ដាច់ខាត!!! កុំអោយអ្នកជក់បារីនៅជិតកូនតូចរបស់អ្នក បើនៅតែបន្តនោះ អ្នកប្រាកដជាស្តាយក្រោយមិនខាន
សម្រាប់អ្នកជក់បារី គួរគប្បីជក់អោយឆ្ងាយពីគេឯង ជាពិសេសក្មេងតូចៗតែម្តង ព្រោះថាអ្នកដែលស្រូបផ្សែងបារី នឹងទទួលរងផលប៉ះពាល់ខ្លាំងជាងអ្នកជក់ទៅទៀត ។ ជាក់ស្តែងនៅប្រទេសឥណ្ឌូនេស៊ី មានក្មេងប្រុសអាយុ ១ ខែម្នាក់ បានស្លាប់ដោយសារតែការស្រូបផ្សែងបារីនេះឯង ។
យោងតាមការគណនីហ្វេសប៊ុក ស្ត្រីម្នាក់ដែលមានឈ្មោះថា Indah ត្រូវជាម្តាយក្មេងប្រុររងគ្រោះបានសរសេររៀបរាប់ប្រាប់ថា «មុនពេលរឿងអាក្រក់នេះ បានកើតឡើងមកលើកូនប្រុសរបស់ខ្ញុំ គឺគ្រួសាររបស់ខ្ញុំ បានធ្វើដំណើរទៅផ្ទះម្តាយក្មេកខ្ញុំ ដើម្បីរៀបចំកម្មវិធីបង្កក់កូន ហើយពួកយើងត្រូវស្នាក់នៅទីនោះ ១ សប្តាហ៍ ។
ដោយសារតែកម្មវិធីអ៊ូរអរ ហើយខ្ញុំត្រូវទទួលភ្ញៀវ ទើបមិនអាចទុកកូនអោយគេងតែម្នាក់ឯងបាន ដូច្នេះខ្ញុំក៏បានបីគេមកកន្លែងទទួលភ្ញៀវដែរ ។ ខ្ញុំមិនបានដឹងទេថាតើអ្នកណាខ្លះបានជក់បារីនៅទីនោះទេ ។
លុះកម្មវិធីចប់សព្វគ្រប់ កូនប្រុសរបស់ខ្ញុំមានសភាពធម្មតានោះទេ ។ ស្រាប់តែ ២ ថ្ងៃក្រោយមក កូនប្រុសរបស់ខ្ញុំក៏ចាប់ផ្តើមក្អក ហើយដកដង្ហើមខ្លីៗ ។ ពេលនោះខ្ញុំក៏បានប្រាប់ប្តីរបស់ខ្ញុំ ហើយបន្ទាប់មក ខ្ញុំបានបញ្ចុកថ្នាំក្អកអោយកូនខ្ញុំ តែម្តងគត់ ដោយសារកូនរបស់ខ្ញុំនៅតូចពេក ។ តែកូនរបស់ខ្ញុំ ដូចជាមិនធូរស្បើយសោះ ហើយអាការៈរបស់គេក៏កាន់តែធ្ងន់ធ្ងរឡើងៗ ។
ខ្ញុំក៏បាននាំគេទៅជួបគ្រូពេទ្យនៅជិតផ្ទះ ដើម្បីសុំទិញថ្នាំ ប៉ុន្តែគ្រូពេទ្យបានបដិសេធមិនលក់ថ្នាំអោយនោះទេ ដោយសារតែកូនរបស់ខ្ញុំនៅតូចពេក ហើយគាត់បានប្រាប់អោយយកកូនទៅមន្ទីរពេទ្យ ធ្វើការពិនិត្យអោយបានច្បាស់លាស់ ។ ដូច្នេះខ្ញុំក៏បាននាំកូនទៅមន្ទីរពេទ្យពិនិត្យសុខភាព លទ្ធផលក្រោយពិនិត្យបានអោយដឹងថា កូនប្រុសរបស់ខ្ញុំទទួលរងនូវជំងឺរលាកសួតធ្ងន់ធ្ងរ» ។
ដោយឃើញសភាពធ្ងន់របស់ក្មេង ទើបគ្រូពេទ្យបានអោយ គេគេងនៅមន្ទីរពេទ្យ ដើម្បីតាមដានជំងឺ។ អ្នកស្រី Indah បានសរសេរបន្ថែមទៀតថា «ព្រះជាម្ចាស់អើយ! ខ្ញុំមានអារម្មណ៍ពិបាកទ្រាំខ្លាំងណាស់ ដែលឃើញកូនប្រុសរបស់ខ្ញុំ ចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែការរលាកសួតធ្ងន់ធ្ងរ ។ ប្រសិនជាអាច ខ្ញុំសុំឈឺជំនួសកូនរបស់ខ្ញុំវិញ ។ ខ្ញុំសង្ឃឹមថាគ្រូពេទ្យនឹងប្រាប់ដំណឹងល្អថា កូនខ្ញុំផុតគ្រោះថ្នាក់ហើយ »។
ផ្ទុយទៅវិញ ស្ថានភាពរបស់ក្មេងតូចមិនបានប្រសើរឡើងនោះទេ គេត្រូវបញ្ជូនចូលទៅក្នុងបន្ទប់ ICU ដោយសារតែប្រព័ន្ធការពាររាងកាយរបស់គេចុះខ្សោយខ្លាំងពេក ធ្វើអោយស្ថានភាពរបស់គេកាន់តែអាក្រក់ឡើងៗ ។ គ្រូពេទ្យបានហៅអ្នកស្រី Indah ហើយនឹងស្វាមីរបស់អ្នកស្រី មកស្តាប់លទ្ធផលរបស់កូន ។ លទ្ធផល X-ray បានបង្ហាញថា សួតរបស់ទារកខូចស្ទើតែទាំងស្រុងទៅហើយ ដូច្នេះគ្រូពេទ្យណែនាំអោយទទួលការវះកាត់ ប៉ុន្តែភាគរយរស់គឺទាបបំផុត ។
ជាអកុសល ដែលគ្រូពេទ្យមិនអាចសង្គ្រោះជីវិតក្មេងប្រុសបាន ដោយសារតែសួតរបស់គេខូចខាតធ្ងន់ធ្ងរពេក ហើយគេក៏បានស្លាប់បាត់បង់ជីវិត ក្រោយព្យាបាលនៅមន្ទីរពេទ្យរយៈពេល ១៣ ថ្ងៃ ។ គ្រូពេទ្យបានប្រាប់ថា Hafizh (ក្មេងប្រុស) ស្លាប់ដោយសារតែការស្រូបផ្សែងបារីច្រើនពេក ដែលបណ្តាលអោយសួតរបស់គេរងការរលាកធ្ងន់ធ្ងរ ៕