បន្លែធម្មជាតិពិតៗ៣០ហិកតា របស់ប្រជាកសិករខេត្តព្រៃវែង សូមជួយស៊ែរគាំទ្រផងចុះ!!
ប្រជាកសិករដាំដុះបន្លែសុវត្ថិភាព នៅស្រុកកញ្ជៀច បានកើនឡើងច្រើនខុសពីឆ្នាំមុន រហូតដល់៥០% ដោយឆ្នាំមុនចំនួនអ្នកដាំដុះបន្លែសុវត្ថិភាពមានប្រមាណ១៥ហិកតាទេ ក៏ប៉ុន្តែនៅឆ្នាំ២០១៩នេះ បានកើនឡើងដល់ប្រមាណ៣០ហិកតា ព្រោះកត្តាតម្លៃបន្លែសុវត្ថិភាពលក់បានថ្លៃគួរសម ហើយឈ្មួញចុះមកទិញដល់កន្លែងតែម្តង យើងគ្រាន់តែកាត់ច្រកដាក់ថង់រួចស្រេចឈ្មួញយកអស់គ្មានសល់។
ប្រជាពលរដ្ឋរស់នៅក្នុង ភូមិ អ្នកតាជ័យ , ភូមិត្រពាំងប្រស្រែលិច និង ភូមិត្រពាំងប្រស្រែកើត ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងដែល ជាកសិករដាំបន្លែសុវត្ថិភាពបានថ្លែងប្រាប់ទាំងទឹកមុខញញឹមថា ចាប់អាជីពនេះជាង ២០ឆ្នាំមកហើយ ក៏បានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃបានយ៉ាងស្រួលនិងផ្គត់ផ្គង់ឲ្យកូនសិក្សាបានគួរសមផងដែរ និង សេសសល់ប្រាក់បន្តិចបន្តួចដើម្បីសន្សំផងដែរ មិនបាច់ចំណាកស្រុកទៅប្រទេសជិតខាងនោះទេ។
ក្រុមប្រជាពលរដ្ឋដាំបន្លែសុវត្ថិភាពបានបន្តទៀតថា មុនដំបូងមានពលរដ្ឋប្រមាណជាង៥ទៅ៦គ្រួសារតែប៉ុណ្ណោះ ដែលចាប់អាជីពដាំបន្លែ ដើម្បីយកទៅលក់ បានប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ ដោយពេលនោះពួកគាត់មិនទាន់ចេះបច្ចេកទេស ឬ ប្រើថ្នាំធម្មជាតិថ្នាំគីមី អ្វីឡើយ ចេះតែដាំទៅបានផលយកទៅលក់មិនបានផងគឺ គឺបោះចោលភាគច្រើនដាំមិនសូវបានផលនោះទេ។
មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានមន្ត្រីជំនាញផ្នែកកសិកម្មចុះណែនាំបង្រៀនបច្ចេកទេសការដាំបន្លែសុវត្ថិភាពប្រើប្រាស់ថ្នាំតាមការកំណត់ ពេលដែលប្រើនិងពេលប្រមូលផលដោយត្រូវតាមការគោការណ៍ កំណត់គឺមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះឡើយ។ ការណែនាំទាំងបច្ចេកទេសរបស់មន្ត្រីជំនាញធ្វើឲ្យប្រជាពលរដ្ឋ បានយល់ដឹង និងមានកំកើនឡើងការដាំដុះបន្លែសុវត្ថិភាពកាន់តែច្រើនក្នុងឆ្នាំ២០១៩នេះ ដីស្រែដែលធ្លាប់តែធ្វើស្រែបែរជាក្លាយជា កន្លែងដាំបន្លែសុវត្ថិភាពសឹងអស់ទៅហើយ។
ពួកគាត់បានបន្ថែមទៀតថា ចំណែកទីផ្សារវិញមិនពិបាកនោះទេ គឺឈ្មួញបានចុះមកទិញដល់កន្លែងតែម្តង យើងគ្រាន់តែរៀបចំ តាមការកុម្ម៉ង់ទិញ របស់ពួកគាត់ជាការស្រេច។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានថ្ងៃប្រាប់ ថាផ្ទៃដីនៅឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលប្រជាពលរដ្ឋដាំបន្លែសុវត្ថិភាព ទាំងរដូវវស្សានិងរដូវប្រាំងនៅលើផ្ទៃដីប្រមាណ ២៩ ទៅ ៣០ហិកតា។ បន្លែដែលដាំនោះ មានបន្លែយកស្លឹក បន្លែយកមើម បន្លែយកផ្លែ ដូចជាស្ពៃចង្កឹះ ស្ពៃតឿ ខាត់ណា ស្ពៃក្រញាញ់ ស្ពៃស ចំណែកបន្លែយកមើមដូចជាសាច់ថាវ និងបន្លែយកផ្លែដូច ជាម្រះ ត្រសក់៘
ប៉ុន្តែនៅរដូវប្រាំងវិញប្រជាពលរដ្ឋបានបង្កើនការដាំដុះបន្លែសុវត្ថិភាពនៅលើផ្ទៃដីធ្វើស្រែបន្ថែមទៀត។ នៅក្នុងស្រុកកញ្ជ្រៀចគឺមិនទាន់មានបន្លែសរីរាង្គនោះទេ ក៏ប៉ុន្តែយើងមានបន្លែសុវត្ថិភាព ដោយក្រុមបច្ចេកទេសរបស់មន្ត្រីកសិកម្ម បានចុះណែនាំទៅដល់ប្រជាកសិករ អោយប្រើថ្នាំកសិកម្មតាមការកំណត់ពេលប្រើនិងប្រមូលផលឲ្យបានច្បាស់លាស់។
លោកបានបន្ថែមទៀតថា មន្ទីរកសិកម្មខេត្តព្រៃវែង បានជំរុញសម្រាប់ក្រុមកែលម្អ និងដើមទុនសម្រាប់បង្វិលជូនកសិករខ្វះខាត ក្រៅពីហ្នឹងក៏មាន វគ្គបណ្ដុះបណ្ដាលបច្ចេកទេសការដាំ និងស្វែងរកទីផ្សារ អ្នកដាំនិងអ្នកទិញរកទីផ្សារជូនកសិករផងដែរ ខាងមន្ទីរបានអញ្ជើញ ឈ្មួញខាងភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ ដើម្បីពិភាក្សា ការកុម្ម៉ង់ទិញបន្លែសុវត្ថិភាព តាមតម្រូវការក្នុងទីផ្សារ។
សូមជម្រាបជូនថា ប្រជាពលរដ្ឋនៅក្នុងភូមិអ្នកតាជ័យ ភូមិត្រពាំងប្រស្រែលិច និង ភូមិត្រពាំងប្រស្រែកើត បានដាំបន្លែធម្មជាតិ គ្មានគីមីគ្រប់ប្រភេទរហូតដល់ទៅ៣០ហិកតាឯណោះ ហើយពួកគាត់សង្ឃឹមថា បងប្អូន នឹងជួយគាំទ្របន្លែរបស់ពួកគាត់ទាំងអស់គ្នា។ បងប្អូនប្រជាកសិករនៅទីនោះក៏សូមអំពាវនាវដល់
អាជ្ញាធរពាក់ព័ន្ធមន្ត្រីជំនាញក្រសួងស្ថាប័នទាំងអស់មេត្តាជួយឲ្យចុះផ្ដល់បច្ចេកទេសក្នុងការដាំដុះបន្ថែមទៀតដើម្បីទទួលបានផលល្អច្រើននិងសូមឲ្យជួយស្វែងរកទីផ្សារដើម្បីឲ្យគាត់ទទួលបាននូវប្រាក់ចំណេញ ពីការដាំបន្លែធម្មជាតិនៅក្នុងស្រុកកញ្ជ្រៀចនេះ ដើម្បីជួយពង្រឹងនិងលើកកម្ពស់សុខភាព ដល់អ្នកហូប ទូទាំងប្រទេសនោះផងដែរ។ប្រភព៖kampucheathmey