ចឹងតើបានកូនពូកែក្បាច់គុណ!! តោះមកស្តាប់ប្រវត្តិម្តាយរបស់កុំកុំ គឺថា…

តារា​សម្ដែង​ក្បាច់​គុន​ចិន Donnie Yen បាន​បោះ​ជំហាន​កាន់​តែ​ជ្រៅ​ក្នុង​វិស័យ​សិល្បៈ ដោយ​ថ្មីៗ​នេះ​លោក​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​រឿង “Ip Man” និង​បង្ហាញ​ខ្លួន​ជា​តួ​ Chirrut Îmwe ក្នុង​រឿង​ហូលីវូដ “Star Wars: Rogue One” នាំ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្បី​ឡើង​ៗ។

យ៉ាងណាក្ដី មាន​នារី​ម្នាក់​ដែល​ Yen គួរ​តែ​អរគុណ​សម្រាប់​អាជីព​​ជា​តារា​ក្បាច់​គុណ​នោះ​គឺ​គ្រូ​យាយ​ក្បាច់​គុន​តៃជី Bow-sim Mark ដែល​ត្រូវ​ជា​ម្ដាយ​របស់​លោក។ ត្បិត​តែ​​អ្នក​គ្រូ​មិន​ល្បីល្បាញ​ដូច​កូន​ប្រុស​​ក្នុង​វិថី​សិល្បៈ​ ប៉ុន្តែ​​ស្នាដៃ​និង​ពាន​រង្វាន់​ជា​ច្រើន​ដែល​អ្នក​គ្រូ​សម​​ទទួល​បាន។

កើត​ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន អ្នក​គ្រូ Mark បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​​Wushu តាំង​ពី​ថ្នាក់​វិទ្យាល័យ ព្រម​ទាំង​រៀន​ឯកទេស​ក្បាច់គុន​តៃជី​​និង​សៅលីង​ភាគ​ខាងជើង​ទៀត​ផង។ ស្ត្រី​ដែល​រៀន​​ក្បាច់​គុន​កម្រ​ឮ​ណាស់​នៅ​ជំនាន់​នោះ ប៉ុន្តែ​ Mark ពិត​ជា​មាន​ទេពកោសល្យ​ រហូត​លោក​គ្រូ​តា Fu Wing Way ដែល​ជា​មនុស្ស​​​ម្នាក់​កែលំអ​​ក្បាច់គុន​នៅ​ប្រទេស​ចិន​និង​ជា​ស្ថាបនិក​​នៃ​ Fu Style Tai Chi ពេញ​ចិត្ត។ Fu Wing Way ក៏​បាន​សម្រេច​​ជ្រើសរើស​ Mark ធ្វើ​ជា​សិស្ស​ឯកជន​។

ឆ្នាំ​១៩៨៤ Mark​ បាន​ឈ្នះ​មេដាយ​មាស​​នៅ​កម្មវិធី​​​ប្រកួតប្រជែង​តៃជី​អន្តរជាតិ​លើក​ទី​១​ ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៩៥ និង​ធ្លាប់​ជាប់​​ឈ្មោះ​សិល្បៈ​​ក្បាច់​គុន​កុងហ្វូ​ប្រចាំ​ឆ្នាំ​ក្នុង​ទស្សនាវដ្ដី Black Belt ។ មុន​ពេល​​ធ្វើ​អន្តោប្រវេសន៍​ទៅ​សហរដ្ឋអាមេរិក ម្ដាយ​របស់​កុំកុំ​រូប​នេះ​​ធ្លាប់​ល្បី​ពេញ​ក្នុង​ប្រទេស​ចិន ព្រោះ​តែ​នាង​​​ធ្លាប់​ជា​សិល្បៈ​ក្បាច់​គុន​នារី​​ដែល​មាន​ទេពកោសល្យ​ម្នាក់ ថែម​ទាំង​ខ្លាំង​ជាង​បុរស​ៗ​ទៀត។

Mark ធ្លាប់​ប្រាប់​ទៅ​ទស្សនាវដ្ដី NextShark ថា៖ “អ្វី​ៗ​ពិត​ជា​ពិបាក​សម្រាប់​ស្ត្រី។ ប្រសិន​បុរស​ម្នាក់​​បាន​ធ្វើ​ការ​១០០%​ដើម្បី​ជោគជ័យ ស្ត្រី​ត្រូវ​តែ​ធ្វើ​១៥០%​ !មិនមែន​តែ​ក្នុង​សិល្បៈ​ក្បាច់​គុន​ទេ ប៉ុន្តែ​គ្រប់​កិច្ចការ​​ក្នុង​​លក្ខខណ្ឌ​លំបាក”។ បន្ទាប់​ពី​បង្រៀន​សាលា​ជាន់​ខ្ពស់​អស់​រយៈ​ពេល​១០​ឆ្នាំ Mark បាន​ធ្វើ​អន្តោប្រវេសន៍​ម្ដង​ទៀត​ទៅ​រស់​នៅ​ទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​១៩៧៥។​ ទី​នោះ​ហើយ ជា​កន្លែង​ដែល​អ្នក​គ្រូ​​ក្លាយ​ជា​មនុស្ស​ដំបូង​​សាបព្រួស​​​ក្បាច់គុន Wushu ទៅ​ប្រទេស​ខាង​លិច។

ក្នុង​ភាព​ល្បីល្បាញ​​ផ្នែក​ក្បាច់គុន និង​បើក​សាលា​គុន​ផ្ទាល់​ខ្លួន​គឺ​ពិត​មិន​ងាយ​ស្រួល​សម្រាប់ Mark ទេ។ កាលវិភាគ​រវល់​ បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​​គ្មាន​ពេល​គ្រប់គ្រាន់​ផ្ទាល់​ខ្លួន​សម្រាប់​កូន​ទាំង​២​នាក់។ Donnie Yen ដែល​ជា​កូន​ប្រុស​ច្បង​បាន​ត្រលប់​ទៅ​ប្រទេស​​អាស៊ី​វិញ ដើម្បី​បន្ត​រៀន​ក្បាច់​គុណ​និង​ចាប់​អាជីព​​ជា​តារា។ បច្ចុប្បន្ន​អ្នក​ស្រី Mark មាន​អាយុ​៧៤​ឆ្នាំ​ បាន​ចូលនិវត្តន៍​និង​ផ្ទេរ​សាលា​គុន​ឲ្យ​ទៅ​កូន​ស្រី ក្រៅ​ពី​ក្បាច់​ដៃ​ជើង អ្នក​ស្រី​ក៏​ចេះ​​ក្បាច់​គុណ​ដាវ​​និង​លំពែងទៀត​ផង​៕​​​​​​​​​ប្រភព៖ news.sabay

Leave a Reply

Your email address will not be published. Required fields are marked *