ធ្លាប់ជាសន្តិសុខយាមទ្វារ សម្តែងរឿងបានតែ ២០ដុល្លារ ក្លាយជាតួល្បីមានទ្រព្យ ២០០លានដុល្លារ

សេដ្ឋីរយលានដុល្លារអាមេរិក លោក Vin Diesel គឺជាតារាសម្តែង ជាអ្នកនិពន្ធ ជាអ្នកដឹកនាំរឿង និងជាផលិតផលរឿងដ៏ឥទ្ធិពលមួយរូបក្នុងវិស័យភាពយន្តហូលីវូដ (Hollywood) បានផ្តាស់ប្តូរជីវិតខ្លួនឯងពីសន្តិសុខយាមទ្វានៅក្លឹប (Club) មកជាតារាសម្តែងដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលើលោក និងមានទ្រព្យសរុបប្រមាណជិត២០០លានដុល្លារអាមេរិក។​

Vin Diesel កើតនៅក្នុងឆ្នាំ ១៩៦៧ ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ក្នុងគ្រួសារដែលមានជីវភាពកម្រិតមធ្យម និងមានឱពុកជាគ្រូបង្វឹក និងជានាយកគ្រប់គ្រងមជ្ឈមណ្ឌលសម្តែងរឿងមួយកន្លែង ជាហេតុធ្វើឲ្យ Vin Diesel មានឱកាសចូលរួមសម្តែងរឿងទាំងដែលគាត់ទើបតែមានអាយុបាន៧ឆ្នាំ។

ស្ថិតនៅក្នុងការសម្តែង Vin Diesel តែងតែមានអារម្មណ៍ដិតជាប់ និងគិតថាខ្លួនឯងគឺជាតារាកំពូលម្នាក់ ហើយក្មេងប្រុសម្នាក់នេះ អោបជាប់ក្តីស្រមៃនេះជាប់ជានិច្ច ប៉ុន្តែអ្វីៗមិនងាយស្រួលដូចការគិតឡើយ អាជីពជាតួសម្តែងរបស់ Vin Diesel ទោះជាស្ថិតនៅវ័យជំទង់ហើយក៏ដោយ ក៏នៅមិនទាន់ហុចចេញជាផ្លែផ្កានៅឡើយដែរ។

Vin Diesel បានមានប្រសាសន៍ថា៖ “ថ្លៃឈ្នួលដែលគាត់រកបានពីការសម្តែងនៅគ្រាដំបូង កាលគាត់មានអាយុ៧ឆ្នាំនោះ បានត្រឹមតែ២០ដុល្លារប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យលោកមិនមានសូម្បីតែលទ្ធភាពទិញនំភីហ្សាញ៉ាំដោយខ្លួនឯង។”

ឈានដល់វ័យជំទង់ក្រៅពីការងារសម្តែងនេះ គាត់បានទៅធ្វើការងារជាសន្តិសុខយាមទ្វាចូលនៅក្លឹបមួយកន្លែង ទីនោះហើយជាកន្លែងដែលផ្តល់ឱកាសឲ្យគាត់រៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯង ស្វែងយល់ពីសង្គមខាងក្រៅបានកាន់តែច្រើន ប៉ុន្តែអ្វីដែលគាត់ចៀសមិនផុត គឺការវាយតប់គ្នា ដែលកើតមានឡើងជារៀងរាល់យប់ ហើយតាមប្រសាសន៍របស់គាត់ គាត់បានធ្វើការងារនៅទីនោះប្រមាណជិត១០ឆ្នាំ និងបានវាយតបគ្នាមិនតិចជាង ៥០០លើកឡើយ។

នៅចុងបញ្ចប់ គាត់ក៏បានសម្រេចចិត្តបោះបង់ការសិក្សានៅមហាវិទ្យាល័យចោល ដើម្បីបន្តសម្រេចក្តីស្រមៃជាតារាសម្តែងហូលីវូដ ប៉ុន្តែនៅពេលដែលលោកបោះជំហានចូលក្នុងហូលីវូដពេញទី ទើបលោកដឹងថា សមត្ថភាពសម្តែងរបស់លោកនៅមានកម្រិត ពិសេសគ្មានឈុតឆាក និងតួណាមួយតែសមនឹងលោកឡើយ។

គាត់បានប្រសាសន៍ថា៖ “ខណៈពេលគាត់កំពុងព្យាយាមបោះជំហានចូលក្នុងហូលីវូដ គាត់ត្រូវបង្ខំចិត្តគេងនៅលើសាឡុងអង្គុយ និងបានត្រឹមតែធ្វើការងារកំប៉ិកកំប៉ុកប៉ុណ្ណោះ ព្រោះគ្មានតួរ និងឈុតសម្តែងណាមួយសាកសមនឹងលោកឡើយ។”
ដោយអស់សង្ឃឹមនឹងការងារសម្តែង គាត់ក៏សម្រេចចិត្តចេញទៅទីក្រុង New York រស់នៅជួបជុំម្តាយវិញជាមួយនឹងក្តីឈឺចាប់ ដែលមិនសមបំណង ប៉ុន្តែនៅថ្ងៃមួយម្តាយរបស់គាត់បានប្រគល់សៀវភៅមួយក្បាលដល់គាត់ សៀវភៅនោះហើយដែលបានបើកផ្លូវឲ្យគាត់ស្វែងរកក្តីស្រមៃម្តងទៀត។ សៀវភៅនោះគឺជាសៀវភៅដែលប្រាប់ពីរបៀបក្នុងការផលិតរឿងខ្លី។

ក្រោយមើលសៀវភៅមួយក្បាលនោះចប់ តារាសម្តែងកម្ពស់ ១ម៉ែត្រ៨០សង់ទីម៉ែត្រជាងរូបនេះ ក៏សម្រេចចិត្តថានឹងផលិតរឿងខ្លីដោយខ្លួនឯង ស្របពេលជាមួយគ្នា រឿងដែលគាត់ត្រូវដោះស្រាយធំបំផុត គឺការរកលុយដើម្បីផលិតរឿង។

ដោយសារតែបញ្ហានេះ Vin Diesel បានខិតខំធ្វើការងារនៅក្រុមហ៊ុន Telemarketing Company និងព្យាយាមរៀបសាច់រឿង តួសម្តែង ព្រមជាមួយនឹងការងារផ្សេងទៀតដោយខ្លួនឯង ធ្វើឲ្យគាត់គេងបានតែតិចតួចប៉ុណ្ណោះក្នុងមួយយប់ៗ និងចាប់ផ្តើមមានភាពតឹងតែងក្នុងអារម្មណ៍កាន់តែច្រើនឡើងៗ ព្រោះតែក្តីស្រមៃមួយនេះ។

ទីបំផុត ការព្យាយាមយ៉ាងខ្លាំងក្លាបានផ្តល់ឱកាសឲ្យគាត់បានបញ្ចេញនូវសមត្ថភាពពិត នៅក្រោយពេលដែលគាត់បានប្រមូលលុយគ្រប់គ្រាន់សម្រាប់ការផលិតរឿងខ្លីជាលើកដំបូង Multi-Facial នៅអំឡុងឆ្នាំ ១៩៩៥ ហើយវាក៏ជាការបើកទំព័រថ្មីមួយដែលទទួលបានពីភាពជោគជ័យនៃរឿងដំបូងនេះដែរ។

បន្ទាប់ពីទទួលបានជោគជ័យខ្លាំងចំពោះរឿងខ្លីទីមួយនេះ លោកក៏បន្តផលិតផលផ្សេងទៀតជាបន្តបន្ទាប់ ប៉ុន្តែពុំសូវទទួលបានការគាំទ្រច្រើនប៉ុន្មាននោះទេ រហូតដល់ការផលិតរឿង Fast and Furious ជាលើកដំបូងនៅអំឡុងឆ្នាំ២០០១។

រឿង Fast and Furious របស់ Vin Diesel ចាប់ផ្តើមថតចេញជាភាគបន្តបន្ទាប់គ្នា ដោយសារតែរឿងនេះទទួលបានការគាំទ្រច្រើនជាងការរំពឹងទុក ពិសេសគឺរឿង Fast and Furious 5 6 7 និង 8ដែលបានផលិតបន្តបន្ទាប់គ្នាពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៧ ហើយសម្រាប់រឿង Fast and Furious 9 គ្រោងនឹងបញ្ចប់ការផលិតនៅត្រឹមឆ្នាំ២០២០ខាងមុននេះ។

រឿង Fast and Furious រកចំណូលបានប្រមាណជាង ៧ពាន់លានដុល្លារអាមេរិក និងបានធ្វើឲ្យ Vin Diesel ដែលជាតួសម្តែង និងជាអ្នកដឹកនាំរឿងនេះផ្ទាល់ ក្លាយជាសេដ្ឋីរយលានដុល្លារអាមេរិក និងមានតម្លៃខ្លួនសម្តែងខ្ពស់បំផុតលើលោកកាលពីឆ្នាំ២០១៦។Vin Diesel៖ “កុំចំណាយពេលឥតប្រយោជន៍រងចាំពេលវេលាល្អឥតខ្ចោះ ទើបចាប់ផ្តើម ជ្រើសរើសពេលវេលាដ៏ត្រឹមត្រូវដើម្បីចាប់ផ្តើម ហើយធ្វើវាឲ្យល្អឥតខ្ចោះ។”ប្រភព៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *