ហួសចិត្តពេកហើយ!! សាក្សីម្នាក់គូររូបមុខជនល្មើសគួរឲ្យអស់សំណើច តែលទ្ធផលធ្វើឲ្យប៉ូលិសនៅតែអាចរកឃើញ…
ប៉ូលិសអង់គ្លេសបានចេញដីការតាមចាប់ខ្លួនជនជាប់ចោទម្នាក់ ដែលបានលួចលុយពីក្នុងផ្សារ Central នៅទីក្រុង Lancaster។ យោងតាម Lancaster Online ឲ្យដឹងថា កាលពីថ្ងៃទី ៣០ខែមករា មានបុរសម្នាក់បន្លំខ្លួនធ្វើជាបុគ្គលិកផ្សារ Central ខណៈពេលដែលបុគ្គលិកពិតប្រាកដមិននៅកន្លែង។ បន្ទាប់មក រូបគេក៏បានលួចលុយមួយចំនួន និងគេចខ្លួនភ្លាមៗ។
ក្រោយហេតុការណ៍នេះកើតឡើង សាក្សីម្នាក់ បានគូររូបមុខលក្ខណៈតុក្កតារបស់បុរសជនសង្ស័យ ហើយប្រគល់ទៅឲ្យប៉ូលិស។ ក្រោយពីទទួលបានរូបខាងលើ រួមជាមួយការរៀបរាប់ពីភិនភាគរបស់ជនសង្ស័យ ប៉ូលិសអាចកំណត់មុខសញ្ញាថា ជនល្មើសគឺជាបុរសអនាថាវ័យ ៤៤ ឆ្នាំ ដែលមានឈ្មោះ Hung Phouc Nguyen។
ប៉ូលិសបានធ្វើការចោទប្រកាន់លោក Nguyen ចំពោះការលួចដោយខុសច្បាប់ចំនួន ២ ករណី។ ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ប៉ូលិសមិនទាន់ឃាត់ខ្លួនជនល្មើសបាននៅឡើយទេ។ ប៉ុន្តែ ពួកគេជំរុញឲ្យអ្នកដែលបានឃើញ ឬមានព័ត៌មានអំពីលោក Nguyen មេត្តាផ្ដល់ដំណឹងមកប៉ូលិសជាបន្ទាន់៕