ថ្មីៗ!! សម្ដេចហ៊ុន សែន ប្រកាសថា បានត្រៀមខ្លួនបង់ពន្ធសម្រាប់ការនាំចេញទំនិញទៅអឺរ៉ុប ហើយ…

រាជធានីភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ និងបានត្រៀមខ្លួនយូរហើយ សម្រាប់ការបង់ពន្ធ នៅពេលដែលសហភាពអឺរ៉ុប ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA នៅពេលខាងមុខនេះ។ សម្ដេច អះអាងថា ការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមិនប៉ះពាល់ដល់ការនាំចេញទៅកាន់សហភាពអឺរ៉ុបទេ ហើយនៅតែចំណេញបានដដែល គឺគ្រាន់តែចំណេញតិចជាមុនប៉ុណ្ណោះ ហើយថា ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលត្រូវបង់ពន្ធ តែនៅតែអាចធ្វើបាន និងទទួលបានផលចំណេញ ម្ល៉ោះហើយការនាំចេញទំនិញផ្សេងទៀត ក៏នឹងចំណេញដូចអង្ករដែរ។

សម្ដេចហ៊ុន សែន ប្រកាសបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា៖ «អ៊ីចឹងសម្រាប់យើង យើងបានត្រៀមខ្លួនតាំងពីខែមីនាណោះ។ យើងមិនចង់ឱ្យបាត់ទេ ប៉ុន្តែធ្វើម្ដេច បើគាត់យកអាហ្នឹង មកដោះដូរ ជាមួយនឹងច្បាប់ ជាមួយនឹងឯករាជ្យរបស់យើងហើយ យើងក៏មិនអាចទទួលយកបានដែរ។ អ៊ីចឹងបើគេឱ្យបង់ពន្ធ យើងបង់ពន្ធឱ្យគេទៅ។ គ្រាន់តែពីមុន យើងចំណេញច្រើន ឥឡូវវាចំណេញតិចជាងតែប៉ិនហ្នឹង តែវានៅតែចំណេញ វានៅតែចំណេញ ហើយក៏វាថ្លៃថ្នូរដែរ គេមិនយកអាហ្នឹងមកគំរាមយើងតទៅទៀតបានទេ គំរាមតទៅទៀតបានទេ ព្រោះឥឡូវគេយកអាហ្នឹង មកគំរាមយើងថា អ្នកឯងត្រូវធ្វើអានេះ អានេះ អានេះ នេះ នេះ នេះ នេះ។ អ៊ីចឹងបានយើងប្រាប់ទៅវិញ ថា យើងមិនអាចយកអធិបតេយ្យរបស់យើងទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាមួយទេ។ អ្វីដែលយើងខិតខំធ្វើ យើងធ្វើបានយើងធ្វើ តែអ្វីដែលយើងធ្វើមិនបានអត់ទេ ទីផ្សារនៅតែទីផ្សារ គ្រាន់តែពេលមុនអត់បង់ពន្ធ ហើយឥឡូវបង់ពន្ធ»។


គិតត្រឹមថ្ងៃទី២១ វិច្ឆិកា គឺមានរយៈពេលជាង ១សប្ដាហ៍ហើយ ដែលកម្ពុជាទទួលបានរបាយការណ៍ ប៉ុន្តែអ្នកឃ្លាំមើលសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានចាត់វិធានការណ៍ជាក់លាក់ណាមួយនៅឡើយទេ ក្នុងការកែលម្អគួរឱ្យទុកចិត្តបាន ទៅលើភាពអវិជ្ជមាន និងបញ្ហាប្រឈមនានា ដែលកំពុងប៉ះពាល់ដល់សិទ្ធិទាំងឡាយឱ្យស្របតាមបទដ្ឋានអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា មានពេលយ៉ាងយូរត្រឹមថ្ងៃទី១២ ខែធ្នូ ខាងមុខ ត្រូវឆ្លើយតបចំពោះរបាយការណ៍បឋមនេះ ហើយរយៈពេលបន្តទៅទៀត គឺសហភាពអឺរ៉ុបនឹងសម្រេចថា តើគួរបន្តប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ ឬកាត់ផ្ដាច់ទាំងស្រុង ឬកាត់ដោយផ្នែក។

ប្រសិនបើសហភាពអឺរ៉ុប សម្រេចដកហូតហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានៅខែកុម្ភៈ ឆ្នាំ២០២០ មែននោះ ការគិតពន្ធជាផ្លូវការពីកម្ពុជា នឹងចាប់ផ្ដើមពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២០ តទៅ កម្ពុជាអាចនឹងខាតបង់លុយជិត៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ពីការសម្រេចយកពន្ធលើរាល់មុខទំនិញទាំងអស់នាំចូលទៅអឺរ៉ុប៕

ប្រភព៖kbn

Leave a Reply

Your email address will not be published. Required fields are marked *