អបអរសាទរប្អូនប្រុស!!! ឈី​ម បណ្តូល បានសម្រេចគោលបំណងគេហើយ អាយុ៨ឆ្នាំសោះ​ តែអាចឡើងដល់កំពូលភ្នំឱរ៉ាល់​

កុមារា​ដែលមាន​វ័យ​ត្រឹម​៨​ឆ្នាំ ឈី​ម បណ្តូល សម្រេច​ក្តី​សុបិនរបស់ខ្លួនក្នុងការឡើងភ្នំដ៏ខ្ពស់មួយនេះ។ បណ្តូល និង​បងស្រី​ឈ្មោះ ឈី​ម គឹម​សៀវ អាយុ​១១​ឆ្នាំ រួមទាំង​កុមារ និង​យុវជន​៧​រូប​ទៀត បាន​ឡើង​ទៅដល់​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ដោយ​ចំណាយពេល​២​ថ្ងៃ​។ ​បណ្តូល ជា​កូនប្រុស​របស់លោក ឈឺ​ន ឈី​ម ដែលមាន​បទពិសោធន៍​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ជាង​១០​ឆ្នាំ​។

ការឡើង​ទៅដល់​កម្ពស់​១៨១៣​ម៉ែត្រ គឺជា​ក្តី​ស្រមៃ​ដែល​បានក្លាយ​ជាការ​ពិត​សម្រាប់​កុមារា បណ្តូល រួមទាំង​កុមារ និង​យុវជន​ផ្សេងទៀត​ដែល​រស់នៅ​ភូមិ​ស្រែ​កិន​១ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

«​ទោះជា​មានការ​លំបាក ហត់នឿយ​បន្តិច​មែន ប៉ុន្តែ​ខ្ញុំ​បន្ត​ជម្នះ​ទាល់តែ​បាន​ជោគជ័យ​»​។ នេះ​ជាការ​អះអាង​របស់ កុមារា​បណ្តូល ដោយ​បង្ហើប​ឲ្យ​ដឹងថា គេ​ចង់​ក្លាយជា​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដូចជា​ឪពុក​របស់ខ្លួន​ផងដែរ ព្រោះ​វា​ជាការ​ងារ​ដ៏​សុចរិត​មួយ ដែល​អាចជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ​នាពេល​អនាគត​។​

​ជាមួយគ្នានេះ លោក ឈឺ​ន ឈី​ម បាន​អះអាងថា មុននឹង​សម្រេច​ឲ្យ​កូនៗ និង​យុវជន​ផ្សេងទៀត ឡើង​ភ្នំ​ឱ​រ៉ា​ល់ លោក​បានគិត​គូ​យ៉ាង​ដិតដល់ ហើយ​លោក​ក៏មាន​ក្តីបារម្ភ​ខ្លះ​ផងដែរ ជាពិសេស​បណ្តូល ដែលជា​ក្មេង​ខ្លាច​ចាញ់​រងា និង​រមូល​ក្រពើ​។ ទាក់ទង​នឹង​បំណង​របស់​កូន​ដែល​ចង់​ចាប់​អាជីព​ជា​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នោះ លោក ឈី​ម ក៏​មិនជំទាស់នឹងក្តីស្រមៃរបស់កូនខ្លួនដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *