កូនខ្មែរ៥រូប! ដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ និងបាននាំមកនូវកិត្តិយសដ៏ធំធេងជូនជាតិ
មនុស្សមានសមត្ថភាពអស្ចារ្យ គឺជាធនធានដ៏កម្របំផុតនៅក្នុងប្រទេសនីមួយៗលេីសកលលោកយេីងនេះ ដោយពួកគេអាចធ្វើរឿងដែលនឹកស្មានមិនដល់ ដោយចំពោះមនុស្សធម្មតាមិនអាចធ្វេីបាននោះឡេីយ។ ដោយឡែក នៅថ្ងៃនេះ ក្រុមការងារ KhmerOsja យេីងខ្ញុំ នឹងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់ពីកូនខ្មែរចំនួន៥រូប
ដែលកាលពីពេលថ្មីៗនេះ ពួកគេបានសាងភាពអស្ចារ្យដល់ប្រជាជាតិកម្ពុជា ដោយការបង្ហាញពីសមត្ថភាពរបស់ខ្លួនលេីឆាកអន្តជាតិអោយពិភពលោកបានស្គាល់ និងទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ដោយនាំយកកិត្តិយសមកជូនជាតិ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានមានក្តីរំភើបរីករាយ សរសើរមិនដាច់ពីមាត់ និងមានមោទនភាពជាខ្លាំង ដោយក្នុងនោះរួមមានដូចជា៖
1- ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿងក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 លេីកទី៣០ នៅប្រទេសហ្វីលីពីន ក្នុងវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ឈ្នះក្រុមកីឡាការិនីរបស់ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលពិន្ទុ ១៣ទល់នឹង៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ។
2- កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានយកឈ្នះដៃគូប្រកួតរបស់ខ្លួន បន្ទាប់ពីបានខិតខំតស៊ូយ៉ាងស្វិតស្វាញក្នុងការប្រកួតប្រជែងជាមួយកីឡាករមកពីច្រើនប្រទេស ក្នុងការប្រកួតព្រឹត្តិការណ៍ Thai Airways International Jet Ski World Cup 2019 កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ នៅខេត្ត Pattaya ប្រទេសថៃនេះ។
3- និស្សិត ហុង ភារិន អច្ឆរិយកម្ពុជា បាននាំយកទង់ជាតិខ្មែរ មកបង្ហាញក្នុងវេទិកានៃការប្រកួតនៅក្នុងកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ និងបានរៀបចំឡេីងនៅក្នុងក្រុង អ៊ូហាន ប្រទេសចិន។
4- កីឡាការិនីតេក្វាន់ដូ WT កម្ពុជា វិរៈនារី ស៊ន សៀវម៉ី បានប្រកួតឈ្នះលើកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុប្រកៀកប្រកិតគ្នា៣ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 លេីកទី៣០ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ។
5- កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា ទទួលបានមេដាយមាស បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីននៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games 2019) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។