ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ចែករំលែកបទពិសោធន៍ចាញ់បោកក្រុមហ៊ុនធានារ៉ាប់រង
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ជាឧកញ៉ាចិត្តធម៌មួយរូបក្នុងប្រទេសកម្ពុជាដែលទទួលបានការស្រលាញ់ចូលចិត្តពីមហាជនយ៉ាងច្រើន។ ជានិច្ចកាលឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី តែងជួយទុក្ខធុរៈក៏ដូចជាលះបង់ថវិកាផ្ទាល់ខ្លួនដើម្បីជួយជនលំបាកក្រីក្រពិសេសគឺបងប្អូនកម្មករ។ ដោយឡែកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ក៏បានចែករំលែកនូវបទពិសោធន៍មួយដែលជួបប្រទះនាពេលកន្លងមកដើម្បីទុកជាមេរៀនសម្រាប់ក្មេងជំនាន់ក្រោយ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានរៀបរាប់ថា៖ ថ្ងៃនេះខ្ញុំសុំយករឿងពិតដែលបានកើតឡើងចំពោះរូបខ្ញុំផ្លាល់ ក្នុងមុខជំនួញឆ្លងដែនសមុទ្ទអន្តរជាតិនៅដើមទសវត្សរ៍ឆ្នាំ៩០ ខ្ញុំតែងតែទិញរថយន្តមកពីប្រទេសជប៉ុន ជួលនាវាសឹង្ហបុរីដឹកជញ្ជួនយកមកព្រះរាជាណាចក្រកម្ពុជាយើង កាលណោះនៅមិនទាន់មានកុងទីន័រនៅឡើយទេ ជារៀងរាល់ជើងខ្ញុំតែងតែទិញធានារ៉ាប់រង( Insurance ) មិនដែលខកខានមួយជើងណាឡើយ
ហើយក៏មិនដែលមានជួបឧប្បត្តិហេតុអ្វីដែរ ស្រាប់តែនៅក្នុងអំឡុងឆ្នាំ១៩៩២កាលណោះខ្ញុំទិញរថយន្តមកចំនួន៤៨គ្រឿង នាវាមិនអាចដាក់ចូលក្នុងឃ្លុបអស់ក៏សម្រេចចិត្តដាក់នៅខាងលើឃ្លុប ចំនួន១២គ្រឿងពេលនាវាចេញដំណើរមកដល់កណ្ដាលសមុទ្ទអន្តរជាតិ ក៏ស្រាប់តែជួបនិងខ្យល់ព្យុះបោកបក់ធ្វើអោយ
ខូចខាតរថយន្តទាំង១២គ្រឿងនេះគ្មានសល់ ខ្ញុំបានទៅតវ៉ាទាមទារឲ្យ Insurance សងការខូចខាតវាឆ្លើយថាអ្នកឯងទិញធានារ៉ាប់រងកប៉ាល់លិចទេ នេះកប៉ាល់មានទាន់លិចឯណាមានអីដែលវាត្រូវសង វាអោយខ្ញុំអានល័ក្ខខ័ណ្ឌអក្សរតូចៗនៅខាងក្រោយខ្នងលិខិតធានា ។ ចំណុចនេះហើយដែលខ្ញុំឈប់មានជំនឿទៅលើការធានារ៉ាប់រង គ្រប់បែបយ៉ាងចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន សារខាងលើនេះ ទុកជាគតិអោយក្មេងៗជំនាន់ក្រោយៗអោយមានការប្រុងប្រយ័ត្នក្នុងមុខជំនួញ។