គួរឲ្យសរសើរមែន!!! បោះបង់ការសិក្សាត្រឹមថ្នាក់ទី៦ មកស្រវាចិញ្ចឹមគោ រហូតទទួលបានជោគជ័យនឹកស្មានមិនដល់!
កសិករជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែកថា ការទទួលបានជោគជ័យដ៏អស្ចារ្យមិនចាំបាច់ទាល់តែមានសញ្ញាប័ត្រថ្នាក់ខ្ពស់នោះទេ។លោក Saipol Azmir Zainuddin បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី ៦ ដោយសារតែមានគោលបំណងច្បាស់លាស់មួយ គឺចង់ក្លាយជាកសិករម្នាក់។ ក្រោយពីឈប់រៀន លោកបានសម្រេចចិត្តទៅធ្វើជាកម្មករសំណង់ ដោយទទួលប្រាក់ខែជិត ២០០ ដុល្លារ។
ជាមួយគ្នាផងដែរ លោកមិនបានចំណាយប្រាក់ខែដំបូងរបស់ខ្លួនទៅសម្ភារនិយមនោះទេ តែលោកបែរជាយកវាមកទិញគោមួយក្បាលក្នុងតម្លៃ ១១៥ ដុល្លារ ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។លោក Saipol បានទិញគោមួយក្បាលមកចិញ្ចឹមជារៀងរាល់ខែ រហូតដល់លោកមានអាយុ ១៨ ឆ្នាំ។ បុរសរូបនេះនិយាយថា “នៅពេលខ្ញុំអាយុ ១៨ ឆ្នាំ ខ្ញុំមានគោ ៣០០ ក្បាល។ ក្នុងអំឡុងពេលនោះ ឪពុកខ្ញុំ និងខ្ញុំ បានចិញ្ចឹម និងលក់គោដល់អ្នកភូមិ។ ខ្ញុំបានសន្សំប្រាក់ចំណេញទាំងអស់ ដើម្បីអាចសម្រេចសុបិនរបស់ខ្ញុំធ្វើជាម្ចាស់កសិដ្ឋាន។
នៅអាយុ ១៩ ឆ្នាំ លោក Saipol បានចាប់ផ្ដើមលក់គោពេញម៉ោង និងមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ រហូតទិញរថយន្ត និងផ្ទះមួយខ្នង។ លោកបានពង្រីកមុខជំនួញដោយដាក់ពាក្យសុំប្រាក់កម្ចីចំនួនជាង ២ម៉ឺនដុល្លារ តាមរយៈអាជ្ញាធរអង្គការកសិករម៉ាឡេស៊ី (LPP) ។ ប៉ុន្មានឆ្នាំក្រោយមក លោកក៏បានទិញដីទំហំ ០,៨ ហិកតា សម្រាប់ការចិញ្ចឹមគោ។
ឥឡូវនេះកសិករវ័យ ៣៣ ឆ្នាំខាងលើ មានសត្វគោ ៨០០ ក្បាល, ពពែ ១៥០ ក្បាល និងក្របី ៣០ ក្បាល។ យោងតាមប្រភពព័ត៌មាន ឱ្យដឹងថា លោករកប្រាក់ចំណូលបានប្រមាណ ជាង ២៥ ម៉ឺនដុល្លារ ពីការលក់សត្វពាហនៈកាលពីឆ្នាំមុន។ បន្ថែមពីនេះទៀត លោកក៏មានបំណងក្នុងការបង្ហាត់ក្មេងៗជំនាន់ក្រោយ ដែលមានចំណាប់អារម្មណ៍លើមុខរបរនេះផងដែរ៕