គាំទ្រ!!ដំរីដឹកទេសចរ នៅតំបន់អង្គរ នឹងបញ្ឈប់លែងឱ្យដឹកភ្ញៀវ ដោយត្រូវដោះលែងឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិវិញ
ដំរីជាង១០ក្បាល នឹងត្រូវបញ្ឈប់សេវា ដឹកជញ្ជូនភ្ញៀវទេសចរ នៅតំបន់អង្គរ ដើម្បីអោយឱ្យទៅរស់នៅតាមបែបធម្មជាតិ នៅក្នុងព្រៃសហគមន៍វិញ។អាជ្ញាធរជាតិអប្សរា បានអោយដឹងថា សត្វដំរីចំនួន១៤ក្បាលនៅក្នុងតំបន់អង្គរនឹងត្រូវបញ្ឈប់ សេវាដឹកជញ្ជូនភ្ញៀវទេសចរ ដោយត្រូវបញ្ជូនទៅឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃសហគមន៍បុស្សធំស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីរៀបចំឱ្យអ្នកទេសចរទៅទស្សនាសត្វដំរីទាំងនោះនៅក្នុងព្រៃ ធម្មជាតិវិញ។
លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនាថា បន្ទាប់ពីពិនិត្យឃើញថា ការប្រើប្រាស់សត្វដំរីដើម្បីដឹកអ្នកទេសចរណ៍កម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅតាមបែបធម្មជាតិរបស់វា អាជ្ញាធរជាតិអប្សរាក៏បានប្រជុំពិភាក្សាគ្នាជា មួយអ្នកគ្រប់គ្រងដំរីនៅតំបន់អង្គរនេះ ដើម្បីរកដំណោះស្រាយ។
នៅក្នុងកិច្ចប្រជុំនោះអ្នកគ្រប់គ្រងសត្វដំរី និងអាជ្ញាធរជាតិអប្សរាបានឯកភាពគ្នាឱ្យឈប់ការប្រើប្រាស់សត្វដំរី ដើម្បីដឹកអ្នកទេសចរកម្សាន្តនៅត្រឹមឆ្នាំ២០២០។ ហើយបញ្ជូនសត្វដំរីទាំងនោះទៅមណ្ឌលអភិរក្ស និងមជ្ឈមណ្ឌលបង្កាត់ពូជ ដើម្បីឱ្យពួកវារស់នៅតាមបែបធម្មជាតិវិញ។
លោក អ៊ាន គីរី ប្រធានគណៈកម្មាធិការដំរីអង្គរ បានឱ្យដឹងថា សត្វដំរីដែលដឹកអ្នកទេសចរកម្សាន្តនៅតំបន់អង្គរបច្ចុប្បន្ននេះ មានចំនួន១៤ក្បាល ហើយចំពោះព័ត៌មានថា បញ្ឈប់ សេវាកម្មយកសត្វដំរីដឹកអ្នកទេសចរកម្សាន្តនៅតំបន់អង្គរនេះ លោកជាអ្នកគ្រប់គ្រងដំរី និងអនុវត្តទៅតាមការសម្រេចរបស់ក្រុមហ៊ុន និងអាជ្ញាធរជាតិអប្សរា។
លោក ម៉ុង ប៊ុនលីម ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីរកកន្លែងដាក់សត្វដំរីឱ្យរស់នៅក្នុងព្រៃតាមបែបធម្មជាតិវិញខាងក្រុមហ៊ុនគ្រប់គ្រងដំរីនៅតំបន់អង្គរបានទាក់ទងមកខាងរដ្ឋបាលព្រៃឈើ ដើម្បីរកព្រៃណាមួយក្នុងខេត្តសៀមរាប ឱ្យពួកវារស់នៅ។ហើយខាងខណ្ឌរដ្ឋបាលព្រៃឈើបានឯកភាពឱ្យយកសត្វដំរីទាំងនេះ ទៅដាក់នៅក្នុងព្រៃសហគមន៍បុស្សធំ ស្ថិតនៅក្នុងស្រុកសូទ្រនិគមខេត្តសៀមរាប ដែលមានផ្ទៃដី៤០០ហិកតា ។
ប៉ុន្តែកន្លែងសម្រាប់ឱ្យសត្វដំរីរស់នៅមានចំនួន ៤០ហិកតា ដោយធ្វើការផ្លាស់ទីក្នុងមួយឆ្នាំម្តង។ជាមួយគ្នានោះបើសិនការខូចខាតព្រៃឈើ ក្រុមហ៊ុនគ្រប់គ្រងសត្វដំរីនឹងត្រូវដាំដើមឈើអោយសហគមន៍វិញ។
លោកបញ្ជាក់ថា ចំពោះអ្នកទេសចរនៅតែអាចទៅទស្សនាសត្វដំរីនេះបាន ដោយខាងក្រុមហ៊ុន និងរៀបចំកម្មវិធីឱ្យអ្នកទេសចរទៅទស្សនាសត្វដំរីទាំងនេះនៅក្នុងព្រៃ ដោយខាងអ្នកគ្រប់គ្រងដំរី និងបង្ហាត់បង្រៀនពួកវាឱ្យចេះគូរ គំនូរ ឬធ្វើសកម្មភាពផ្សេងៗ ដែលធ្វើឱ្យអ្នកទេសចរចង់ទស្សនាភាពប៉ិនប្រសព្វរបស់ពួកវា៕