ពេលអីៗនឹងគ្នាអត់ការពារ ភ័យណាស់ មែនអត់?ហើយគួរធ្វើម៉េច ក្រោយរួចរាល់?

នែគ្នាយើង! ភ្លេចខ្លួនអត់ប្រើអាវភ្លៀងមួយពេល មានអារម្មណ៍ម៉េចដែរ? ភ័យណាស់ មែនអត់? បើមិនខ្លាចជំងឺកាមរោគ ក៏ខ្លាចមានផ្ទៃពោះដែរ។ អានអត្ថបទនេះ នឹងដឹងថាត្រូវធ្វើម៉េចហើយ។

មានវិធីការពារច្រើន អាចដោះស្រាយបាន ហើយថ្នាំការពារផ្ទៃពោះបន្ទាន់ ៧២ ម៉ោង ជាជម្រើសល្អបំផុត បើសិនចាត់ការមិនបានការពារ។ មានវិធីសាស្ត្រមួយចំនួនទៀត អាចឲ្យចៀសផុតពីជំងឺកាមរោគ។

១- #ថ្នាំ៧២ម៉ោង វាជាថ្នាំសម្រាប់ពន្យារកំណើតករណីបន្ទាន់ បង្ការការទម្លាក់ស៊ុតរបស់ក្រពេញអូវែ ទប់ស្កាត់ការឈានទៅបង្កកំណើតនៅលើភ្នាសស្បូន។ គ្រាន់តែថា ស្រីៗគ្នាយើងត្រូវលេបថ្នាំនេះអំឡុងពេល ៣ ថ្ងៃ បន្ទាប់ពីរួមភេទអត់បានការពារ។ គ្នាយើងខ្លះអាចជួបផលរំខានខ្លះ ដូចជាចង្អោរ អស់កម្លាំង ឈឺក្បាល និងឈឺសុដន់ ក្រោយប្រើថ្នាំនេះ។

ក្រៅពីថ្នាំការពារបន្ទាន់ យើងអាចប្រើកងដាក់ក្នុងស្បូនតូច ហៅថា Copper IUD សម្រាប់ការពារកុំឲ្យមានផ្ទៃពោះ ប៉ុន្ដែត្រូវជួបផ្ទាល់ជាមួយពេទ្យ អំឡុងពេល ៥ ថ្ងៃបន្ទាប់ពីរួមភេទភ្លេចការពារ។ កងដាក់ក្នុងស្បូន IUDs ភ្ញោចបង្កើនជាតិរំអិលនៅភ្នាស កស្បូន ការពារកុំឲ្យមេជីវិតឈ្មោលឆ្លងកាត់បាន។ ចំណុចល្អរបស់កង គឺពេលដាក់វាចូលហើយ យើងអាចប្រើបានរហូតដល់ ១០ ឆ្នាំ ឬក៏យូរជាងហ្នឹង។

២- #ធ្វើតេស្ត សប្បាយមួយពេល ភ្លេចអស់រឿងលោកីយ៍ ប្រាកដជាភ័យញ័រខ្លួនមិនស្ទើរទេ ពិសេសពេលពួកម៉ាកនិយាយរឿងធ្វើតេស្តរកកាមរោគ ប៉ុន្ដែនៅតែមានផ្លូវព្យាបាល និងដោះស្រាយស្ថានភាពនេះបាន។

បើរួមភេទមិនបានប្រើអាវភ្លៀង យើងត្រូវទៅធ្វើតេស្តរកមេរោគ ប្រមេះទឹកបាយ ក្លាំមីឌា ស្វាយ ហ៊ីវ និងមេរោគរលាកថ្លើម ប្រភេទ B និង C ចន្លោះពេល ២ សប្ដាហ៍។ មេរោគរលាកថ្លើម និង ហ៊ីវ អាចប្រើរយៈពេលយូរសម្រាប់ពិនិត្យ បើទោះធ្វើតេស្តឈាមលើកទី១ លទ្ធផលអវិជ្ជមានក៏ដោយ ត្រូវធ្វើតេស្តឈាមក្រោយ ៦ ខែបន្ទាប់ ដើម្បីឲ្យប្រាកដ។ បើគ្នាយើងគិតថា ឆ្លងមេរោគ ហ៊ីវ យើងអាចប្រើថ្នាំ Antiretrovirals ប៉ុន្ដែក្នុងករណីងាយនឹងឆ្លងបំផុត គឺករណីចាប់រំលោភ។

៣- #សង្ស័យថាមានផ្ទៃពោះ ថ្នាំការពារបន្ទាន់ ៧២ ម៉ោង មិនមានប្រសិទ្ធភាព ១០០% ប្រឆាំងការមានផ្ទៃពោះនោះទេ អ៊ីចឹងយើងត្រូវតែយកចិត្តទុកដាក់ទៅលើការប្រែប្រួលរាងកាយ ដោយសារតែថ្នាំពន្យារកំណើតប្រភេទនេះអាចនាំឲ្យរដូវមិនទៀង ជាហេតុនាំឲ្យមានការពិបាកស្មានរឿងមានផ្ទៃពោះ។

៤- #អ្វីខ្លះមិនគួរធ្វើក្រោយរួមភេទមិនបានការពារ? ស្រីៗគ្នាយើងភាគច្រើនព្យាយាមលាងសម្អាតប្រដាប់ភេទ បន្ទាប់ពីរួមភេទមិនបានការពារ ដោយគិតថាអាចជួយសម្អាតទឹកកាម និងមេរោគផ្សេងៗ ប៉ុន្ដែការលាងសម្អាតនេះ មិនអាចការពារមិនឲ្យមានផ្ទៃពោះ និងជំងឺកាមរោគនោះទេ។ ផ្ទុយទៅវិញ បង្កគ្រោះថ្នាក់ឲ្យស្បូនយើងឆ្លងមេរោគទៅវិញ ព្រោះវិធីនេះ វាទៅបម្លែងតុល្យភាពនៃបាក់តេរីនៅក្នុងស្បូន។

ដោយ៖ យ៉ានណែត នីគែល
ណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។

Leave a Reply

Your email address will not be published. Required fields are marked *