ផ្តាំផ្ញើរចំពោះនារីទាំងឡាយ!! ប្រុងប្រយ័ត្នមែនទែន ចំពោះថ្នាំពណ៌សោះសព្វថ្ងៃនេះ នាងរងគ្រោះស្ទើរតែស្លាប់ខ្លួន

រឿងរ៉ាវថ្មីមួយរបស់នារីវ័យក្មេងសញ្ជាតិបារាំងម្នាក់ បានអះអាងប្រាប់ថា នាងពិតជារងការឈឺចាប់ ស្ទើរតែនឹងស្លាប់ខ្លួន ក្រោយប្រតិកម្មជាមួយនឹងថ្នាំលាបសក់ (ថ្នាំពណ៌សក់) រហូតបណ្តាលឲ្យហើមមុខហើមមាត់ និងក្បាលរីកធំគួរឲ្យខ្លាច។Estelle អាយុ ១៩ឆ្នាំ គឺជានិស្សិតស្រីម្នាក់ មកពីទីក្រុងប៉ារីស ប្រទេសបារាំង បានចែករំលែកពីរឿងរ៉ាវដ៏គួរឲ្យរន្ធត់ នៃផលប៉ះពាល់ដ៏អាក្រក់របស់ថ្នាំលាបសក់ ដែលបង្កឡើងដោយសារធាតុគីមីម្យ៉ាង PPD (Paraphenylenediamin) ដែលត្រូវបានគេរកឃើញជាទូទៅមាននៅក្នុងផលិតផលកែសម្ផស្ស បន្ទាប់ពីរូបនាងបានជួយខ្លួនឯងផ្ទាល់ នឹងសឹងអស់ជីវិត។

តាមការឲ្យដឹងពី Estelle នាងបានរៀបរាប់ប្រាប់ថា នាងបានទិញផលិតថ្នាំលាបសក់មួយប្រភេទ ពីផ្សារទំនើបក្នុងស្រុកមួយកន្លែង នៅតំបន់ Val-de-Marne កាលពីដើមខែនេះកន្លងទៅ ដើម្បីយកវាមកលាបដោយខ្លួនឯងនៅផ្ទះ។ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ បន្ទាប់ពីនាងបានលាបវារួចរាល់ រយៈពេលប៉ុន្មាននាទីក្រោយមក នាងក៏កត់សម្គាល់ឃើញថា ក្តៅក្រហាយ និងរលាកនៅលើស្បែកក្បាលរបស់នាង ហើយក្រោយមកវាក៏ចាប់ផ្តើមហើមបន្តិចម្តងៗតែម្តង។នាងក៏បានលេបថ្នាំប្រឆាំងនឹងប្រតិកម្ម (Antihistamines ថ្នាំបន្សាបជាតិពុលរមាស់លើស្បែក) ផងដែរ តែស្ថានភាពហាក់ដូចមិនថមថយ។

លុះស្រាប់តែនៅព្រឹកថ្ងៃបន្ទាប់ Estelle នាងស្រាប់តែរកឃើញថា ស្ថានភាពរបស់នាងកាន់តែអាក្រក់ទៅៗ ខណៈដែលក្បាលរបស់នាងហើមរីកធំ ទំហំដល់ទៅ ៦៣សង់ទីម៉ែត្រ ដែលសឹងតែស្មើនឹងក្បាលមនុស្សធម្មតាដល់ទៅ២ដងឯណោះ។ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក Le Parisien នាង Estelle បាននិយាយថា «ខ្ញុំពិតជាពិបាក ឬសឹងតែមិនអាចដកដង្ហើមបានទេ ក្បាលរបស់ខ្ញុំធំដូចអំពូល» ។Estelle ថា នាងក៏បានប្រញាប់ទៅមន្ទីរពេទ្យដើម្បីសុំជំនួយ ខណៈសូម្បីតែអណ្តាតរបស់នាងក៏ហើមធំ។ ក្រោយមកនាងក៏ទទួលបានការចាក់ថ្នាំការពារ (Adrenaline) ដើម្បីទប់ស្កាត់ការរាលដាលនៃប្រតិកម្មនោះផងដែរ។

ជាសំណាងល្អ ដែលប្រតិកម្មមួយនេះបានថមថយចុះវិញ ប៉ុន្តែ Estelle បាននិយាយថា ការហើមនោះវារាងក្រស្រកបន្តិច។ ក្រោយមក Estelle នាងក៏បានព្រមានដល់អ្នកឯទៀត ជុំវិញនឹងប៉ះពាល់ដ៏អាក្រក់ និងគ្រោះថ្នាក់បំផុតនៃសារធាតុគីមី PPD ក្រោយនាងបានជួបផ្ទាល់ខ្លួនឯងនេះផងដែរ។Estelle បាននិយាយថា «ខ្ញុំស្ទើរតែស្លាប់ទៅហើយ! ដូច្នេះខ្ញុំមិនចង់ឲ្យវាកើតមានបែបនេះ ទៅលើអ្នកដទៃទៀតនោះទេ» ។គួរឲ្យដឹងផងដែរថា រាល់គ្រប់ផលិតផលថ្នាំពណ៌សក់ទាំងអស់ គឺមានផ្ទុកនូវសារធាតុគីមីជាច្រើន និងផ្សេងៗគ្នា ហើយនៅក្នុងសារធាតុគីមី PPD គឺជាសារធាតុដ៏ចម្បងនិងខ្លាំងបំផុតផ្សំចូលគ្នា ដែលមូលហេតុងាយនឹងបង្កឲ្យមានប្រតិកម្ម ឬអាល្លែកហ្ស៊ីដល់ស្បែកក្បាល។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី នៅក្នុងនោះគេក៏មានការព្រមានច្បាស់លាស់ និងការណែនាំអំពីការប្រើប្រាស់ នៅលើសម្បកវេចខ្ចប់ផងដែរ (លើប្រអប់ថ្នាំពណ៌សក់)។ ក្រៅពីនេះ PPD ជាញឹកញាប់ ក៏ត្រូវបានគេដឹងថា យកទៅប្រើប្រាស់ខុសច្បាស់ នៅក្នុងទឹកថ្នាំសាក់ Henna ថែមទៀតផង។ដូច្នេះដើម្បីជាសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ណាមួយ គួរគប្បីពិចារណា ក៏ដូចជាមើលពីការណែនាំឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងប្រើប្រាស់រាល់គ្រប់ផលិតផលទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *