គាំទ្រគាត់ផង!! កសិករម្នាក់ក្នុងខេត្តស្ទឹងត្រែង ទទួលបានជោគជ័យលើដំណាំពោតបារាំង….
កសិករម្នាក់ នៅខេត្តស្ទឹងត្រែង បានសម្រេចចិត្តដាំដំណាំពោតបារាំងសាកល្បង រហូតទទួលបាន ជោគជ័យ ដែលការដាំនេះ គឺគាត់ហាត់រៀនតាមរយៈការបង្ហាញនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។
លោក តុ អិនប៉ កសិករនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង បានប្រាប់BTVថា សព្វថ្ងៃ លោកប្រកបរបរដាំដុះបន្លែជីគ្រប់មុខ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយមួយរយៈចុងក្រោយនេះ លោកបានដាំពោតបារាំងបន្ថែមមួយមុខទៀត បន្ទាប់ពីបានឃើញ របៀបដាំដុះដំណាំប្រភេទនេះ តាម បណ្ដាញសង្គម Facebook ធ្វើឲ្យលោកចាប់អារម្មណ៍ ហើយក៏បានចាប់ផ្តើមសាកល្បងដាំ រហូតទទួល បានលទ្ធផលល្អជាបន្តបន្ទាប់។
លោក ប៉ បានបន្តឲ្យដឹងទៀតថា នៅថ្ងៃខាងមុខ លោកនឹងបង្កើនការដាំពោតបារាំងបន្ថែមទៀត ព្រោះបន្លែជីគ្រប់មុខ ដែលលោកបានដាំអស់រយៈពេលជិត១០ឆ្នាំមកហើយនោះ ឥឡូវអ្នកភូមិនាំគ្នា សម្រុកដាំច្រើន បណ្តាលឲ្យតម្លៃមានការធ្លាក់ចុះ។ ប៉ុន្តែពោតបារាំងវិញ ស្រួលដាំ និងងាយស្រួលថែរក្សា ចំណែកតម្លៃក៏បានសមរម្យ ដោយនៅលើទីផ្សារ អាចលក់បានតម្លៃចន្លោះពី៧ពាន់ ទៅ៨ពាន់រៀល ក្នុង មួយគីឡូក្រាម នៅរដូវប្រាំង រីឯនៅរដូវវស្សានេះវិញ អាចលក់បានតែ៣ពាន់រៀលប៉ុណ្ណោះ។
ដោយឡែកសម្រាប់បច្ចេកទេសដាំដុះ និងវិធីដោះស្រាយបញ្ហាប្រឈមចំពោះដំណាំពោតបារាំង វិញ កសិកររូបនេះ បានរៀបរាប់ថា ដើម្បីធ្វើឲ្យដំណាំពោតបារាំងដុះលូតលាស់បានល្អ និងមានទិន្នផល ខ្ពស់ មុនដាំត្រូវភ្ជួរដីឲ្យបានផុស និងសព្វល្អ រួចបណ្តុះកូនពោតបារាំងឲ្យបានប្រវែងជិតពីរតឹកសិន សឹម យកទៅដាក់ដាំ។ ដំណាំនេះ មិនមានបញ្ហាប្រឈមធ្ងន់ធ្ងរ ដូចដំណាំផ្សេងៗទេ ហើយបើមានក៏មានតិច តួចដែរ ដូចជាសត្វស្រមោចរោមតាមគល់ និងដើម ដែលបណ្តាលឲ្យស្លឹក និងផ្លែពោតបារាំងរួញ តែបញ្ហា នេះ អាចដោះស្រាយបាន ដោយប្រើទឹកសាប៊ូបាញ់សម្លាប់សត្វល្អិតទាំងនោះ។
កសិកររូបនេះ បានណែនាំឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន ពុំទាន់មានការងារធ្វើ គួរងាកមកធ្វើការ ដាំដុះបន្លែបង្ការ ជាពិសេសដំណាំពោតបារាំងនេះតែម្តង ព្រោះវាងាយស្រួលដាំ ហើយលោកនឹងជួយ បង្ហាត់បង្រៀនពីវិធីដាំដុះ ដោយមិនយកប្រាក់កម្រៃនោះឡើយ៕
ប្រភព៖bayontv