ក្មេងជំនាន់ក្រោយតិចណាស់បានដឹង!!! ប្រវត្តិរបស់ព្រះអង្គចេក ព្រះអង្គចមដែលល្បីថាសក្តិសិទ្ធបំផុតនៅសៀមរាប

ព្រះអង្គចេកព្រះអង្គចម ជាព្រះពុទ្ធរូបភេទស្រី ហើយក៏ត្រូវបានមតិខ្លះ គិតថារូបទាំងពីរនោះ ជាបងប្អូនបង្កើតជាមួយ គ្នាផងដែរ ដែលរូបធំជា ព្រះអង្គចេក និង រូបតូចជាព្រះអង្គចម រូបទាំងពីរនោះ ត្រូវបានគេគិតថាសាង អំពីមាសនិងលង្ហិន ហើយមានទម្ងន់ សរុប១៥០គីឡូក្រាម។

យោងតាមសេចក្ដី តំណាលតៗគ្នា ដោយមិនមានប្រភពព័ត៌មាន ជាក់លាក់ច្បាស់លាស់ ណាមួយ បានលើកឡើងអំពី ព្រះអង្គចេក ព្រះអង្គចមថា ទេពធីតាទាំងពីរអង្គនេះ ជាអតីតព្រះរាជបុត្រី របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្ថាបនិកសាង ប្រាសាទអង្គរវត្ត។មូលហេតុដែលនាំឲ្យ សាធារណជនចាប់អារម្មណ៍

ចងចាំ និង គោរពបូជាចំពោះព្រះនាងចេកនឹងព្រះនាង ចមក៏ព្រោះតែសេចក្ដី សុច្ចរឹតទៀងត្រង់ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តា ករុណាយ៉ាងខ្ពង់ខ្ពស់ ដែលពួកគេទាំងពីរតែងតែធ្វើ បុណ្យដាក់ទានដល់អស់ ប្រជានុរាស្រ្តដែលត្រូវការឲ្យ ព្រះនាងទាំងពីរជួយ លើសពីនេះទៅ ទៀតព្រះនាងបានអប់រំ អ្នកទោស ទាំងឡាយឲ្យដើរ តាមគន្លងទូន្មានរបស់ព្រះពុទ្ធ និងបានដោះលែង ពួកគេឲ្យមានសេរីភាព ថែមទៀតផង។


ព្រះនាងទាំងពីរគឺជាអ្នកដែលគោរព ប្រតិបត្តិព្រះពុទ្ធសាសនា យ៉ាងខ្ជាប់ខ្ជួនដែលប្រជារាស្រ្ត ទូទាំងនគរបានដឹងអំពីចរិក លក្ខណៈដ៏ប្រពៃរបស់ ព្រះនាងទាំងពីរ ម្លោះហើយពីមួយជំនាន់ ទៅមួយជំនាន់រហូត ដល់រជ្ជកាល ព្រះបាទអង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិ នៅសតវត្សរ៍ ទី១៦ ព្រះអង្គបានអនុញ្ញាត ឲ្យគេសាងរូបព្រះនាងចេក ចមសម្រាប់ប្រជារាស្ត្រ ទូទៅគោរពបូជា លុះក្រោយមករូបទាំងពីរនេះ បានធ្វើឲ្យប្រជារាស្រ្ត រស់នៅប្រកបដោយ សេចក្ដីសុខចម្រើន ទើបប្រជារាស្រ្ត បានចាត់ទុករូបទាំងពីរជា

ព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិនិង មានកិត្តិនាមល្បីរន្ទឺ ទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះ រូបទាំងពីរបានក្លាយជា ភាពទាក់ទាញសម្រាប់ បុគ្គលមានអំណាច និង ឈ្មួញទុច្ចរិត ដោយពួកគេចាប់ផ្ដើម រៀបផែនការលួចសម្រាប់ទុក ធ្វើជាកម្មសិទ្ធិនិងការលក់ដូរ ហេតុនេះហើយបានជារូបព្រះ អង្គចេកព្រះអង្គចមបាន បាត់មួយរយៈក្នុងអំឡុងពេល នៃតំបន់អង្គរត្រូវបានគេ បោះបង់ចោល។

ទោះយ៉ាងណាក៏ដោយ រូបសំណាកទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញ ក្នុងឆ្នាំ១៩៥០នៅក្នុង ព្រៃម្ដុំក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថារូបព្រះអង្គចេក ព្រះអង្គចមកាលពី ដើមត្រូវបានតម្កល់ទុកនៅក្នុង ប្រាសាទអង្គរវត្ត។
ជាក់ស្ដែង យោងតាមអត្ថបទ របស់កាសែតភ្នំពេញ ប៉ុស្តិ៍ចុះថ្ងៃទី សុក្រ ២៣កញ្ញា២០១១ ស្ដីអំពីរូបសំណាកអ្នក ការពារឬថែរក្សា បានរៀបរាប់ថាៈ នៅពេលមួយ លោកឧត្ដមសេនីយ៍ ម្ជុលពេជ្រដាបឈួន ឬហៅថា ដាបឈួន ដែលជាចៅ ហ្វាយខេត្តសៀមរាប នឹងខេត្តកំពង់ធំ ត្រូវបាន សម្ដេចព្រះបាទនរោត្ដមសីហនុ ប្រទានតំណែងឲ្យ គ្រប់គ្រងនៅខេត្តទាំងពីរ បន្ទាប់ពីបានទទួល ឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៥។

បន្ទាប់ពីបានដឹងថារូបព្រះអង្គចេក ព្រះអង្គចមត្រូវបានយក មកតម្កល់ទុកនៅ អភិរក្សដ្ឋានអង្គរមក លោកដាបឈួន រួមជាមួយនឹងទាហាន របស់គាត់មួយចំនួន បានឆ្មក់ចូលលួចយក រូបសំណាកទាំងពីរនេះ មកតម្កល់ទុកនៅក្នុង ទីចាត់ការរបស់គាត់នៅ ចិនក្រហម បច្ចុប្បន្នទីតាំងនោះ បានក្លាយជាសណ្ឋាគារអង្គរ សិនជូរីក្នុងក្រុងសៀមរាប។ ថ្ងៃមួយគាត់បានយករូប សំណាកទាំងពីរ ដាក់ក្នុងរថយន្ត របស់គាត់មកតម្កល់ទុកក្នុងផ្ទះ (គេបានឲ្យដឹងថា ក្នុងរូបមួយត្រូវបាន សែងដោយទាហាន ចំនួន៥នាក់ ទើបអាចលើករួច)។

 

រូបទាំងពីរនេះបានធ្វើឲ្យ ដាប ឈួន មានកម្លាំងលើសអស់ មនុស្សលោកធម្មតា ដោយគាត់អាចលី ដាក់លើស្មានូវរូប ព្រះពុទ្ធទាំងពីរនោះ ដែលមានទម្ងន់សរុប ១៥០គីឡូក្រាម បានយ៉ាងងាយ។ គាត់នឹងទាហាន របស់គាត់ពិតជាមានជំនឿយ៉ាង ខ្លាំងចំពោះរូបព្រះអង្គចេក ព្រះអង្គចម ដោយពួកគេតែងតែ ចំណាយពេលយ៉ាងហោច ក៏កន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើការ គោរពនិងបួងសួងឲ្យ ថែរក្សាពួកគេជាប្រចាំ។

លុះមកដល់សម័យខ្មែរក្រហម គ្រប់គ្រងនៅឆ្នាំ ១៩៧៥-១៩៧៩ រូបសំណាកព្រះអង្គចេក ព្រះអង្គចមក៏ត្រូវក្រុម ទាហានខ្មែរក្រហម យកទៅទម្លាក់ចោល ក្នុងស្ទឹងសៀមរាប ស្រុតកប់បាត់ទៅក្នុងភក់ នៃបាតស្ទឹង រហូតដល់ខេត្តសៀមរាបត្រូវ បានរំដោះនៅឆ្នាំ១៩៧៩។ គេជឿថាក្រុមទាហានខ្មែរក្រហម ដែលនាំគ្នាដឹកយក រូបសំណាកទាំងពីរនេះ ទៅចោលក្នុងស្ទឹង សៀមរាប បានស្លាប់ដោយសារ បារមីរបស់ព្រះអង្គចេក ព្រះអង្គចមនៅក្រោយពេល មិនយូរប៉ុន្មាន នៃការយកព្រះពុទ្ធរូប ទាំងពីរនេះមកទម្លាក់ចោល ក្នុងទឹកស្ទឹង។

ក្រោយមកនៅឆ្នាំ១៩៨២ ព្រះចៅអធិការវត្ដ ដំណាក់រួមជាមួយ នឹងការចូលរួមពី សំណាក់អភិបាល ខេត្តសៀមរាប លោក នៅ សម បាននាំគ្នាកសាង អាស្រមតូចមួយនៅក្បែរ ព្រះរាជដំណាក់ស្ដេច ក្នុងបរិវេណសួនឯករាជ្យ ឬ សួនដំណាក់ ស្ដេច ហើយប្រារព្ធពិធី ដង្ហែព្រះពុទ្ធរូបទាំងពីរអង្គ ពីវត្តដំណាក់មក តម្កល់ទុកនៅទីនោះ។

លុះបន្ទាប់មកទៀត នៅឆ្នាំ២០០៤ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ចម ប្រសិទ្ធិ បានបរិច្ចាគទឹកប្រាក់ ផ្ទាល់ខ្លួនដើម្បីពង្រីក អាស្រមព្រះអង្គចេក ព្រះអង្គ ចមឲ្យធំទូលាយ រហូតមកដល់សព្វថ្ងៃនេះ ដែលអាចឲ្យពុទ្ធបរិស័ទ្ធ និងប្រជារាស្ត្រទូទាំងប្រទេស មកទីនេះដើម្បី គោរពបូជានិង បួងសួងសូមនូវ សេចក្ដីសុខសប្បាយ គ្រប់សេចក្ដីប្រាថ្នា របស់ពួកគេម្នាក់ៗ ម្យ៉ាងវិញទៀតទីកន្លែងនេះ ក៏បានក្លាយជាទីកន្លែង សក្ការបូជាដ៏ស័ក្ដិសិទ្ធិមួយ សម្រាប់បព្វជិតទាំងឡាយ ប្រារព្ធពិធីសាសនា ជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំ ខ្មែរ ពិធីបុណ្យភ្ជំបិណ្ឌ និងពិធីបុណ្យអុំទូក។ល។ ដែលមានមនុស្សម្នាទាំងឡាយទូទាំងប្រទេស មកទីនេះដើម្បីសម្ដែងនូវ សេចក្ដីគោរពបូជា ស្ទើរតែជាង ៣០០នាក់ក្នុងមួយថ្ងៃៗ៕

Leave a Reply

Your email address will not be published. Required fields are marked *