បញ្ហាកកស្ទះចរាចរណ៍នៅកម្ពុជានិងល្អប្រសើរ! ថ្មីៗនេះជប៉ុន ចង់ចូលខ្លួន ជួយដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ…
លោក មិកាមិ ម៉ាស្សាហិរូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាកំពុងស្វែងយល់បញ្ហាប្រឈម ៣ នៅរាជធានីភ្នំពេញ នោះគឺបញ្ហាការគ្រប់គ្រងសំណល់នៅក្នុងរាជធានីភ្នំពេញ ការទាញយកថាមពលពីសំណល់ (Waste Energy) និងពិភាក្សាលើបញ្ហាលំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសសម្ដែងការគួរសមជាមួយនឹងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញជារឿងមួយដែលលោកបានចាប់អារម្មណ៍ខ្លាំង ដោយនៅពេលខាងមុខនេះ ជប៉ុន នឹងជួយលើបញ្ហានេះតាមរយៈការជួយផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យបានយល់ពីការទុកដាក់ និងផលប៉ះពាល់ពីបញ្ហាសំរាមនេះ។ ជាងនេះទៅទៀត លោកក៏នឹងជំរុញឲ្យមានអ្នកវិនិយោគជប៉ុន មកធ្វើការវិនិយោគលើបញ្ហាការគ្រប់គ្រង និងប្រមូលសំរាមក្នុងរាជធានីភ្នំពេញនេះផងដែរ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំឲ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាំអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឲ្យប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនមួយកម្រិតថែមទៀត។
លោកឃួង ស្រេង បានមានប្រសាសន៍ថា រាជធានីភ្នំពេញ បានកើតចេញពីទីក្រុងដែលមិនមានមនុស្សរស់នៅសោះ រហូតបានក្លាយជាទីក្រុងមួយមានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សព្វថ្ងៃនេះ ហើយការអភិវឌ្ឍរីកចម្រើននេះ ក៏មានការចូលរួមជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីប្រទេសជប៉ុនផងដែរ ពិសេសអង្គការចៃកា ដែលបានជួយយ៉ាងច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាតជាដើម ហើយនៅពេលដ៏ខ្លីខាងមុខនេះតាមរយៈកម្ចីពីធនាគារADB ជប៉ុន នឹងកសាងស្ថានីយទឹកស្អាតដ៏ធំមួយនៅខាងជើងរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានបន្តទៀតថា ទន្ទឹមនឹងការរីកចម្រើននេះ ភ្នំពេញ ក៏បានលេចចេញជាបញ្ហាប្រឈមជាច្រើនផងដែរ ដូចជា បញ្ហាកកស្ទះចរាចរណ៍ ដែលបញ្ហានេះ ជប៉ុន ក៏បានជួយយ៉ាងច្រើនផងដែរ មានទាំងការជួយលើការសិក្សា លើបញ្ហាលំហូរចរាចរណ៍ ការផ្ដល់នូវរថយន្តក្រុង និងការផ្ដល់ជាបង្គោលភ្លើងស្តុបថ្មី ចំនួន១០០ ដើម្បីដំឡើងក្នុងរាជធានីភ្នំពេញ។ បញ្ហាការកកស្ទះសំរាម និងបញ្ហាស្ទះលូជាដើម ប៉ុន្តែបញ្ហានេះ យើងបានធ្វើការដោះស្រាយជាបណ្ដើរៗហើយ ហើយជប៉ុនក៏បានជួយផងដែរ ដោយមកដល់ពេលនេះ ជប៉ុនតាមរយៈអង្គការចៃកា បាននិងកំពុងអនុវត្ត គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ជំហានទី៤។
លោក ឃួង ស្រេង បានបញ្ជាក់ថា ចំពោះបញ្ហាសំរាម អនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០២០ខាងមុខនេះ នឹងមានក្រុមហ៊ុនជាច្រើនចូលរួមដេញថ្លៃលើសេវាប្រមូលសំរាមនេះ ហើយយើងនឹងជ្រើសរើសក្រុមហ៊ុនយ៉ាងតិច៣ក្រុមហ៊ុន ដើម្បីប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមនេះ។ លោកជឿជាក់ថា នៅពេលមានការប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមបែបនេះ នោះនឹងធ្វើឲ្យការគ្រប់គ្រង និងការប្រមូលសំរាម នឹងកាន់តែល្អប្រសើរជាងមុន។
អត្ថបទ៖ កម្ពុជាថ្មី