ប្រជាជន​ខ្មែរដឹងគុណជានិច្ច!! ​ចំពោះ​ការលះបង់​យ៉ាង​ធំធេង ​ចំពោះ​កុមារ​កម្ពុជា​របស់​ជន​បរទេស២ រូបនេះ

ភាពល្បីល្បាញ​របស់​ជនបរទេស​មួយចំនួន ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត និង ​ទ្រព្យសម្បត្តិ ជួយ​ដល់​ប្រជាជន​កម្ពុជា​។ ក្នុងចំណោម​អ្នក​ទាំងនោះ សូម​លើកយក​ជនបរទេសចំនួន ២ រូប ដែលមាន​ភាពលេច​ធ្លោ​ជាងគេ ក្នុង​ការជួយ​ដល់​ប្រជាជន​ខ្មែរ និង ​សង្គម​ខ្មែរ ។​ប្រជាជន​ខ្មែរ​មានការ​ចងចាំ​មិន​ភ្លេច ​ចំពោះ​ការលះបង់​យ៉ាង​ធំធេង ​ចំពោះ​កុមារ​កម្ពុជា​របស់​ជន​បរទេស ២ រូប ។​​ការលះបង់​ទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ ពេលវេលា កម្លាំងកាយ និង ​កម្លាំងចិត្ត​ពី​សំណាក់​ជនជាតិ​ដទៃ មកកាន់​ប្រជាជន​កម្ពុជា​គឺជា​រឿង​គួរឱ្យ​ស្ងប់​ស្ងែ​ង​បំផុត រក​អ្វី​ប្រៀបផ្ទឹម​មិនបានឡើយ ​។ ជនបរទេស ២ រូប ដែល​ធ្លាប់​លះបង់​យ៉ាង​ធំធេង​ចំពោះប្រជាជនកម្ពុជា ដោយ​ចេញពី​ក្ដី​ស្រឡាញ់ និង​ មនោសញ្ចេតនា ​ដ៏​ជ្រាលជ្រៅ​មិនអាច​កាត់ថ្លៃ​បាន ។

១) លោក​វេជ្ជបណ្ឌិត បេ​អាត វិច​ន័​រ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​លោក​វេជ្ជបណ្ឌិត Beat Richner បានទទួល​មរណៈភាព​ដោយសារ​ជំងឺ​ក្នុង​វ័យ ៧១ ឆ្នាំ នៅក្នុង​ទីក្រុង Zurich នៃ​ប្រទេស​ស្វី​ស នៅ​ម៉ោង ២ និង ៤៥ នាទី​ថ្ងៃទី ៩ ខែកញ្ញា ២០១៨ ។​ ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយយស «​មហា​ក​ណ្ឋា​ភណ្ឌ​ឯករាជ​ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​» ជូន​សព​លោក វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​កិ​ច្ចប​ច្ឆា​មរណៈ ដើម្បី​ជា​កិច្ច​តបគុណ​ដ៏​ធំធេង​ជូនលោក​វេជ្ជបណ្ឌិត Beat Richner ដែលមាន​មកលើ​កុមារ​កម្ពុជា ។​

​គ្រឿង​ឥស្សរិយយស មហា​ក​ណ្ឋា​ភណ្ឌ​ឯករាជ​ជាតិ ព្រះរាជាណាចក្រ​កម្ពុជា ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត​ សម្រាប់​ព្រះមហាក្សត្រ​ទ្រង់​គ្រង និង ​ព្រះរាជទាន​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋ​បណ្តា​ប្រទេស ផ្សេងៗ ។​​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ បន្ទាប់ពី​ទទួលបាន​បរិញ្ញាបត្រ​វេជ្ជសាស្ត្រ ក្នុង​ឆ្នាំ ១៩៧៣ ធ្វើជា​អ្នក ឯកទេស​ថែទាំ​កុមារ​នៅឯ​មន្ទីរពេទ្យ​កុមារ​នៅ​ហ្ស៉ូ​រ៉ិ​ច ប្រទេស​ស្វ៊ី​ស​រួចមក​លោក​ក៏បាន​ធ្វើ​ការឱ្យកាកបាទក្រហម​ស្វី​ស និង ត្រូវបាន​បញ្ជូនមក​ប្រទេស​កម្ពុជា​ ជាទី​ដែល​លោក​បានធ្វើការ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា​នៅទីក្រុង​ភ្នំពេញ​ចន្លោះពី​ឆ្នាំ ១៩៧៤ និង​ ឆ្នាំ ១៩៧៥ ។​

គួរ​ឱ្យ​សោកស្ដាយ ក្នុង​ឆ្នាំ ១៩៧៥ ខ្មែរក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវបាន​បង្ខំ​ឱ្យ​ចាក ចេញទៅ​ប្រទេស​ស្វី​ស​វិញ ​ហើយ​ក៏បាន​បន្តការងារ​របស់លោក​នៅ​ទីក្រុង​ហ្ស៉ូ​រ៉ិ​ច ។​​ក្នុង​ឆ្នាំ ១៩៩២ លោក​វេជ្ជបណ្ឌិត​បាន​ត្រលប់មក​កម្ពុជា​និង​បានឃើញ​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។​ដោយសារ​ហេតុផល​ចង់ឃើញ​មន្ទីរពេទ្យ​នេះ​ដំណើរការ​ឡើងវិញ​លោក​ក៏​បើក​ និង ​សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ ​នៅពេលនោះ ។​​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​សាខា​ចំនួន ៤ នៅ​រាជធានី​ភ្នំពេញ ​និង ​មួយ​នៅ​ខេត្តសៀមរាប ដែល​បាន​បង្កើត ឡើង​ដោយ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ​ ។ ក្នុងនោះ​រួមមាន​៖​គន្ធបុប្ផា​ទី​១ កសាង​នៅ​ឆ្នាំ​១៩៩២ ​គន្ធបុប្ផា​ទី​២ កសាង​នៅ​ឆ្នាំ​១៩៩៦ ​គន្ធបុប្ផា​ទី​៣ កសាង​នៅ​ឆ្នាំ​២០០៥ ​គន្ធបុប្ផា​ទី​៤ កសាង​នៅ​ឆ្នាំ​២០០៧ ​ចំណែក​នៅ​ខេត្តសៀមរាប លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច្ឆ​ន័​រ បាន​កសាង​មន្ទីរពេទ្យ ជយ​វរ្ម័ន ទី​៧ ក្នុង​ឆ្នាំ​១៩៩៩ ។​

២) លោក Scott Neeson ស្ថាបនិក​អង្គការ​(CCF) ​លោក ស្កុ​ត​នី​សិន (Scott Neeson) គឺជា​ស្ថាបនិក នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា រឺ Cambodian Children’s Fund (CCF) បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៤ មកម្ល៉េះ​។ លោក​បាន​លក់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជាច្រើន និង ខិតខំ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​នានា​ក្នុង​គោលដៅ​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​រស់នៅក្នុងតំបន់​គំនរ​សំរាម​ស្ទឹងមានជ័យ​ឱ្យ​ទទួលបាន​ការអប់រំ និង រស់នៅក្នុង​ជីវិត​ថ្មី​មួយ​ផ្សេងទៀត ។​
 ​លោក ស្កុ​ត​នី​សិន​បានកើត​នៅក្នុង​តំបន់​មួយ​នៃ​ប្រទេស​ស្កុ​តឡែ​ន ស្ថិតក្នុង​ចក្រភព​អង់គ្លេស ហើយ​គ្រួសារ​របស់លោក​បាន​ផ្លាស់​ទី​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​តាំងពី​លោក​មាន​អាយុ ៥ ឆ្នាំ​ម្ល៉េះ ។ ពេល​វ័យ​ជំទង់ លោក​បាន​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន​ភាពយន្ត រហូត​លោក​អាច​ក្លាយខ្លួនជា​ប្រធាន​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​ហូលីវូដ (20 Century Fox International) ទៀតផង ។​​អំឡុង​ឆ្នាំ ២០០៣ គឺជា​ពេលដែល​លោក​បាន​ធ្វើដំណើរ​កម្សាន្ត​មកកាន់​ប្រទេស​កម្ពុជា​។ លោក​បាន​ទៅ​ខេត្តសៀមរាប សារមន្ទីរ​ទួលស្លែង និង តំបន់​ទេសចរណ៍​សំខាន់ៗ​មួយចំនួន​ផងដែរ ។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឱ្យលោក​ចងចាំ​មិន​ភ្លេច រហូត​ឈានដល់​ការកែប្រែ​ខ្សែជីវិត​របស់លោក​ទាំង​ស្រុង​នោះ​គឺ គ្រាមួយ ដែល​លោក​បាន​ទៅ​ទីលាន​ចាក់សំរាម​នៅ​តំបន់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ។​

​ពេលទៅដល់​ទីនោះ លោក​មាន​អារម្មណ៍​សង្វេគ​ជាខ្លាំង​នៅពេលដែល លោក​បានឃើញ​កុមារ​តូចៗ និង មនុស្ស​ជាច្រើន​រស់នៅ​ទីនោះ​ ពោរពេញ​ដោយ​ការលំបាក ខ្វះ​អនាម័យ និង រស់នៅក្នុង​បរិស្ថាន​ដ៏​អាក្រក់​បំផុត​។ ព្រឹត្តិការណ៍​នេះ​បានធ្វើឱ្យ​លោក​គិតថា លោក​ត្រូវតែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជួយ​ដល់​ពួកគេ​។ ហេតុនេះហើយ ទើប​នៅ​ឆ្នាំ ២០០៤ លោក​បានសម្រេច​ចិត្ត​លាឈប់​ពី​ការងារ ។ បន្ទាប់មក​លោក​បាន​ល​ក់​ផ្ទះ លក់​រថយន្ត លក់​កប៉ាល់​ទេសចរណ៍​ផ្ទាល់ខ្លួន និង ទ្រព្យសម្បត្តិ​មួយចំនួនទៀត ដើម្បី​យកលុយ​មក​បើក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ជំនួស​វិញ ។​

​បេសកកម្ម​របស់លោក​គឺ​ធ្វើយ៉ាងណា ដើម្បី​ឱ្យ​កុមារ​ទាំងនោះ​ទទួលបាន​ការអប់រំ​ក្នុង​កម្រិត​មួយ​ខ្ពស់ និង ការជួយ​ដល់​គ្រួសារ​ក្រីក្រ​របស់​ពួកគេ​ឱ្យមាន​ចំណីអាហារ​បរិភោគ ព្រមទាំង​មាន​កន្លែង​ស្នាក់នៅ​សមរម្យ​ទៀតផង​។ ជា​លទ្ធផល ជាង ១៣ ឆ្នាំ​មកនេះ អង្គការ​របស់លោក​បាន​ជួយ​ដល់​កុមារ​តាំងពី ៤៥ នាក់​ដំបូង​រហូត កើនឡើង​ដល់​ជាង ២០០០ នាក់ ។ លើសពីនេះ​ទៀត អង្គការ​ក៏បាន​ជួយ​ដល់​គ្រួសារ​របស់​ពួកគេ​ផងដែរ​តាមរយៈ​ការសាងសង់​ផ្ទះ​ជាង ៤០០ ខ្នង និង ការជួយ​ផ្គត់ផ្គង់​អាហារ​មួយចំនួន​ផងដែរ ។ ហើយ​គម្រោង​ថ្មី​មួយ ​ដែល​លោក​ទើបតែ​ទទួលបាន​ជោគជ័យ​នោះ គឺ​ការដាក់​ឱ្យប្រើប្រាស់​នូវ​សាលារៀន នី​សិន​គ្រីប​អា​ខា​ដឺ​មី សម្រាប់​បណ្ដុះបណ្ដាល​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា​ដល់​កុមារ​ក្រីក្រ​រស់​នៅលើ​គំនរ​សំរាម​ទាំងនោះ ។​

Leave a Reply

Your email address will not be published. Required fields are marked *