ឡូយមែន!!! Honda ចេញរថយន្ដអគ្គិសនី សាកតែកន្លះម៉ោង ជិះបានដល់ទៅ២០០គីឡូម៉ែត្រតម្លៃ…
Honda ស្រាប់តែចេញគម្រូឡានអគ្គីសនីផ្លូវការនៅអឺរ៉ុប ជាប្រភេទឡានធុនតូចប្រើអាគុយជំនួយសាំង អាចបើកបរម្តងបាន ២០០ គីឡូម៉ែត្រ ។នេះជាឡានអគ្គីសនីដំបូងរបស់ Honda ដែលបានដាក់ឲ្យកុម្ម៉ង់ជាផ្លូវការនៅទីផ្សារអឺរ៉ុបមុនគេ ជាមួយតម្លៃកក់ទុកមុនប្រមាណ ៨០០ ផោនឬ ១០០០ ដុល្លារជាងអាមេរិក ។
វាត្រូវបានគេហៅថា Honda e ហើយតម្លៃពេញក៏គេមិនទាន់បញ្ចេញដែរ ប៉ុន្តែសម្រាប់អតិថិជនដែលកុម្ម៉ង់ទុកមុននឹងត្រូវបានអញ្ជើញទៅកាន់ទីតាំងភ្នាក់ងារចែកចាយដែលនៅជិតផ្ទះដើម្បីធ្វើកុងត្រាទិញទុកមុន ។បច្ចេកវិទ្យាពេញលេញសម្រាប់ឡាននេះក៏គេមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែបើតាមការធ្វើតេស្តពីកម្មវិធីពិសោធន៍ឡានធុនតូច WLTP បញ្ជាក់ថា រាល់ពេលសាកអាគុយពេញម្តងវាអាចរត់បានចម្ងាយ ២០០ គីឡូម៉ែត្រ និងអាចសាកថ្មលឿនបាន ៨០% ដោយចំណាយពេលតែ ៣០ នាទីប៉ុណ្ណោះ ។
ក្នុងកម្មវិធី Geneva Motor Show កាលពីខែមិនាកន្លងទៅ Honda បង្ហើបថា Honda e មិនមែនជាឡានអគ្គីសនីដែលចេញមុខតែម្នាក់ឯងទេ ប៉ុន្តែក្រុមហ៊ុននឹងចេញខ្សែស្រឡាយឡានអគ្គីសនីមួយខ្សែតែម្តង ដែលគេហៅថា e Prototype ជាឡានអគ្គីសនីសម្រាប់បើកបរក្នុងទីក្រុងឬទីប្រជុំជន។
អគ្គនាយក Honda លោក Takahiro Hachigo បានបញ្ជាក់ថា ក្រៅពីចេញឡានអគ្គីសនីសុទ្ធ ឡានរបស់ Honda នឹងមានម៉ូឌែលកូនកាត់រហូតដល់ ៦០% លើពិភពលោកនៅឆ្នាំ ២០៣០ ។រហូតមកដល់ពេលនេះ Honda បញ្ជាក់ថាមានគេចាប់អារម្មណ៍កុម្ម៉ង់ឡានអគ្គីសនីនេះរហូតដល់ ២២ ០០០ គ្រឿងឯណោះនៅអឺរ៉ុប ។ ប្រភព៖ Business Cambodia