សុំគាំទ្រម្នាក់មួយមក!! រូបសំណាក​សត្វ​ដំរី​​មួយ​ក្បាល​ធ្វើ​ពី​រណាយន្ត​៣០០គ្រឿង គ្រោង​ដាក់​តាំង​បង្ហាញ​នៅ​ខេត្តមណ្ឌលគិរីឆាប់ៗនេះ

មណ្ឌលគិរី៖រូបសំណាក​សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល​ធ្វើ​ពី​រណារយន្ត​ចំនួន ៣០០គ្រឿង ដែលជា​វត្ថុតាង​ប្រមូលបាន​ពីបទ​ល្មើស​ធនធានធម្មជាតិ ត្រូវបាន​សាងសង់​រួចរាល់​ហើយ ដោយ​ក្រសួងបរិស្ថាន​គ្រោង​នឹង​យកទៅដាក់​តាំង​បង្ហាញ​ជា​សា​ធារ​ណៈ​នៅ​សួនឧទ្យាន​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នាពេលឆាប់ៗនេះ ដើម្បី​ចង់បង្ហាញ​ភ័ស្ដុតាង​ដែល​បាន​ពី​សក​ម្ម​ភា​ព​​បង្ក្រាប​បទល្មើស​ព្រៃឈើ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា រណារយន្ត​គឺជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​កាប់​រុករាន​ដីព្រៃ​របស់​រដ្ឋ និង​ក្នុងន័យ​បញ្ឈប់​នូវ​ការប្រើប្រាស់​រណារយន្ត​ដែល​នាំ​ឲ្យ​មានការ​បំ​ផ្លិ​ញ​បំផ្លាញ​ធនធានធម្មជាតិ ហើយ​ងាក​មក​ចាប់អារម្មណ៍​សត្វ​ដំរី​ដែក១ក្បាល​ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត និង​ចង់​ពញ្ញាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សកម្មភាព​ការពារ និង​អភិរក្ស​ហ្វូង​សត្វ​ដំរី​រស់ក្នុង​គោលដៅ​បង្កើន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តមណ្ឌលគិរី។

លោក​បន្តថា រូប​សំ​ណា​ក​​សត្វ​ដំរី ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​មាន​កម្ពស់ ២,៨០ម៉ែត្រ (គិតពី បាតជើង​ដល់​ចុង​ប្រ​មោយ​​ខាងលើ) បណ្ដោយ​ប្រវែង ៣,១០ ម៉ែត្រ (គិតពី​ក្បាល​ដល់​ជើង​ក្រោយ) ទទឹង​ចន្លោះ​ពី ០,៩០ ម៉ែត្រ ទៅ ១ ម៉ែត្រ (គិតពី​ទំហំ​តួខ្លួន) ហើ​យ​​បាន​ប្រើប្រាស់​វត្ថុតាង​រណារយន្ត​សរុប ៣០០ គ្រឿង ក្នុងនោះ​មាន​ម៉ាស៊ីន​រណារយន្ត និង​ផ្លែ​រណារយន្ត ព្រមទាំង​គ្រឿ​ង​​ម៉ូតូ​ប្រព្រឹត្ត​បទល្មើស។

លោក​បញ្ជាក់ថា៖«រូបសំណាក​សត្វ​ដំរី​សាងសង់ឡើង​នៅក្នុង​គោលបំណង​បង្ហាញ​ដល់​សាធារណជន​ឲ្យ​បានឃើញ​ពី​វត្ថុ​តា​ង​​រណារយន្ត​ដែល​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចាប់​ឃាត់ ដកហូត និង​ប្រមូល​យកមក​រក្សាទុក​នៅតាម​បណ្ដា​ស្នាក់ការ​ដែ​ន​ជម្រកសត្វព្រៃ​ទាំង ៥តំបន់ ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី»។

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានរៀបចំ​ដំឡើង​រូបចម្លាក់​សត្វ​ដំរី​ធ្វើ​ពី​វត្ថុតាង​រណា​រយ​ន្ត​នេះ​ឡើងជា​មួយ​ជាង​មកពី​ខេត្តកំពង់ស្ពឺ ដោយ​ប្រើ​រយៈពេល​ចំនួន ៧ខែ និង​មានការ​ចូលរួម​គាំទ្រ​ថវិកា​ពី​សប្បុ​រ​ស​ជន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នៃ​ការរៀបចំ​និង​ដំឡើង​រូបចម្លាក់​សត្វ​ដំរី​ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​មួយ​នេះ។

លោក សុក សេ​រ៉ា អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ថា រូបសំណាក​សត្វ​ដំរី​មួយ​ក្បាល​នេះ ត្រូវ​បា​ន​​ជាង​ធ្វើ​រួច​រាល់​ហើយ ដោយ​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាននិងកំពុង​រៀបចំ​ទីតាំង​ល្អ​មួយ​នៅ​សួនឧទ្យាន​សែន​មនោ​រម្យ ដើម្បី​ដាក់តាំង​បង្ហាញ​ពី​ការងារ​ដ៏​សកម្ម​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។

លោក​​បន្តថា រូបសំណាក​ដំរី​នេះ នឹង​លើកស្ទួយ​វិស័យ​ទេសចរ​បន្ថែមទៀត ក៏ដូចជា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ«ក្រៅពី​រូបសំណាក​ដំរី​មួយ​ក្បាល​នេះ គឺ​យើង​កំពុង​រៀបចំ​ធ្វើ​រូបសំណាក​សត្វ​ខ្លា សត្វ​តោ និង​គោព្រៃ​ជា​ដើម គឺ​ធ្វើ​ពី​គ្រឿង​រណារយន្ត​នេះដែរ ហើយ​យើង​ក៏ត្រូវ​រក​ទីតាំងផ្សេងៗទៀត​សម្រាប់​ដាក់​ដែរ»។

​បើតាម​លោក នេត្រ ភក្ត្រា ថា បច្ចុប្បន្ននេះ​ប្រទេស​កម្ពុ​ជាមាន​សត្វ​ដំរីព្រៃ​ចំនួន​ប្រមាណ​ជាង ៥០០ ក្បាល ក្នុងនោះ​តាម​ការសិក្សា សត្វ​ដំរីព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ទាំង ៥ នៅក្នុង​ខេត្តមណ្ឌលគិរី​ទាំងមូល​មាន​ប្រមាណ​ជាង ៣៧៥ ក្បា​ល នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​មាន​ដំរី​ចំនួន​ប្រមាណ​ជិត ២០០ ក្បាល និង​ផ្សេងទៀត​បាននិងកំពុងរ​ស់​នៅក្នុង​តំបន់​ការ​ពារ​ធម្ម​ជា​តិ​នានា​របស់​ប្រទេស​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *