ព្រះរាជជីវប្រវត្តិសង្ខេប សម្តេច នរោត្តម នរិន្រ្ទៈពង្ស ព្រះអនុជបង្កើតនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សម្តេច នរោត្តម នរិន្រ្ទៈពង្ស ជាព្រះរាជបុត្រានៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយ ព្រះអង្គ ក៏ត្រូវជាព្រះអនុជបង្កើតនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេច នរោត្តម នរិន្រ្ទៈពង្ស ព្រះប្រសូត​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ១៩៥៤ នៅរាជធានីភ្នំពេញ។

ព្រះអង្គ បានចូលសិក្សារៀនសូត្រនៅ សាលាបឋមសិក្សា នរោត្តម និង វិទ្យាល័យ ដេកាត នារាជធានីភ្នំពេញ បន្ទាប់មក ព្រះអង្គ បានបន្ត​ការសិក្សានៅសហភាពសូវៀត នៅទីនោះហើយដែល ព្រះអង្គ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យរដ្ឋ នៃទីក្រុងម៉ូស្គូ សហភាពសូវៀត ខាងផ្នែក ទស្សនវិជ្ជា ឧក្រិដ្ឋកម្ម និងច្បាប់ ហើយ ព្រះអង្គ ក្រៅអំពីតែភាសាជាតិ ព្រះអង្គ អាចទំនាក់ទំនងក្នុងភាសា អង់គ្លេស បារាំង និងរុស្សុី បានយ៉ាងល្អប្រសើរ ។

នៅក្នុងរបបកម្ពជាប្រជាធិបតេយ្យ ព្រះអង្គ ត្រូវបានឃុំខ្លួនដោយពួកខ្មែរក្រហម នៅក្នុងព្រះបរមរាជវាំង ជាមួយ ព្រះបិតា ព្រះមាតា និង ព្រះរៀម នរោត្តម សីហមុនី ក្រោយមកបន្ទាប់ពីរបបនេះបានដួលរលំ ព្រះអង្គ បានយាងទៅរស់នៅជាមួយ ព្រះបិតា នៅ​ក្នុង​ព្រះរាជ​ដំណាក់​ទីក្រុង ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ព្រះអង្គ បានរៀបអភិសេកជាមួយ អ្នកម្នាង សុីនួន និងមានព្រះបុត្រីចំនួន ២ ព្រះអង្គ គឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម សុីមូណារិន ព្រះប្រសូតនៅឆ្នាំ ១៩៨៣ និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម មុនីនួក ព្រះប្រសូតនៅឆ្នាំ ១៩៨៧ ។

សម្តេច នរោត្តម នរិន្រ្ទៈពង្ស បានយាងចូលព្រះទីវង្គិតដោយជំងឺគាំងបេះដូង ក្នុងព្រះជន្មាយុ ៤៩ ព្រះវស្សា នៅទីក្រុងប៉ារីស សាធារណរដ្ឋ​បារាំង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ បន្ទាប់មក ព្រះអដ្ឋិរបស់ ព្រះអង្គ ត្រូវបានយាងមកគង់ក្នុងព្រះចេតិយ នាបរិវេណ ព្រះឧបោសថ​រតនារាម ព្រះកែវមរតក ព្រះបរមរាជវាំង។ ព្រះអង្គ ទទួលបានព្រះរាជក្រឹត្យតែងតាំងជា សម្តេច នៅឆ្នាំ ២០០៤ ។ ប្រភព៖ Royal du Cambodge


ប្រភព៖ spktliv

Leave a Reply

Your email address will not be published. Required fields are marked *