នេះហើយ!! ចង់សាកចិត្ត ទុកប្រាក់ឲ្យកសិករក្រីក្រី បែរធ្វើឲ្យខ្លួនឯងទប់ទឹកភ្នែកមិនជាប់…

គ្រូម្នាក់ និងសិស្សម្នាក់បានចេញទៅលំហែនៅក្បែរព្រៃភ្នំមួយ។ បន្ទាប់ពីដើរបានបន្តិច ពួកគេបានជួបចម្ការមួយ ហើយកូនសិស្សបានឃើញស្បែកជើងកញ្ចាស់រហែករយ៉ៃមួយគូទុកចោលយ៉ាងមានរបៀបដែលមើលទៅប្រហែលជារបស់កសិករក្រីក្រ។កូនសិស្សឃើញភ្លាម ក៏នឹកក្នុងចិត្តចង់លេងសើចជាមួយបុរសជាកសិករនោះ រួចប្រាប់គ្រូថា “លោកគ្រូ! យើងសាកយកលាក់ស្បែកជើងមួយគូរបស់កសិករនេះមើល៍ ចង់ដឹងថា ពេលគាត់ត្រលប់មកវិញ តើគាត់នឹងធ្វើយ៉ាងណា? ពេលនោះយើងប្រាកដជាសប្បាយភ្នែកជាក់ជាមិនខាន ពេលគាត់ដើររកស្បែកជើង”។

ពេលស្ដាប់រួច លោកគ្រូមានអារម្មណ៍ស្រងាកចិត្តបន្តិច រួចនិយាយទៅកាន់សិស្សថា “ទេទេ! វាមិនល្អទេដែលលេងកំប្លែងបែបនេះជាមួយអ្នកក្រីក្រ ព្រោះគាត់នឹងភិតភ័យ”។លោកគ្រូបានគិតមួយស្របក់ រួចញញឹមបន្តិច ងាកទៅកូនសិស្សប្រាប់ថា ” គ្រូមានគំនិតមួយប្រសើរជាងនេះ…ហេតុអ្វីយើងមិនយកកាក់ដាក់ក្នុងស្បែកជើងសងខាងរបស់គាត់ទៅ រួចយកទៅលាក់ក្បែរគុម្ពោតព្រៃនៅជិតនោះ ហើយពួនចាំមើលថា កសិករនោះនឹងប្រតិកម្មយ៉ាងណា ពេលឃើញកាក់នៅក្នុងស្បែកជើងជាច្រើនបែបនេះ”។


កសិករបានបញ្ចប់ការងារ ហើយត្រលប់មកយកស្បែកជើងទៅផ្ទះវិញ។ ពេលដើរសំដៅមករកកន្លែងទុក គាត់មិនបានឃើញស្បែកជើងភ្លាមៗទេ តែចិត្តមួយខ្លាចថា ដាក់វង្វេងដៃ តែចិត្តមួយប្រាកដថា ទុកត្រឹមត្រូវហើយ។ ដើររកចុះរកឡើង នឹកក្នុងចិត្តថា ប្រាកដជាត្រូវដើរដោយជើងទទេទៅផ្ទះហើយ។

ឈរសញ្ជឹងគិតបន្តិច រួចក៏ងាកទៅឃើញគុម្ពោតព្រៃនៅក្បែរនោះ ក៏ដើរទៅមើលស្រាប់តែឃើញស្បែកកញ្ចាស់ដាក់តម្រៀបគ្នាយ៉ាងល្អ។ គាត់លើកស្បែកជើងមកពាក់ទាំងអារម្មណ៍ត្រេកអរភ្លាម ពេលដាក់ជើងចូល គាត់មានអារម្មណ៍ថា មានអ្វីរឹងៗក្នុងស្បែកជើង ហើយក៏ដកជើងវិញ ឱនក្បាលទៅមើលស្រាប់តែឃើញកាក់ជាច្រើនក្នុងស្បែកជើងទាំងគូ។ បន្ទាប់មក ក៏រើសកាក់យកមើលទើបដឹងថា ជាលុយកាក់ពិតៗ។

គាត់បានក្រឡេកមើលជុំវិញហើយស្រែកសួរថា កាក់របស់អ្នកណា? មានអ្នកណាជ្រុះបាត់កាក់ទេ? តែគ្មាននរណាម្នាក់ឆ្លើយតបសោះ។ គាត់បានប្រែទឹកមុខទៅជាស្ងួតរំជួលចិត្តមួយរំពេច រួចទឹកភ្នែកស្រាប់តែហូរកាត់ថ្ពាល់ដោយមិនដឹងខ្លួន។កសិករបានក្ដាប់កាក់យ៉ាងណែន រួចសម្លឹងទៅមើលមេឃ ស្រែកអរគុណព្រះជាច្រើនដង និងអរគុណអ្នកជួយគាត់ ព្រោះពេលនេះគាត់ត្រូវការប្រាក់ខ្លាំងណាស់សម្រាប់ទិញថ្នាំឲ្យប្រពន្ធកំពុងដេកឈឺនៅផ្ទះ និងទិញអាហារឲ្យកូនកំពុងហត់ហេវរង់ចាំឪពុក។

ចំណែកគ្រូ និងសិស្សដែលកំពុងពួនសម្ងំរង់ចាំមើលនៅគុម្ពោតព្រៃមួយទៀត បានស្ដាប់ដឹងរឿងហើយ ក៏បានស្រក់ទឹកភ្នែកអាណិតខ្លោចចិត្ត តែមិនបានបង្ហាញខ្លួនឲ្យកសិករឃើញឡើយ។ ក្រោយបុរសជាកសិករចេញទៅបាត់ លោកគ្រូបានសួរសិស្សថា “ឥឡូវ ប្រាប់គ្រូមើល៍ តើរឿងអ្វីធ្វើឲ្យអ្នកសប្បាយចិត្ត លាក់ស្បែកជើងឲ្យគាត់ភ័យ ឬទុកកាក់ឲ្យគាត់ត្រេកអរ”?

កូនសិស្សបានឱនក្បាលចុះទាំងទឹកមុខក្រហម រួចនិយាយថា “លោកគ្រូ! ខ្ញុំនឹងមិនបំភ្លេចមេរៀនលោកគ្រូបង្រៀនខ្ញុំថ្ងៃនេះទេ។ ឥឡូវខ្ញុំយល់អត្ថន័យនៃពាក្យថា រីករាយនឹងការផ្ដល់ឲ្យគេ ប្រសើរជាងរីករាយនឹងការយករបស់គេ៕

តម្លៃអប់រំរឿង៖ ការបង្កើតបញ្ហាដល់អ្នកដទៃ មិនមែនជារឿងធ្វើឲ្យអ្នកបានសេចក្ដីសុខឡើយ ឬម្យ៉ាងទៀតថា មិនត្រូវយកការឈឺចាប់របស់អ្នកដទៃ មកធ្វើជាសេចក្ដីសុខរបស់ខ្លួនទេ។ យើងគួរផ្ដល់ភាពរីករាយឲ្យអ្នកជុំវិញ នោះយើងនឹងទទួលបានសុភមង្គលតាមនោះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *