ស្អាតម្យ៉ាងដែរតើ!! វិធីដាំដើមទទឹមនៅក្នុងផើងងាយៗ
ដំបូង ត្រូវជ្រើសរើសផ្លែទទឹមដែលទុំ មានរសជាតិឆ្ងាញ់ និងមានគ្រាប់ថ្លោសៗល្អ ដើម្បីទុកពូជសម្រាប់ ដាំដុះ ញែកយកគ្រាប់ពូជ និងលាងសម្អាតគ្រាប់ពូជទាំងនោះ បន្ទាប់មក ខ្ចប់គ្រាប់ពូជទាំងនោះ នៅនឹងក្រដាសឲ្យស្ងួតរយៈពេលប្រមាណ២ទៅ៣ថ្ងៃ ជ្រើសរើសផើងដែលមានទំហំធំល្មម សមស្របទៅតាមទំហំនៃរុក្ខជាតិដែលអ្នកចង់បាន ។ ត្រូវប្រាកដថា ផើងរបស់អ្នកមានប្រព័ន្ធបង្ហូរទឹកត្រឹមត្រូវ ដីដែលមានជីជាតិគ្រប់គ្រាន់ ជាដីកំប៉ុស្ត។
ការដាំដុះ លាកសម្អាតផើងរបស់អ្នក បន្ទាប់មកហាលឲ្យស្ងួតដើម្បីសម្លាប់មេរោគ ចាក់ដីចូលក្នុងផើងរបស់អ្នក រួចយកគ្រាប់ពូជទៅដាំ ដោយកប់ក្នុងជម្រៅ៣សង់ទីម៉ែត្រ និងកប់ដី លុបវិញ ស្រោចទឹកជាប្រចាំ(ត្រូវរក្សាសំណើមដីជានិច្ច) រក្សាទុកផើងនៅទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីឲ្យដើមមានសុខភាព ឆាប់ និងងាយផ្ដល់ផល (រុក្ខជាតិនេះត្រូវការពន្លឺព្រះអាទិត្យច្រើនបំផុត កាលណាវាទទួលបានពន្លឺព្រះអាទិត្យច្រើន នោះវានឹងផ្ដល់ផលជាផ្លែផ្កាបានច្រើនដូចគ្នា) គ្រាប់ពូជនឹងដុះលូតលាស់នៅក្នុងអំឡុងពេល១ទៅ៦សប្ដាហ៍ អាស្រ័យលើពូជ និងអាកាសធាតុ។
ការថែទាំ ទទឹមជារុក្ខជាតិត្រូវការទឹក និងជីច្រើនបំផុត ត្រូវស្រោចស្រពទឹកឲ្យបានទៀងទាត់ តែកុំសើម ឬជោគជាំទឹកពេក នៅក្នុងរដូវរងារ អ្នកគួរតែកាត់បន្ថយការស្រោចទឹក នៅពេលកូនទទឹមរបស់អ្នកធំលូតលាស់ ត្រូវផ្លាស់ប្ដូរផើង ដើម្បីឲ្យសមស្របទៅតាមទំហំដើម (វានឹងបង្កភាពងាយស្រួលដល់ដើមទទឹម ឲ្យបន្តលូតលាស់បានល្អ)
ការដាក់ជីធម្មជាតិ និងលាមកសត្វ កមានអត្ថប្រយោជន៍ដល់ផ្លែទទឹមផងដែរ តែត្រូវចាំថា កុំដាក់ជីច្រើនជ្រុល នោះវានឹងធ្វើឲ្យល្អតែស្លឹក តែពុំសូវបានផលជាផ្លែផ្កាច្រើន កាត់មែកធាងដែលទន់ខ្សោយ ឬងាប់ចេញ និងកាត់ខ្នែង ដើម្បីឲ្យជីជាតិផ្គត់ផ្គង់ទៅដល់មែកធាងដទៃទៀត។
ការប្រមូលផល ការដាំដុះទទឹម តាមរយៈបណ្ដុះគ្រាប់វានឹងផ្ដល់ផលនៅឆ្នាំទី៣ ជាទូទៅ ផ្លែទទឹម នឹងទុំ ក្នុងរយៈពេលពី៣ទៅ៦ខែ បន្ទាប់ពីចេញផ្កា យើងអាចប្រមូលផលទទឹមបាន នៅពេលសំបកផ្លែទទឹមពណ៌ក្រហមខ្លាំង៕អត្ថបទដោយ: អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត