ដំណឹងល្អ!!! កម្ពុជានឹងអាចនាំ ផ្លែស្វាយទៅកាន់ទីផ្សាកូរ៉េនៅពេលខាងមុខនេះហើយ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទ នៃសាធារណៈរដ្ឋកូរ៉េ លោក Kim Hyeon Soo បានឲ្យដឹងថា កម្ពុជានឹងអាចនាំ ផ្លែស្វាយទៅកាន់ ទីផ្សាកូរ៉េបានហើយ នាខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងកសិកម្ម។

ក្នុងជំនួបពិភាក្សា ការងារជាមួយ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក Kim Hyeon Soo បានបញ្ជាក់ថា ភាគីកូរ៉េបានអនុម័តរួចហើយ នូវការអនុញ្ញាតិអោយនាំចូលស្វាយ ពីកម្ពុជាមកកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដូច្នេះក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងអាចនាំចូល ស្វាយមកកូរ៉េបានហើយ។

ជាការឆ្លើយតប លោក វេង សាខុន បានថ្លែងអំណរគុណ ដល់ភាគីកូរ៉េ នូវដំណឹងល្អសម្រាប់ ការនាំចូលស្វាយនេះ ហើយលោករដ្ឋមន្រ្តី ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការ ជាមួយភាគីកូរ៉េថែមទៀត លើការធ្វើទំនើប កម្មកសិកម្ម នៅកម្ពុជា ដើម្បីផ្លាស់ប្តូរនូវពិសោធន៍ ដែលកសិកម្មកូរ៉េបានឆ្លងកាត់។

ជាមួយគ្នានោះផងដែរ លោក Kim Hyeon Soo បានស្វាគមន៍នូវសំណើរ របស់កម្ពុជា ដោយសន្យានឹងជួយដល់ ការអភិវឌ្ឍន៍លើការដាំ ដំណាំក្នុងផ្ទះកញ្ចក់ (Green House ) ដែលអាចធានាដល់ការ ផលិតបន្លែបានគ្រប់រដូវ ការពារសត្វល្អិត និងមានគុណភាពខ្ពស់ ឆ្លើយតបតាមស្តង់ដារ និងទីផ្សារ ដើម្បីជំរុញផលិតកម្មលើដំណាំបន្លែក្នុងស្រុក និងកាត់បន្ថយ ការនាំចូល។

លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះការផ្តល់កិច្ចហប្រតិបត្តិការលើ Green House នេះព្រោះឆ្លើយតប ចំគោលដៅ ដែលក្រសួងបាន និងកំពុងធ្វើ និងឆ្លើយតបទៅលើ តម្រូវការដែលក្រសួងកសិកម្មកម្ពុជា កំពុងតែយកចិត្តទុកដាក់ ដើម្បីជួយលើកកំពស់ កំរិតជីវភាព របស់កសិកអោយឆ្លើយតប តាមគោលនយោបាយជំរុញសេដ្ឋកិច្ចកម្ពុជា អោយក្លាយជាប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០។

Leave a Reply

Your email address will not be published. Required fields are marked *