ភ្ញាក់ផ្អើលពេញភូមិ!! សំណាងអ្វីម្ល៉េះទេ ​ប្រទះ​ឃើញ​ថូ​បុរាណ​មួយដែលក្នុងនោះមានកាក់មាសជាច្រើន…

ក្រុម​បុរាណ​វិទូ​របស់​ប្រទេស​អ៊ីតាលី បាន​ប្រទះ​ឃើញ​ថូ​បុរាណ​មួយ អំឡុង​ពេល​ធ្វើ​កំណាយ​លើ​រោង​មហោស្រព​ចំណាស់ ភាគ​ខាង​ជើង​ប្រទេស។ បន្ទាប់​ពី​ការ​សម្អាត​ធូលី​ដោយ​ប្រុង​ប្រយ័ត្ន រួច​មើល​ទៅ​ខាង​ក្នុង​ថូ ស្រាប់​តែ​ឃើញ​កាក់​មាស​ជា​ច្រើន ពណ៌ក្រហម​ឆ្អិន​ឆ្អៅ ដែល​មាន​តម្លៃ​មហាសាល ព្រោះ​វា​ជា​កាក់​មាស​បុរាណ កម្រ​មាន​បំផុត​លើ​លោក។

បើ​តាម​ប្រភព​ព័ត៌មាន​របស់​សហរដ្ឋអាមេរិក CNN បាន​ឱ្យ​ដឹង​ថា កាក់​មាន​រាប់​រយ​ដែល​នៅ​ចាំង​ចិញ្ចាច​នេះ អាច​មាន​អាយុ​កាល​តាំង​ពី​ចក្រភព​រ៉ូម៉ាំង​ឯណោះ។ រតនសម្បត្តិ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ថូ​ចំណាស់​កប់​ក្រោម​ដី នៃ​រោង​មហោស្រព Cressoni Theater នា​ទី​ក្រុង Como ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី។ តំបន់​ដែល​ប្រទះ​ឃើញ​ថូ​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​កំណាយ ព្រោះ​ជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ។

ទាក់​ទង​នឹង​ការ​រក​ឃើញ​កាក់​មាស​ដ៏​ច្រើន​នេះ លោក Alberto Bonisoli ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ខាង​ក្រសួង​នី​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ អំពី​រឿងរ៉ាវ​លម្អិត​នៃ​កាក់​មាស។ លោក​បន្ត​ថា ការ​រុក​រក​មាន​សារសំខាន់​សម្រាប់​ប្រវត្តិសាស្ត្រ និង​វប្បធម៌។ ចំណែក​តំបន់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​រុក​រក វា​ពិត​ជា​កំណត់​បាន​នូវ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុម​បុរាណ​វិទូ។

បើ​តាម​ប្រភព​ព័តមាន​ដដែល​បាន​បញ្ជាក់​ថា កាក់​នៅ​ក្នុង​ថូ​នេះ ត្រូវ​បាន​ប្រទះ​​ឃើញ​កាល​ពី​សប្ដាហ៍​មុន ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​របស់​ក្រសួង​នៅ​ឯ​ក្រុង Milan ដើម្បី​ត្រួត​ពិនិត្យ។ ចំណែក​រឿង​រ៉ាវ​លម្អិត និង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដ៏​ធំ​នេះ នឹង​ធ្វើ​ឡើង​ក្នុង​សន្និសីទ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ ព្រោះ​ការ​ស្រាវជ្រាវ ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​រក​ឫសគល់​នៃ​កាក់​មាស។ ​

ក្រសួង​មិន​បាន​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ កាក់​ទាំង​នេះ​ទេ ប៉ុន្តែ​បើ​តាម​របាយការណ៍​ដោយ​សារព័ត៌មាន​របស់​ប្រទេស​អ៊ីតាលី​បាន​អះអាង​ថា វា​អាច​មាន​តម្លៃ​ដល់​ទៅ​រាប់​លាន​ដុល្លារ។ គួរ​បញ្ជាក់​ថា កាក់​នេះ​ស្ថិត​នៅ​ក្នុង​ថូ​យ៉ាង​ល្អ ដោយ​នៅ​មាន​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ មើល​ទៅ​ជា​មាស​ល្អ​បំផុត ក្នុង​សម័យ​នោះ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ស្ថិត​ក្នុង​ឆ្នាំ​នៅ​ឡើយ​នោះ​ទេ ដោយ​រង់​ចាំ​ការ​ស្រាវជ្រាវ​សិន។

ចំពោះ​រោង​មហោស្រព​នេះ បាន​បើក​ដំណើរ​ការ កាល​ពី​ឆ្នាំ​១៨០៧ មុន​ពេល​ធ្វើ​ទំនើប​កម្ម​មក​ជា​រោង​ភាពយន្ត ហើយ​ក៏​បិទ​ទ្វារ​វិញ​ក្នុង​ឆ្នាំ​១៩៩៧។ តំបន់​នេះ នៅ​មិន​ឆ្ងាយ​ពី Novum Comum ដែល​ជា​កន្លែង​សំខាន់​មួយ របស់​ចក្រភព​រ៉ូម៉ាំង​សម័យ​បុរាណ។ ក្រសួង​បាន​បញ្ជាក់​ថា ការ​ប្រទះ​ឃើញ​កាក់​មាស​ទាំង​នេះ គឺ​ជា​របក​គំហើញ​ដ៏​អស្ចារ្យ​មួយ សម្រាប់​ការ​រុក​រក​ធ្វើ​កំណាយ​ក្នុង​តំបន់។

កាល​ពី​ឆ្នាំ​2016 កន្លង​ទៅ ក្រុម​អ្នក​បុរាណ​វិទូ ក៏​បាន​ប្រទះ​ឃើញ​កាក់​មាស​មួយ ដែល​មាន​អាយុ​កាល​ជាង ២០០០​ឆ្នាំ នៅ​តំបន់​ Jerusalem ផង​ដែរ។ កាក់​នោះ​មាន​មុខ​របស់ Nero ដែល​ជា​អធិរាជ​ចក្រភព​រ៉ូម៉ាំង សម័យ​បុរាណ៕

Leave a Reply

Your email address will not be published. Required fields are marked *