កូនខ្មែរគួរតែដឹង!! ព្រះរាជជីវប្រវត្តិសង្ខេប “ស្ដេចកន” ដកស្រង់ពីឯកសារប្រវត្តិសាស្ត្រ
ស្ដេចកន ត្រូវបានគេចាត់ជា ក្សត្រដ៏បញ្ញាញាណមួយព្រះអង្គ ដែលបានកសាងរាជធានីរឹងមាំ ធ្វើឲ្យស្រុកទេសមានសុខសន្តិភាព ហើយប្រជានុរាស្ត្រសម្បូរសប្បាយ នៅចន្លោះឆ្នាំ ១៥១២-១៥២៥។
ស្នាព្រះហស្ត និងព្រះរាជកិច្ចតស៊ូនៃក្សត្រអង្គនេះ ត្រៀមនឹងរំលេចក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រខ្នាតធំមួយរឿងដែល វិនិយោគក្នុងទំហំទឹកប្រាក់ច្រើនគួរសម ដោយវិនិយោគិនទូរទស្សន៍ PNN និងដឹកនាំដោយឯកឧត្ដម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលធ្លាប់មានស្នាដៃជាច្រើនក្នុងសិល្បៈភាពយន្តខ្មែរ។
យ៉ាងណាព្រះរាជជីវប្រវត្តិរបស់ ស្ដេចកន ឬស្រីជេដ្ឋា ធិរាជរាមាធិបតី មានចារនៅក្នុងឯកសារប្រវត្តិសាស្ត្រមួយចំនួនដូចជា “ឯកសារមហាបុរសខ្មែរ” សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០ និង សៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក ត្រឹងងា ជាដើម។ ឥឡូវនេះ សូមតាមដានជាមុននូវព្រះរាជជីវប្រវត្តិសង្ខេបរបស់ ស្ដេចកន ដោយដកស្រង់ចេញពីឯកសារទាំងនោះ។
តាមឯកសារប្រវត្តិសាស្ត្រ ស្ដេចកន គឺជាប្អូនរបស់នាងពៅ (ឯកសារខ្លះឈ្មោះនាង ស) ត្រូវបានតែងតាំងជាមហាតលិក និងក្រោយមកក៏ត្រូវដំឡើងយសសក្ដិជា នាយកនជាឃុនលួងព្រះស្ដេច មាននាទីមើលខុសត្រូវលើពលព្រះទាំងអស់ និងលើកិរិយាមារយាទនៃពលរដ្ឋទូទៅ។
តំណែងខាងលើនេះ គឺកើតឡើងក្រោយពីនាង ពៅ ជាបង ត្រូវបានលើកជាស្នំឯករបស់ព្រះបាទស្រីសុគន្ធបទ។ នៅឆ្នាំ១៥០៩ ព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិនឃើញនាគរាជដេញខាំព្រះអង្គ ហើយខាំពាំស្វេតច្ឆត្រថែមទៀត ។ ព្រះអង្គទ្រង់បញ្ជាឲ្យហោរាទាយ ដឹងថាមានកោលាហល អ្នកបង្កគឺ ឃុនហ្លួងព្រះ ស្ដេចកន ដែលកើតនៅឆ្នាំរោង (នាគ)។ ស្របពេលជាមួយគ្នានោះ មានពាក្យ បណ្ដឹងមកថា មានកើតហេតុចម្លែកផ្សេងៗនៅក្នុងព្រះរាជាណាចក្រ។
ដោយខ្លាចក្រែង ស្ដេចកន ក្បត់ដណ្ដើមរាជសម្បត្តិ សមដូចទំនាយរបស់ហោរានោះ ព្រះរាជា ទ្រង់បានធ្វើការប្រជុំសម្ងាត់នឹងពួក មន្ត្រីជំនិត ដើម្បីរិះរកមធ្យោបាយកម្ចាត់ឲ្យបាន។ តែបានបែកការណ៍ដឹងទៅដល់ស្ដេច កន តាមស្នំឯកត្រូវជាបង លបលួចស្ដាប់ដឹងហើយផ្ញើសំបុត្រទៅប្រាប់។
ដោយមានគម្រោងសម្លាប់ស្ដេចកន ព្រះរាជាទ្រង់បញ្ជាឲ្យពួកមន្ត្រីរៀបចំដង្ហែព្រះអង្គ ទៅក្រសាលបឹងបង់សំណាញ់កម្សាន្ត ទៅតាមចំណូលព្រះហឫទ័យរបស់ព្រះអង្គដែលធ្លាប់តែ ធ្វើពីមុនរៀងមក ហើយ ស្ដេចកន ក៏ត្រូវគេចាត់ឲ្យទៅហែហមព្រះរាជាជាមួយនឹង មន្ត្រីឯទៀតៗដែរ។
ដូចដែលបានគ្រោងទុក ទ្រង់ ធ្វើកលថា សំណាញ់ព្រះអង្គជាប់សម្រាស់លើកពុំរួច ហើយទ្រង់បញ្ជាឲ្យស្ដេចកន មុជទឹកទៅដោះ។ ស្ដេចកន ទទួលបញ្ជាហើយលោតទៅក្នុងទឹក ធ្វើហាក់ដូច ជាពុំដឹងខ្លួន តែបានមុជថយចេញពីកន្លែងនោះឆ្ងាយទៅ ។ ពេលនោះពួកជំនិតរបស់ព្រះរាជា ក៏ប្រញាប់បង់សំណាញ់ព្រមគ្នាគ្របត្រង់កន្លែងដែលស្ដេចកនលោតទៅនោះ ក្នុងបំណងឲ្យ ស្ដេចកនជាប់សំណាញ់រើពុំរួច ស្លាប់ក្នុងទឹកនោះ។
ក្រោយរួចជីវិត ស្ដេចកន បានភៀសខ្លួនទៅដល់ខេត្តបាភ្នំ ហើយប្រើឧបាយកលបោកបញ្ឆោតពួកចៅហ្វាយខេត្តថា ខ្លួនបានទទួល បញ្ជាពីព្រះរាជាឲ្យមកកែនទ័ពទៅកម្ចាត់មហាឧបរាជ ចន្ទរាជា ដែលមានចិត្ត ចង់ឡើងសោយរាជ្យនៅក្រុងចតុមុខ ។ បន្ទាប់ពីមានកម្លាំងទ័ព ស្ដេចកន ក៏ចាប់ផ្ដើមវាយលុកចូលរាជធានីទួលបាសាន ក្រោយព្រះចន្ទរាជា ដកថយទៅជ្រកកោនជាមួយស្ដេចសៀម។
ព្រះបាទស្រីសុគន្ធបទ បានលើកទ័ពចេញតទល់ដោយផ្ទាល់ព្រះអង្គ តែត្រូវបរាជ័យ ហើយថយទៅកែនទ័ពថែមនៅក្រុងចតុមុខ ។ ស្ដេចកន លើកទ័ពដេញតាមវាយបែក បន្ទាយភ្នំពេញទៀត ព្រះបាទស្រីសុគន្ធបទ ថយទៅគង់នៅលង្វែក ។ លុះបន្ទាយលង្វែកត្រូវវាយបែកទៀត ព្រះអង្គទៅគង់នៅបរិបូណ៌ (អម្រិន្ទបូរ) ចុងក្រោយ ទៅគង់នៅបន្ទាយស្ទឹងសែនក្នុងខេត្តអាសន្ទុក (គស១៥១២) ហើយត្រូវទ័ពរបស់ស្ដេចកនធ្វើគត់បាននៅទីនោះ។
ក្រោយពីបានជ័យជំនះហើយ ស្ដេច កន បានប្រកាសខ្លួន ជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដោយមានរាជនាមថា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី គង់នៅក្រុងស្រីសឈរ ហើយក្រោយមក នៅឆ្នាំ ១៥១៤ ព្រះអង្គ បានកសាងរាជធានី ថ្មីមួយទៀត នៅចន្លោះត្បូងឃ្មុំ និងខេត្តបាភ្នំ ត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថា “ក្រុងស្រឡប់ពិជ័យព្រៃនគរ”។
បីឆ្នាំក្រោយមក រាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះករ កាន់តែច្រើនឡើង ជាងរាជធានីចាស់។ ប្រទេសជាតិបានទទួលសុខសន្តិភាព ហើយពួកបរទេសជាច្រើន បានចូលមកធ្វើទំនាក់ទំនង ខាងពាណិជ្ជកម្ម។ ប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ព ឲ្យប្រើពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលវិស័យ ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។
ប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុន ដោយសារវិធានការណ៍មួយចំនួនរបស់ស្ដេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយពិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌ ឲ្យមានលក្ខណៈធូរស្រាលជាងមុនជាដើម។ ប្រវត្តិវិទូខ្លះ បានសង្កត់សេចក្ដីថា នៅសម័យនោះអាណាប្រជានុរាស្ត្របានសុខសម្បូរសប្បាយថែមទៀតផង៕
ប្រភព៖ news.sabay