើក្បួនរថយន្តរបស់លោក ពេលធ្វើដំណើរឆ្លងកាត់ផ្លូវ St.George Hotel ក្នុងរដ្ឋធានី Beirut ប្រទេសលីបង់។

១០៖ លោក Mahatma Gandhi (ជនជាតិឥណ្ឌា)៖ លោកជាសកម្មជននយោបាយជនជាតិឥណ្ឌា និងជាមេដឹកនាំផ្នែកស្មារតីរបស់មនុស្ស ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដ៏ខ្ពង់ខ្ពស់នៃជនជាតិឥណ្ឌា ក្នុងសម័យក្រោមការដឹកនាំរបស់ចក្រភពអង់គ្លេស។ លោកបានដឹកនាំនូវចលនាបះបោរទាមទារឯករាជ្យដោយអហិង្សា ជម្រុញឱ្យចលនាទាំងនេះ កើនឡើងកាន់តែខ្លាំងឡើងពាសពេញពិភពលោក។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៤៨ លោក ត្រូវបានគេបាញ់សម្លាប់ ខណៈលោកនៅលើវេទិកាមួយ កំពុងថ្លែងទៅកាន់ក្រុមអ្នកសូត្រធម៌៕

Leave a Reply

Your email address will not be published. Required fields are marked *