ឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែចេកចំនួនសរុប ជាង១១,០៥ម៉ឺនតោនទៅទីផ្សារចិន…
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងដើមខែវិច្ឆិកា ឆ្នាំ ២០១៩នេះថា ការនាំចេញផ្លែចេកកម្ពុជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ មានចំនួនសរុបជាង១១,០៥ម៉ឺនតោនទៅកាន់ទីផ្សារដែលនាំចេញ ដ៏សំខាន់ជាងគេ នោះគឺប្រទេសចិន។យោងតាម លោកឧកញ៉ា ហ៊ុន ឡាក អគ្គនាយកក្រុមហ៊ុន Longmate ដែលទទួលបានការអនុញ្ញាតនាំផ្លែចេកចេញទៅប្រទេសចិនដំបូងគេ បានថ្លែងថា ដោយទទួលបានអត្ថប្រយោជន៍ នៃសក្តានុពលទីផ្សារដ៏ធំរបស់ប្រទេសចិន ការនាំចេញផ្លែចេករបស់កម្ពុជា នឹងមានការកើនឡើងកាន់តែខ្ពស់។
អ្នកវិនិយោគ ខាងលើសង្ឃឹមថា កម្ពុជាអាចក្លាយជាផលិតផលដ៏ចាំបាច់ក្នុងការនាំចេញនៃប្រទេសកម្ពុជានឹងអាចបង្កើតបានប្រាក់ចំណូលខ្ពស់ជាង ផលិតផលអង្ករផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះកំពុងមានគម្រោងពង្រីកផ្ទៃដីដាំដុះដំណាំចេកកាន់តែធំ ដើម្បីសម្រេចទទួលបានការនាំចេញផ្លែចេកទៅកាន់ប្រទេសចិនចំនួន២,២ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ និងសម្រេចបាន៣,៣ម៉ឺនតោន នាឆ្នាំ២០២០ ខាងមុខនេះ។
ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ចិនបានអនុញ្ញាតសហគ្រាសថ្មីចំនួន៤ ក្នុងការនាំចេញផ្លែចេកទៅកាន់ប្រទេសចិន ហើយបច្ចុប្បន្ននេះ សហគ្រាសដែលនាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិនមានចំនួន៩ក្រុមហ៊ុន។ក្រៅពីនេះ ក្រុមហ៊ុន Beijing Capital Agribusiness Group (CAG) ក៏បានប្រកាសថា នឹងវិនិយោគតម្លៃជាង៣០លានដុល្លារអាមេរិក ដើម្បីធ្វើការបង្កើតចម្ការដាំដុះដំណាំចេកក្នុងប្រទេសកម្ពុជា លើផ្ទៃដីជាង១៥០០ហិកតា៕dap-news