អានហើយទ្រាំស្រក់ទឹកភ្នែកមិនបាន!!! ពេលដឹងប្រវត្តិដ៏កំសត់របស់ នេនតូចមួយអង្គនេះ

គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Tum Khourn បានបង្ហោះរូបភាពពីរសន្លឹករបស់នេនតូចមួយអង្គ ព្រមទាំងបានបង្ហោះសាររៀបរាប់មួយទាក់ទង នេនតូចអង្គនេះ អានចប់ពិតជាធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង។ ម្ចាស់ហ្វេសប៊ុករូបនេះបញ្ជាក់ថា៖

ថ្ងៃនេះជាថ្ងៃ៧កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក នៅវេលាម៉ោង ប្រហែល ១:១៥ នាទី ថ្ងៃរសៀល ខ្ញុំមានធុរៈសំខាន់ត្រូវទៅខេត្ត បាត់ដំបង ។

នៅពេលដែលខ្ញុំកំពុងធ្វើដំណើរតាមផ្លូវ ខ្ញុំបានឃើញសាមណេរតូចមួយអង្គកំពុងនិមន្តថ្មើរជើងជាមួយនឹងឆ័ត្រក្នុងព្រះហស្តខាងឆ្វេង និងស្មាខាងស្តាំស្ពាយថង់យាម នៅត្រង់ចំណុចហួសផ្លូវចូលទៅភ្នំធិបតី ស្រុកគាស់ក្រឡប្រមាណជា១០០ម៉ែត្រ។ក្នុងខណៈដែលខ្ញុំបានឃើញលោកអំពីចំងាយ ខ្ញុំក៏បានបន្ថយល្បឿនម៉ូតូក្នុងបំណងនិមន្តលោកឲ្យគង់(ជិះ) ម៉ូតូទៅជាមួយដោយគិតថា លោកប្រហែលជានិមន្តទៅកាន់ទីជិត តែរឿងបានកើតឡើងផ្ទុយអំពីគំនិតខ្ញុំដូចតទៅ ខ្ញុំបានឈប់ម៉ូតូហើយសួរថា “ព្រះតេជគុណ និមន្តទៅដល់ណា?

អាត្មា ទៅវត្តអន្លង់វិល។ លោកបានឆ្លើយតប។ ចម្លើយរបស់លោកបានធ្វើឲ្យថ្លើមខ្ញុំធ្លាក់ក្តុក ព្រោះវាជារឿងដែលមិនគួរឲ្យជឿ ម៉្យាងទៀតមើលទៅលោកនៅក្មេងល្ហក់ តែហ៊ានសម្រេចចិត្តនិមន្តដើរក្នុងចម្ងាយផ្លូវដ៏ឆ្ងាយតែមួយអង្គឯង។ ខ្ញុំបាននិមន្តលោកឲ្យឡើងគង់លើម៉ូតូ ហើយបានសួរថា “ហេតុអ្វីបានជាព្រះតេជគុណមិនជិះឡាន?” “អាត្មាមិនមានលុយទេ” លោកបានឆ្លើយ។

“ចុះហេតុម្តេច ព្រះតេជគុណមិនសាកកាក់ឡានហើយសុំគេគង់ទៅ?” ខ្ញុំបានសួរ។ “អាត្មាមិនហ៊ានទេ ញោម” លោកបានឆ្លើយ។ ខ្ញុំ: “ចុះព្រះតេជគុណនិមន្តមកពីណា?” លោក: “អាត្មាមកពីវត្តភ្នំធិបតី។” ខ្ញុំ: “ចុះ ព្រះតេជគុណនិមន្តថ្មើរជើងដូច្នេះគិតថាស្មើណាទើបដល់វត្តអន្លង់វិល?” លោក: “អាត្មាមិនដឹងដែរ ញោម។” ខ្ញុំ: “ព្រះតេជគុណទៅវត្តអន្លង់វិលធ្វើអី?” លោក: “អាត្មាទៅរៀន។” ខ្ញុំ: “ព្រះតេជគុណរៀនអី?” លោក: “រៀនបាលី ញោម។” ខ្ញុំ: “តើញោមប្រុស និងញោមស្រីរបស់តេជគុណនៅឯណា?” លោក: “អាត្មាមិនមានញោមទេ ពួកគាត់បានស្លាប់ចោលអាត្មាតាំងពីកូនង៉ា។” ខ្ញុំ: “ចុះព្រះតេជគុណមានបងប្អូនប៉ុន្មាននាក់? លោក: “អាត្មាមានបងប្អូនពីរនាក់។”

ខ្ញុំ: “អ៊ីចឹង តើព្រះតេជគុណជាកូនប្អូន ឬកូនបង?” លោក: “អាត្មាជាប្អូន។” ខ្ញុំ: “តើបងរបស់តេជគុណនៅឯណា?” លោក: “អាត្មាមិនដឹងដែរ។” ខ្ញុំ: “តើបងរបស់តេជគុណប្រុស ឬស្រី?” លោក: “អាត្មាមិនដឹងដែរ ញោម។” ខ្ញុំ: “បើព្រះតេជគុណមិនដឹងថាបងខ្លួនឯងជាស្រី ឬក៏ប្រុសផង ហេតុអ្វីព្រះតេជគុណដឹងថាខ្លួនឯងមានបង?” លោក: “លោកតាបានប្រាប់អាត្មាថាអ៊ីចឹង ប៉ុន្តែអាត្មាមិនបានសួរលោកថាស្រី ឬប្រុសទេ។” ខ្ញុំ: “ចុះស្រុកកំណើតតេជគុណនៅឯណា?”

លោក: “នៅព្រែកនរិន។”ខ្ញុំ: “ហេតុអ្វីបានជាព្រះតេជគុណដឹងថាស្រុកកំណើតខ្លួនឯងនៅព្រែកនរិន?” លោក: “លោកតាជាអ្នកប្រាប់។” ខ្ញុំ: “តើព្រះតេជគុណមានព្រះនាមអ្វី?” លោក: “អាត្មាឈ្មោះ រឿត បញ្ញា។” ខ្ញុំ: “តើព្រះតេជគុណបួសបានប៉ុន្មានព្រះវស្សាហើយ?” លោក: “អាត្មាបួសបាន ពីរវស្សាហើយ។?

ខ្ញុំ: “តើព្រះតេជគុណមានព្រះជន្មប៉ុន្មានវស្សាហើយ?” លោក: “១២ វស្សាហើយ។” ខ្ញុំ: “តើមុនបួស ព្រះតេជគុណធ្លាប់បានរៀនដែរឬទេ?” លោក: “អាត្មាបានរៀនដល់ថ្នាក់ទី៦។”ខ្ញុំ: “ចុះព្រះតេជគុណទៅរៀននៅវត្តអន្លង់វិល ជាចំណង់ខ្លួនឯង ឬមានអ្នកណានាំទៅ?” លោក: “លោកតានាំទៅដាក់នៅទីនោះ។”ខ្ញុំ: “ចុះព្រះតេជគុណខ្លួនឯងមានចង់រៀនឬទេ?” លោក: “អាត្មាចង់។” ខ្ញុំ: “ព្រះតេជគុណប្រាប់ថា ទៅរៀនភាសាបាលី តើព្រះតេជគុណមានបានទន្ទេញបាលីខ្លះឬនៅ?”

លោក: “បាន, អាត្មាបានទន្ទេញចប់ការន្តហើយ។” ខ្ញុំ: “តើព្រះតេជគុណអាចសូត្រមួយអង្គឯងកើតឬអត់?”លោក: “អាត្មាសូត្រកើត។”ខ្ញុំ និងលោកបានសន្ទនាគ្នារហូតដល់វត្តអន្លង់វិល ហើយក៏បានឈប់នៅមុខខ្លោងទ្វារចូលវត្តដើម្បីឲ្យលោកនិមន្តចុះ។ បន្ទាប់មកខ្ញុំក៏បានដកលុយពីក្នុងកាបូបចំនួន២០០០០រៀលដើម្បីប្រគេនលោក ហើយពិតលោកថា “បើព្រះតេជគុណចង់បានជីវិតដ៏ប្រសើរមានតែការប្រឹងប្រែងរៀនសូត្រទេ ទើបអាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។”

ខ្ញុំដឹងថាលុយត្រឹម២០០០០រៀលមិនច្រើនទេ តែធ្វើម៉េចបើលទ្ធភាពខ្ញុំអាចទៅរួចប៉ុណ្ណឹង។ទោះជាយ៉ាងណាខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង ដោយមិនដឹងថាត្រូវយកអ្វីមកប្រៀបផ្ទឹមនឹងទង្វើល្អមួយនេះទេ ព្រោះថាបើខ្ញុំមិនបានសម្រចចិត្តឈប់ម៉ូតូ និមន្តលោកឲ្យគង់ជាមួយទេ ខ្ញុំក៏ច្បាស់ជាមិនបានដឹងអំពីប្រវត្តិដ៏គួរអោយអាណិតរបស់លោកដែរ។ ពេលនោះ លោកក៏បាននិមន្តចូលក្នុងទៅ ឯខ្ញុំបានថ្វាយបង្គំលាលោកហើយក៏បន្តដំណើររបស់ខ្ញុំតទៅទៀត។ បញ្ជាក់: ចម្ងាយផ្លូវពី ក្បាលថ្នល់ចូលទៅភ្នំធិបតីរហូតដល់វត្តអន្លង់វិលគឺ ២៥គីឡូម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *