ព្រឺឆ្អឹងខ្នង!!! រូងភ្នំនាងវិមានចន្ទន៍ បង្កប់អាថ៌កំបាំងធ្លាយពីភ្នំជីសូរ្យ ដល់ភ្នំស្រង់ មានតែចៅអធិការ ៦ជំនាន់ប៉ុណ្ណោះធ្លាប់ឆ្លងផុត
ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាធ្លាប់លឺពីភ្នំជីសូរ្យ ព្រមទាំងប្រាសាទនៅលើកំពូលភ្នំនោះ ប៉ុន្តែតិចតួចបំផុតដែលធ្លាប់ដឹងថា មានរូងភ្នំយ៉ាងជ្រៅមួយឈ្មោះ “រូងភ្នំនាងវិមានចន្ទន៍” លាតសន្ធឹងពីភ្នំជីសូរ្យ រហូតធ្លាយដល់ភ្នំស្រង់ឯណោះ។ បើតាមការរៀបរាប់របស់ចាស់ព្រឹទ្ធាចារ្យនៅលើភ្នំនោះ បានឲ្យដឹងថា មានតែចៅអធិការទាំង៦ ជំនាន់មុនប៉ុណ្ណោះ ធ្លាប់ឆ្លងទៅដល់ផ្នែកម្ខាងទៀត ខណៈបច្ចុប្បន្ន វាបានបិទជិតផ្លូវចូលបាត់ទៅហើយ។
បើតាមឆ្មាំការពារលើកំពូលភ្នំ បានឲ្យដឹងថា រូងភ្នំនាងវិមានចន្ទន៍ ស្ថិតនៅចម្ងាយ ១៥០ម៉ែត្រ ពីទីអារាមវត្តសព្វថ្ងៃ។ កាលដំបូងឡើយ រូងនេះ នៅកណ្ដាលព្រៃដ៏ជ្រៅស្ងាត់ គ្មាននរណាបានទៅដល់ឡើយ។ ក្រោយមក ក្រុមអ្នកអភិរក្សក៏បាននាំគ្នាត្រួសត្រាយផ្លូវដើម្បីចូលទៅដល់ច្រកចូលនៃរូងភ្នំ ក្នុងគោលបំណងឲ្យកូនខ្មែរបានស្គាល់ពីសម្បត្តិធម្មជាតិទាំងឡាយ ដែលខ្លួនមានតាំងពីបុរាណកាលមក។
បើតាមដំណាលតគ្នាបានឲ្យដឹងថា រូងភ្នំនេះមានច្រកចូលពីភ្នំជីសូរ្យ ហើយមានច្រកចេញនៅឯភ្នំស្រង់ឯណោះ។ កាលពីជំនាន់មុន មិនធ្លាប់មាននរណាហ៊ានចូលទៅឡើយ គឺមានតែចៅអធិការ ៦ជំនាន់ បានចូលទៅរកកន្លែងសមាធិ រួចក៏ឆ្លងទៅដល់ទីម្ខាងទៀត នៅភ្នំស្រង់ និងបានយកមកប្រាប់អ្នកនៅលើភ្នំនេះគ្រប់គ្នា។ ចំណែកលោកតាឈ្មោះ ខាត់ សុខ ដែលជាឆ្នាំប្រាសាទ បាននិយាយថា ធ្លាប់ចូលទៅក្នុងបានជម្រៅ ៥០ម៉ែត្រ មុនជំនាន់ លុន នល់។
ជាអកុសល កាលជំនាន់របបសាធារណរដ្ឋខ្មែរ លោក លុន នល់ បានទៅពឹងអាមេរិកទម្លាក់គ្រាប់បែក និងទម្លាក់មកចំភ្នំជីសូរ្យជាច្រើនគ្រាប់ ធ្វើឲ្យច្រកចូលត្រូវបិទជិត ហើយសព្វថ្ងៃ អាចចូលបានទៅត្រឹមជម្រៅ ៣ ទៅ ៤ម៉ែត្រប៉ុណ្ណោះ។ ទោះយ៉ាងណា ក្នុងជម្រៅ ៣ ៤ម៉ែត្រនេះ ក៏មានទិដ្ឋភាពស្អាត និងបង្កប់ដោយរឿងរ៉ាវជាច្រើន ប៉ុន្តែមិនសូវមានអ្នកដឹង បានទៅដល់ឡើយ បើទោះឡើងដល់ភ្នំជីសូរ្យក៏ដោយ។
គួរបញ្ជាក់ថា ភ្នំជីសូរ្យ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ពេញនិយមមួយនៅខេត្តតាកែវ ស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ។ បើគិតពីភ្នំពេញ ភ្នំនេះមានចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រ។ នៅលើភ្នំនេះ មានសំណង់ចាស់ៗ ដែលមានតាំងពីដើមសតវត្តទី១១។ លើសពីនេះ នៅភ្នំក៏មានបន្សល់ទុកប្រាសាទបុរាណមួយ រចនាបថថ្មបាយក្រៀម និងថ្មភក់គួរឲ្យចង់ទស្សនា មានឈ្មោះថា ប្រសាទភ្នំជីសូរ។
ដើម្បីឡើងទៅដល់កំពូលភ្នំ មានជណ្ដើរ ៣ ចេញពីទិសផ្សេងគ្នា មានប្រវែងស្មើៗគ្នា ប៉ុន្តែកាំជណ្ដើរមានចំនួនខុសគ្នា។ ជណ្ដើរបុរាណនៅទិសខាងត្បូង មាន ៤១២កាំ និងជណ្ដើរនៅទិសខាងលុច មាន ២៣៣ កាំ ហើយជណ្ដើរនៅទិសខាងកើត មាន ៦១០កាំ។ នៅលើភ្នំនោះ ក៏មានវត្តមួយឈ្មោះថា វត្តភ្នំគិរីសោភណ្ឌភ្នំជីសូរ៕ (cambonews.online)