ស្លុតចិត្ត!! ឪពុកជីកផ្នូរ ដេកឱបកូនស្រីរង់ចាំថ្ងៃស្លាប់…(មានវីដេអូ)
បុរសជាឪពុក ដែលជាកសិករក្រីក្រជនជាតិចិនម្នាក់ បានជីករណ្តៅធ្វើជាផ្នូរ ទុកគេងលេងជាមួយកូនស្រីជារៀងរាល់ថ្ងៃ ដើម្បីកំដរជីវិតចុងក្រោយរបស់កូនស្រី ក្រោយពីគ្រួសារអស់លទ្ធភាពព្យាបាលជំងឺនាង
លោក Zhang Liyong គឺជាកសិករក្រីកម្នាក់ រស់នៅក្នុងខេត្តស៊ីឈួន។ លោកមានកូនស្រីតូចដ៏គួរឲ្យស្រលាញ់ម្នាក់ឈ្មោះ Xinlei បច្ចុប្បន្ននាងមានអាយុ២ឆ្នាំហើយ។ កុមារី Xinlei កើតមកទទួលរងភាពអយុត្តិធម៌ពីធម្មជាតិ ដោយកើតមានជំងឺដ៏កាចសាហាវ និងគួរឲ្យព្រួយបារម្ភចាប់តាំងពីកំណើតមកម្លេះ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការ វិនិច្ឆ័យរកឃើញថា នាងមានបញ្ហាជំងឺកោសិកាឈាមក្រហមធ្ងន់ធ្ងរ ដែលនឹងឈានដល់មហារីកគ្រាប់ឈាមថែមទៀតផង ឬហៅថា «Thalassemia» ប្រសិនណាបើមិនស្វះស្វែងការព្យាបាលឲ្យបានដិតដល់ទេ ។
បើតាមប្រភពបានឲ្យដឹងថា កន្លងមកនេះ លោក Zhang និងគ្រួសារបានចំណាយលុយអស់ប្រហែល ១៤,៧២៩ ដុល្លារអាមេរិកមកហើយ សម្រាប់ថ្លៃព្យាបាលលើកូនស្រី ខណៈបច្ចុប្បន្នគ្រួសាររបស់លោក កំពុងជួបវិបត្តិហិរញ្ញវត្ថុ គ្មានលទ្ធភាពបន្តជួយព្យាបាលជំងឺកូនស្រីជាទីស្រលាញ់បានទៀតទេ ។
លោក Zhang បាននិយាយថា គ្រួសាររបស់លោកបានដើរបុលខ្ចីលុយគេជុំទិស ហើយឥលូវគេក៏លែងឲ្យខ្ចីទៀតដែរ។ នៅទីបំផុត លោក និងភរិយាឈ្មោះ Deng Min ក៏បានសម្រេចចិត្តជីករណ្តៅធ្វើជាផ្នូរមួយជាស្រេច ដើម្បីទុកគេងលេងជាមួយ នឹងកូនស្រីបណ្តូលចិត្ត ដើម្បីផ្តល់ភាពកក់ក្តៅ កំដរជីវិតចុងក្រោយរបស់នាង នឹងបង្កើតការចងចាំដ៏ល្អបំផុតមួយសម្រាប់នាង ទើបធ្វើបែបនេះតែម្តងទៅ។
លោកបាននិយាយថា ៖ ( មានតែធ្វើអ៊ីចឹងទេ នាំនាងមកលេងនៅកន្លែងមួយនេះជារៀងរាល់ថ្ងៃ ព្រោះនេះគឺជាកន្លែងដ៏ស្ងប់សុខមួយហើយសម្រាប់នាង ) ។ នេះតាមសម្តីលោក Zhang បានលើកឡើង។តាមរយៈរូបភាព និងវីដេអូឃ្លីប ជាមួយនឹងការរៀបរាប់ដ៏កំសត់មួយនេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន កើតក្តីអាណិតអាសូរ និងខ្លោចចិត្តយ៉ាងខ្លាំងនូវអ្វីដែលបានកើតឡើង មកលើក្មេងស្រីដ៏គួរឲ្យអភ័ព្វនេះ ៕ប្រភព ខ្មែរផាត