ល្បីណាស់ khmer24 តែតិចមិនបានស្គាល់អ្នកបង្កើតទៅ!! កូនខ្មែរម្នាក់បង្កើតគេហទំព័រលក់ផលិតផលអនឡាញធំជាងគេបំផុតនៅកម្ពុជាគឺលោក…..

ដោយ​មើល​ឃើញ​ពី​ចំនួន​នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ការ​កើនឡើង​ច្រើន​ក្នុង​ប្រទេស​កម្ពុជា លោក ទី រ៉ាឌី វ័យ​៣១​ឆ្នាំ​ដែល​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ន័រតុន បាន​ចាប់​យក​ឱកាស​នេះ ដើម្បី​រក​ប្រាក់ចំណូល​បន្ថែម។លោក រ៉ាឌី បាន​ពោល​ថា៖ «ខ្ញុំ​តែងតែ​ប្រាប់​សិស្ស​របស់​ខ្ញុំ​ថា យើង​អាច​រក​លុយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន ដូច្នេះ​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ​ជាក់ស្តែង​ពី​អត្ថប្រយោជន៍​មួយ​នេះ»។

ដោយ​សង្កេត​ឃើញ​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ធំ ចូលចិត្ត​ប្រើប្រាស់​របស់​មួយ​ទឹក និង​ចូលចិត្ត​ដើរ​បិទ​ខិត្តប័ណ្ណ​នានា​តាម​ជញ្ជាំង​ផ្ទះ និង​សាលារៀន លោក រ៉ាឌី ចាប់​ផ្តើម​មាន​គំនិត​បង្កើត​គេហទំព័រ​មួយ​ឡើង​ដើម្បី​ឲ្យ​ប្រជាជនកម្ពុជា​ធ្វើការ​ដោះដូរ​ទំនិញ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ‌ឥតគិតថ្លៃ។លោក​ថា៖ «សព្វថ្ងៃ​ពិភពលោក​ដើរ​ទៅ​រក​ប្រព័ន្ធ​អ៊ីនធឺណិត​អស់​ហើយ ដូច្នេះ​ខ្មែរ​យើង​ក៏​ត្រូវ​ដើរ​តាម​ដែរ»។

នៅ​ដើម​ឆ្នាំ​២០០៩ លោក ក៏​បាន​ចាប់បង្កើត​គេហទំព័រ​មួយ​ដោយ​ខ្លួនឯង​ឈ្មោះ​ថា «Khmer 24»​ដែល​ជា​គេហទំព័រ​សម្រាប់​ដាក់​លក់ និង​ទិញ​របស់របរ មិន​ចាំបាច់​បង់​សេវាកម្ម នៅលើ​គេហទំព័រ​របស់​លោក។

បើ​តាម​លោក​រ៉ាឌី គ្រា​ដំបូង នៃ​ការ​បង្កើត​គេហទំព័រ​នេះ លោក​ទទួល​បាន​ប្រាក់ចំណូល​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​ដោយសារ​មាន​មនុស្ស ជាច្រើន​បាន​ចូល​ទៅ​មើល ដើម្បី​ទិញ​របស់របរ និង ដាក់​លក់​សម្ភារ​ផ្សេងៗ កាន់តែ​ច្រើន​ឡើងៗ ពេល​នេះ​គេហទំព័រ​របស់​លោក អាច​រក​ប្រាក់ចំណូល​បាន​កាក់កប​ជាង​មុន​ច្រើន ដែល​អាច​ឲ្យ​លោក​ជួល បុគ្គលិក​ដែល​ជា​កូនសិស្ស​ចំនួន​បួន​នាក់​មក​ជួយ​គ្រប់គ្រង​បន្ថែម។

លោក​បាន​បង្ហើប​ប្រាប់​ថា៖ «ការ​ធ្វើ​ជំនួញ​តាម​អ៊ីនធឺណិត​ទាមទារ​ឲ្យ​យើង​ចេះ​អត់ធ្មត់ និង​ខិតខំ​ព្យាយាម​ពីព្រោះ​វា​មិនមែន​ឲ្យ​ផល​យើង​ភ្លាមៗ​នោះ​ទេ វា​ត្រូវការ​ចំណាយ​ពេល​យូរ»។

លោក ទី រ៉ាឌី បាន​បន្ត​ថា៖ «យើង​ផ្តល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិត​ថ្លៃ​ដល់​អតិថិជន ហើយ​យើង​ក៏​មាន​សេវាកម្ម​គិត​ថ្លៃ​ផង​ដែរ។ យើង​ទទួល​បាន​ប្រាក់​ចំណូល​ពី​គេហទំព័រ​នេះ ទទួល​បាន​តាមរយៈ​ការ​ផ្សាយពាណិជ្ជកម្ម។ ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​មាន​តម្លៃ​ថោក បើ​ប្រៀបធៀប​ជាមួយ​ការ​ផ្សាយ​តាម​ទូរទស្សន៍ ឬ​កាសែត»។

បើ​តាម​លោក​ទី រ៉ាឌី សព្វថ្ងៃ​នេះ​អ្នក​ដែល​ចូល​មើល Khmer 24 ជា​ប្រចាំ​មាន​ប្រមាណ​ជា​៣៨០០០​នាក់​ក្នុង​មួយ​ថ្ងៃ និង​មាន​អ្នក​ដែល​ចុះឈ្មោះ​ថ្មី​លើស​ពី​១០០០​នាក់​ក្នុង​មួយ​ថ្ងៃ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​សុំ​មិន​បង្ហាញ​តួលេខ​ពី​តម្លៃ​ផ្សាយ​ពាណិជ្ជកម្ម និង​ចំនួន​ប្រាក់​ចំណូល​ដែល​គេហទំព័រ​នេះ​រក​បាន​ក្នុង​មួយ​ខែ​ទេ។ស្ថាបនិក​រូប​នេះ បាន​បន្ត​ថា៖ «តួលេខ​នៃ​អ្នក​ចូល​មក​មើល​គេហទំព័រ Khmer 24​ច្រើន​បែប​នេះ​គឺ​ដោយសារ​ការ​ស្គាល់​តៗ​គ្នា និង​ការ​គោរព​គោលការណ៍​ច្បាស់លាស់ ព្រោះ​យើង​ធ្វើអ្វី យើង​ឲ្យ​តម្លៃ​ទៅលើ​អតិថិជន ហើយ​អតិថិជន​ក៏​ត្រូវ​ឲ្យ​តម្លៃ​មក​យើង​វិញ​ផង​ដែរ»។

លោក​ថា៖ «ដោយសារ​តម្លៃ​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​តម្លៃ​ធូរថ្លៃ ចំណែកឯ​ប្រជាជន​យល់ដឹង​កាន់តែ​ច្រើន​ពី​អ៊ីនធឺណិត និង​សារៈប្រយោជន៍​របស់​វា ហើយ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកចម្រើន​ផង​ដែរ​នោះ ជា​ហេតុ​ជំរុញ​ឲ្យ​អាជីវកម្ម​នេះ​ទទួល​បាន​ជោគជ័យ​ដល់​សព្វថ្ងៃ»។លោក​បាន​បន្ថែម​ទៀត​ថា៖ «មាន​មនុស្ស​ច្រើន​ណាស់​ដែល​ជោគជ័យ​តាមរយៈ Khmer 24 ដូច្នេះ​បើ​យើង​ចង់​រកស៊ី​យើង​ត្រូវ​តែ​សាកល្បង»។

បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​មាន​គេហទំព័រ​ជាច្រើន​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​គេហទំព័រ​ Khmer 24 តែ​លោក ទី រ៉ាឌី បាន​បញ្ជាក់​ប្រាប់​ថា៖ «យើង​[Khmer24]​អត់​ធ្វើ​តាម​គេ​ទេ យើង​ធ្វើ​តាម​របៀប​របស់​យើង​ដោយ​យើង​ត្រូវ​ដើរ​តាម​ចំណង់ចំណូល​ចិត្ត និង​តម្រូវការ​របស់​អ្នកប្រើប្រាស់។ ខ្ញុំ​លេខ​មួយ​ហើយ គ្មាន​អ្នក​លេខ​ពីរ​ទេ​ព្រោះ​អ្នក​ដែល​ស្រដៀង​ខ្ញុំ​មាន​ច្រើន​ពេក​មិន​ដឹង​នៅ​ទីណា​ខ្លះ​ទេ»។

នៅ​ដើម​ខែ​កុម្ភៈ​នេះ​លោក​នឹង​ដំឡើង​ការ​វិវឌ្ឍ​នៃ​គេហទំព័រ Khmer 24 ដែល​លោក​បាន​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់​នូវ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។លោក​ថា៖ «ឆ្នាំ​នេះ ជា​ឆ្នាំ​មួយ​ដែល​ដល់​ពេល​ដែល​យើង​ធ្វើការ​ផ្លាស់ប្តូរ​ហើយ គោលការណ៍​របស់​យើង​គឺ​មិនមែន​គេហទំព័រ​ដែល​សុទ្ធតែ​ផ្ទាំង​ពាណិជ្ជកម្ម​នោះ​ទេ»។

លោក​បាន​ផ្តាំផ្ញើ​ដល់​កូនខ្មែរ​ដែល​ចង់​ធ្វើ​ជំនួញ​តាម​អ៊ីនធឺណិត​ថា ពេល​នេះ​ជា​ឱកាស​ល្អ​ដូច្នេះ គួរ​ណាស់​តែ​ចាប់ផ្តើម តែ​មុន​នឹង​ចាប់ផ្តើម​យើង​ត្រូវ​សិក្សា​ថា វា​បំពេញ​ទីផ្សារ​បាន​ដល់​កម្រិត​ណា​ហើយ ត្រូវ​សិក្សា​ពី​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន​ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស​យើង៕

Leave a Reply

Your email address will not be published. Required fields are marked *