ក្បួនរថយន្តទេសចរណ៍ខ្នាតធំលើកដំបូងមកពីប្រទេសចិន សម្រាប់កម្ពុជា!!!

ភ្នំពេញ: ក្បួនរថយន្តទេសចរណ៍ Caravan Tours ដែលធ្វើដំណើរពីប្រទេសចិន បានមកដល់រាជធានីភ្នំពេញហើយ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានរថយន្តសរុបចំនួន២០គ្រឿង។

លោក ហ៊ុល សីលា អគ្គនាយករងនៃក្រសួងទេសចរណ៍ ដែលបានដឹកនាំក្រុមការងារក្រសួងទេសចរណ៍អមដំណើរជាមួយក្បួនរថយន្តទេសចរណ៍ខាងលើ បានឲ្យដឹងថា ក្បួនរថយន្តទេសចរណ៍នេះជាប្រភេទរថយន្តមានបន្ទប់គេង ដែលបានចេញដំណើរពីទីក្រុងឃុនមីង ខេត្តយូណាន ប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ មកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមទទួលស្វាគមន៍ពីមន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ។

​​សូមបញ្ជាក់ថា ក្បួនរថយន្តទេសចរណ៍នេះត្រូវបានប្រារព្ធធ្វើពិធីបើកជាផ្លូវការនៅទីក្រុងយុនមីង ខេត្តយូណានប្រទេសចិន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន លោក នៃ ចេងហ្វា អភិបាលខេត្តយូណាន ដោយមានការចូលរួមពីសំណាក់លោកហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងលោក ភូឃុង វ៉ាន់ណាវង្ស អភិបាលរងក្រុងវៀងចន្ទន៍ ប្រទេសឡាវ។


ក្បួនរថយន្តទេសចរណ៍នេះត្រូវបានរៀបចំឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ក្នុងក្របខណ្ឌមេគង្គ-ឡានឆាង និងដើម្បីអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩ ក្រោយពីមានជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិនកាលពីដើមឆ្នាំ២០១៨នេះ។ តំណាងភាគីចិនបានចាត់ទុកក្បួនរថយន្តទេសចរណ៍ បើកបរដោយខ្លួនឯងនេះ គឺជាគំនិតច្នៃប្រឌិតថ្មីមួយក្នុងការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសចិន ឡាវ និងកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លានៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។

​លោក ហោ សារុន ក៏បានចាត់ទុកក្បួនរថយន្តទេសចរណ៍នេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀតដើម្បីអបអរសាទរដល់ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា ចិន ឆ្នាំ២០១៩ និងជាវិធីល្អដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរចិនឲ្យមកទស្សនាប្រទេសកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។អនុរដ្ឋលេខាធិការរូបនេះបានបញ្ជាក់ថា ការមកដល់នៃក្បួនរថយន្តទេសចរណ៍នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ

និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការជំរុញឲ្យភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរបើកបរខ្លួនឯងដោយប្រើប្រាស់មធ្យោបាយ ធ្វើដំណើរផ្ទាល់ខ្លួនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិនានា ក្នុងកម្ពុជាដោយមិនចាំបាច់ស្នើសុំមកក្រសួងទេសចរណ៍និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទៀតឡើយ គឺពួកគាត់អាចបំពេញបែបបទប្រតិវេទន៍គយសង្ខេបជាមួយមន្ត្រីគយនៅតាមច្រកទ្វារ ដោយមិនមានការតម្កល់ប្រាក់និមុត្តិធានា និងបង់ប្រាក់ធានារ៉ាប់រងឡើយ។

លោក ហោ សារុន ក៏បានស្នើសុំឲ្យសមត្ថកិច្ចដែលបម្រើការងារនៅតាមច្រកទ្វារបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើបដិសណ្ឋារកិច្ច ផ្តល់សេវាកម្មប្រកបដោយគុណភាព ញញឹម_ រួសរាយរាក់ទាក់ ស្វាគមន៍ដោយមិនបង្កភាពលំបាក ឬបញ្ហអ្វីដល់ភ្ញៀវទេសចរ ដែលសក្តិសមនឹងកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។

តាមការគ្រោងទុក ក្បួនរថយន្តទេសចរណ៍នេះឆ្លងកាត់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប មុនពេលត្រឡប់ទៅកាន់ទីក្រុងឃុនមីង ខេត្តយូណាន ប្រទេសចិនវិញដែលមានរយៈពេលសរុបចំនួន២៧ថ្ងៃ ក្នុងរយៈចម្ងាយទាំងទៅទាំងមកប្រមាណ៥.៧២០គីឡូម៉ែត្រ។

ក្បួនរថយន្តទេសចរណ៍នេះនឹងត្រឡប់ទៅវិញដោយពាំនាំយកទៅផ្សព្វផ្សាយដល់ភ្ញៀវទេសចរចិននូវតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា រួមជាមួយភាពរួសរាយរាក់ទាក់កក់ក្ដៅរបស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធនាការ”កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ក៏បានចូលរួមជាមួយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ និងអាជ្ញាធរដែនដីដើម្បីអមដំណើរ និងទទួលស្វាគមន៍ដល់ក្បួនរថយន្តទេសចរណ៍ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *